[ដាណឺម៉ាក]៖ ដាណឺម៉ាកបានដាក់ពង្រាយក្រុមទាហានទៅកាន់កោះ Greenland ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ខណៈទីក្រុង Copenhagen កំពុងពង្រឹងវត្តមានយោធារបស់ខ្លួននៅតំបន់អាក់ទិក ចំពេលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់កាន់តែខ្លាំងឡើង។ ការដាក់ពង្រាយទាហាននេះកើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហាញបំណងជាបន្តបន្ទាប់ក្នុងការទទួលបានកោះ Greenland ដែលជាដែនដីស្វយ័តក្រោមព្រះរាជាណាចក្រដាណឺម៉ាក។ លោក Trump បានលើកឡើងពីហេតុផលសន្តិសុខជាតិ និងបានរិះគន់ទីក្រុង Copenhagen ថាមិនបានយកចិត្តទុកដាក់គ្រប់គ្រាន់ចំពោះការការពារតំបន់អាក់ទិក។ ទោះជាយ៉ាងណា ទាំងដាណឺម៉ាក និង Greenland បានបដិសេធយ៉ាងច្បាស់លាស់ចំពោះគំនិតដែលសហរដ្ឋអាមេរិកចង់កាន់កាប់កោះនេះ។

ក្រុមទាហានដែលត្រូវបានបញ្ជូនទៅ Greenland គឺជាផ្នែកមួយនៃក្រុមដំបូងក្រោមកម្មវិធីកេណ្ឌទាហានបន្ថែមថ្មីរបស់ដាណឺម៉ាក។ កម្មវិធីនេះមានគោលបំណងបណ្តុះបណ្តាលកម្លាំងយោធាដែលអាចបំពេញបេសកកម្មនៅក្នុងតំបន់អាក់ទិក ដែលត្រូវបានចាត់ទុកថាជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ និងមានលក្ខខណ្ឌប្រឈមខ្លាំងសម្រាប់កងទ័ព។
ទាហានវ័យក្មេងម្នាក់ឈ្មោះ David អាយុ១៩ឆ្នាំ បានប្រាប់ Reuters ថា វត្តមានរបស់ពួកគេនៅ Greenland គឺជាសារបង្ហាញថា ដាណឺម៉ាកកំពុងយកចិត្តទុកដាក់ចំពោះតំបន់នេះ និងប្រជាជនដែលរស់នៅលើកោះ Greenland មិនមែនគិតតែពីផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះទេ។
ក្នុងពេលជាមួយគ្នា ទីក្រុង Copenhagen បានសន្យាបង្កើនការចំណាយរាប់ពាន់លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពការពារជាតិនៅតំបន់អាក់ទិក។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិដាណឺម៉ាកបានទទួលស្គាល់ថា ប្រទេសនេះបានវិនិយោគមិនគ្រប់គ្រាន់ក្នុងការការពារតំបន់អាក់ទិកអស់រយៈពេលជាច្រើនឆ្នាំ។ មេបញ្ជាការ Laura Jepsen បានពន្យល់ថា ការដាក់ពង្រាយទាហានទៅ Greenland គឺជាផ្នែកមួយនៃបរិបទយុទ្ធសាស្ត្រធំជុំវិញកោះនេះ ប៉ុន្តែតួនាទីសំខាន់របស់ក្រុមទាហាន គឺបន្តការហ្វឹកហាត់ និងទទួលបានបទពិសោធន៍ក្នុងការធ្វើប្រតិបត្តិការក្រោមលក្ខខណ្ឌដី និងអាកាសធាតុដ៏ត្រជាក់ខ្លាំងរបស់តំបន់អាក់ទិក។

ក្រុមទាហានកំពុងចូលរួមក្នុងសមយុទ្ធ Arctic Endurance ដែលជាការហ្វឹកហាត់យោធារបស់ដាណឺម៉ាក ដើម្បីរៀបចំកងទ័ពឱ្យមានសមត្ថភាពប្រយុទ្ធ និងរស់រានមានជីវិតក្នុងបរិយាកាសត្រជាក់ខ្លាំង។
សមយុទ្ធនេះក៏ជាផ្នែកមួយនៃបេសកកម្ម Arctic Sentry របស់អង្គការណាតូ ដែលបានចាប់ផ្តើមនៅឆ្នាំនេះ ដើម្បីពង្រឹងវត្តមានរបស់សម្ព័ន្ធមិត្តនៅតំបន់អាក់ទិក និងឆ្លើយតបទៅនឹងការកើនឡើងនៃក្តីបារម្ភផ្នែកសន្តិសុខនៅក្នុងតំបន់។ ការបង្កើនវត្តមានយោធារបស់ណាតូនៅអាក់ទិកបានបង្កការព្រួយបារម្ភពីប្រទេសរុស្ស៊ី ដែលមានវត្តមានយោធាធំជាងគេនៅក្នុងតំបន់។
ទីក្រុងមូស្គូបានរិះគន់សកម្មភាពយោធារបស់ណាតូ ដោយចាត់ទុកថាជាការគំរាមកំហែងផ្នែកសន្តិសុខដោយផ្ទាល់ និងអាចបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នារវាងភាគីទាំងពីរ។ ចំណែកប្រទេសចិនក៏បានបង្កើនសកម្មភាពរបស់ខ្លួននៅតំបន់អាក់ទិក ជាពិសេសនៅក្នុងតំបន់ដែលសម្បូរទៅដោយធនធានរ៉ែ ដោយក្នុងករណីជាច្រើនធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសរុស្ស៊ី។ នៅភាគខាងជើងនៃរង្វង់អាក់ទិក ទាហានដាណឺម៉ាកបានធ្វើដំណើរឆ្លងកាត់ទេសភាពដ៏ធំទូលាយ ដែលមានថ្ម និងដីទំនេរ ដោយស្ទើរតែគ្មានដើមឈើ។ បរិយាកាសដ៏លំបាកនេះត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃការហ្វឹកហាត់ ដើម្បីឱ្យទាហានអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌធម្មជាតិដ៏ស្មុគស្មាញ។
លោក Anton អាយុ២២ឆ្នាំ ដែលជាសមាជិកម្នាក់ក្នុងចំណោមក្រុមទាហាន បាននិយាយថា វត្តមានរបស់កងទ័ពដាណឺម៉ាកនៅ Greenland ផ្ញើសារថា ដាណឺម៉ាកកំពុងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនានាដែលអាចកើតឡើងនាពេលអនាគត។ ការពង្រឹងវត្តមានយោធារបស់ដាណឺម៉ាក និងណាតូនៅ Greenland បង្ហាញថា តំបន់អាក់ទិកកំពុងក្លាយជាចំណុចប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែសំខាន់ ខណៈមហាអំណាចជាច្រើនកំពុងផ្តោតការយកចិត្តទុកដាក់លើសន្តិសុខ ធនធានធម្មជាតិ និងទីតាំងភូមិសាស្ត្រដ៏សំខាន់របស់តំបន់នេះ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters