របាំត្រុដិ គឺជារបាំមួយប្រភេទដែលគេតែងតែសម្តែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារបាំប្រពៃណីមួយបែបដែលគេធ្វើឡើងដើម្បីប្រសិទ្ធិនូវសព្ទសាធុកាពរជូនដល់អ្នកស្រុកក្នុងឱកាសឆ្នាំថ្មី។

មានដើមកំណើតនៅតំបន់មួយចំនួនដូចជា ខេត្តសៀមរាបនិងបាត់ដំបងតាំងពីសម័យបុរាណ។ពាក្យ «ត្រុដិ»ជាពាក្យមានដើមមកពីភាសាសំស្រ្កឹតប្រែថាផ្តាច់ឬកាត់ផ្ដាច់គឺសំដៅដល់ការផ្តាច់ឆ្នាំឬការកាត់ផ្ដាច់ឆ្នាំចាស់ចូលទៅក្នុងឆ្នាំថ្មីនិងមានជាប់នាមព្រះរាជពិធីមួយហៅថា«ត្រស្តិសង្ក្រាន្ត»។គេសម្ដែងរបាំត្រុដិនេះគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឬប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋានឬការិយាល័យផ្សេងៗឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។គោលបំណងនៃការសម្ដែងរបាំនេះគឺដូចទៅនឹងម៉ុងសាយរបស់ជនជាតិចិនដែរ។ក្នុងពិធីបុណ្យចូលឆ្នាំថ្មីគេប្រសិទ្ធពរជ័យសម្រាប់ឆ្នាំថ្មីដែលចូលមកដល់ដោយសេចក្តីសប្បាយរីករាយ។ផ្ទុយទៅវិញការដែលមិនចូលរួមអបអរសាទរនូវរបាំនេះដោយប្រការណាមួយអាចនាំមកនូវក្ដីទុក្ខសោកពុំខាន។ម្យ៉ាងទៀតគេលេងរបាំត្រុដិនៅពេលដែលមានសត្វព្រៃដូចជាត្រកួត ប្រើស ឈ្លួស ពស់ ចូលក្នុងភូមិដែលចាត់ទុកជាប្រផ្នូរមិនល្អទើបគេបណ្តេញឱ្យចេញពីស្រុកភូមិនូវរាល់ឧបទ្រពចង្រៃផងដែរ។តួរអង្គរបាំត្រុដិមានតួសម្ដែងច្រើនគ្នាដូចជា តួសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង ហែរហមកំដរដោយក្រុមអ្នកវាយស្គរដៃក្រុមអ្នកបុកកញ្ជែះដែលមានចងចង្ក្រង់នារីអ្នកកាន់ឈើក្បាច់ក្បាលនាគចងដោយថង់ក្រណាត់និងបុរសអ្នកច្រៀងគោលដឹកនាំក្រុមរបាំហើយច្រៀងបន្ទរដោយក្រុមអ្នកសម្ដែងទាំងអស់គ្នាទៅតាមចង្វាក់តាមវគ្គឃ្លានៃចម្រៀងខណៈពាក្យពេចន៍ចម្រៀងមានភាពខុសគ្នាបន្តិចបន្តួចទៅតាមក្រុមសម្ដែងនីមួយៗ។របាំនេះផងដែលគឺមានអត្ថន័យផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្សគ្រប់រូបនិងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ។ម្យ៉ាងទៀតលក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជនក្រោមរូបភាពសត្វប្រើស ឬ ក្ងោកដែលឆ្លុះបញ្ចាំងនូវការឯកភាពផ្នែកជំនឿសាសនា ៕

 

 

អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា