[West Bank]៖ ក្មេងជំទង់ប៉ាឡេស្ទីនពីរនាក់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធ ក្នុងហេតុការណ៍ប៉ះទង្គិចមួយនៅភូមិរបស់ពួកគេ ក្នុងតំបន់ West Bank ដែលស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល។ ហេតុការណ៍នេះត្រូវបានរាយការណ៍ថាពាក់ព័ន្ធនឹងអ្នកតាំងទីលំនៅជនជាតិអ៊ីស្រាអែល និងកងកម្លាំងអ៊ីស្រាអែល ខណៈភាពតានតឹងនៅក្នុងតំបន់កំពុងកើនឡើង។
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា ជនរងគ្រោះទាំងពីរមានអាយុ ១៦ឆ្នាំ និង ១៩ឆ្នាំ។ មន្ត្រីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA ថា ពួកគេត្រូវបានសម្លាប់នៅក្នុងភូមិ al-Mughayyir ស្ថិតនៅក្បែរទីក្រុង Ramallah។ តាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល កងកម្លាំងរបស់ខ្លួនបានចូលទៅក្នុងភូមិ al-Mughayyir ដើម្បីផ្តល់សន្តិសុខដល់មន្ត្រីប៉ូលិស និងជនស៊ីវិលអ៊ីស្រាអែល ដែលចូលទៅក្នុងតំបន់ ដើម្បីយកសត្វចិញ្ចឹមត្រឡប់មកវិញ។

យោធាអ៊ីស្រាអែលបានអះអាងថា កងទ័ពបានបាញ់ទៅលើអ្នកដែលខ្លួនចាត់ទុកថាជា «អ្នកញុះញង់ដ៏សំខាន់» ក្នុងអំឡុងពេលមានការរំខាន ដែលខ្លួនពណ៌នាថាមានលក្ខណៈអហិង្សា ប៉ុន្តែមានការគប់ដុំថ្មទៅលើកងកម្លាំង។ យោធាបានបន្ថែមថា ហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។
ការស្លាប់របស់ក្មេងជំទង់ទាំងពីរបានកើតឡើង ខណៈអំពើហិង្សារវាងប្រជាជនប៉ាឡេស្ទីន អ្នកតាំងទីលំនៅជនជាតិអ៊ីស្រាអែល និងកងកម្លាំងសន្តិសុខអ៊ីស្រាអែល កំពុងកើនឡើងនៅទូទាំង West Bank។ ភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានការឡោមព័ទ្ធភូមិ Qusra ដោយអ្នកតាំងទីលំនៅកាលពីខែសីហា ដែលបានបង្កឱ្យមានការថ្កោលទោសពីសហគមន៍អន្តរជាតិ និងបង្កើនការព្រួយបារម្ភអំពីសន្តិសុខរបស់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជំរុញការពង្រីកការតាំងទីលំនៅនៅ West Bank យ៉ាងឆាប់រហ័ស។ ទឹកដីនេះត្រូវបានអ៊ីស្រាអែលដណ្តើមបានក្នុងសង្គ្រាមឆ្នាំ ១៩៦៧ ហើយចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបង្កើតការតាំងទីលំនៅ និងប៉ុស្តិ៍តាំងទីលំនៅថ្មីៗជាច្រើននៅក្នុងតំបន់។

ក្រុមសិទ្ធិមនុស្សបានលើកឡើងថា ការកើនឡើងនៃវត្តមានអ្នកតាំងទីលំនៅនៅតាមជាយភូមិប៉ាឡេស្ទីន ដូចជា Qusra គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់អ្នកតាំងទីលំនៅមួយចំនួន ដើម្បីពង្រីកការគ្រប់គ្រងលើដី និងរុញចូលទៅក្នុងតំបន់ដែលប្រជាជនប៉ាឡេស្ទីនចង់បង្កើតជារដ្ឋនាពេលអនាគត។
ហេតុការណ៍ចុងក្រោយនេះបានបន្ថែមសម្ពាធលើស្ថានការណ៍សន្តិសុខនៅ West Bank ខណៈការប្រឈមមុខគ្នា និងអំពើហិង្សានៅក្នុងតំបន់នៅតែបន្តបង្កការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្រជាជនស៊ីវិល និងអនាគតនៃដំណោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters