[ហុងកុង]៖ សកម្មជនប្រជាធិបតេយ្យហុងកុងដ៏ល្បីឈ្មោះ លោក Joshua Wong បានសារភាពកំហុសចំពោះការចោទប្រកាន់ពីបទឃុបឃិតជាមួយបរទេស ដែលជាបទល្មើសក្រោមច្បាប់សន្តិសុខជាតិហុងកុង និងអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ លោក Wong ដែលមានអាយុ២៩ឆ្នាំ បានល្បីល្បាញលើឆាកអន្តរជាតិក្នុងនាមជាសកម្មជនប្រជាធិបតេយ្យវ័យក្មេងម្នាក់នៅហុងកុង។ លោកគឺជាយុវជនម្នាក់ក្នុងចំណោមសកម្មជនជាច្រើន ដែលការតវ៉ា និងសកម្មភាពនយោបាយរបស់ពួកគេត្រូវបានរឹតត្បិតយ៉ាងខ្លាំង បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ចេញច្បាប់សន្តិសុខជាតិដ៏ទូលំទូលាយសម្រាប់ហុងកុងក្នុងឆ្នាំ២០២០។
នៅក្នុងសវនាការនៅតុលាការជាន់ខ្ពស់ហុងកុង លោក Wong បានបង្ហាញខ្លួនក្នុងអាវពណ៌ខៀវងងឹត និងពាក់វ៉ែនតាមានគែមខ្មៅ។ លោកបានគ្រវីក្បាលទៅកាន់មនុស្សនៅក្នុងបន្ទប់សវនាការ ហើយនៅពេលខ្លះបានដកដង្ហើមយ៉ាងជ្រៅ មុនពេលសារភាពកំហុសចំពោះការចោទប្រកាន់។ សវនាការនេះត្រូវបានដឹកនាំដោយចៅក្រមសន្តិសុខជាតិ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលហុងកុង។ អ្នកការទូតលោកខាងលិចជាច្រើននាក់ក៏បានចូលរួមតាមដានសវនាការនេះផងដែរ ខណៈសំណុំរឿងរបស់លោក Wong កំពុងទទួលបានការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ជាពិសេសក្រុមសិទ្ធិមនុស្ស និងប្រទេសលោកខាងលិចមួយចំនួន។

យោងតាមការចោទប្រកាន់ដែល Reuters បានឃើញ លោក Wong ត្រូវបានចោទថា បានឃុបឃិតជាមួយសកម្មជនដែលកំពុងរស់នៅនិរទេស លោក Nathan Law និងអ្នកដទៃទៀត ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលបរទេស ស្ថាប័ន អង្គការ ឬបុគ្គលនៅក្រៅប្រទេសចិន ដាក់ទណ្ឌកម្ម ឬវិធានការរឹតត្បិតផ្សេងៗប្រឆាំងនឹងហុងកុង និងចិន។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា សកម្មភាពដែលត្រូវបានចោទប្រកាន់ រួមមានការធ្វើយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ និងយុទ្ធនាការនយោបាយតាមរយៈ Demosisto ដែលជាគណបក្សនយោបាយមួយដែលត្រូវបានរំលាយទៅហើយ។ គណបក្សនេះធ្លាប់គាំទ្រការធ្វើប្រជាមតិស្តីពីអធិបតេយ្យភាពរបស់ហុងកុង និងមានលោក Wong ជាមេដឹកនាំម្នាក់។ តាមការចោទប្រកាន់ សកម្មភាពទាំងនេះបានកើតឡើងក្នុងឆ្នាំ២០២០ ចន្លោះថ្ងៃទី១ ខែកក្កដា និងថ្ងៃទី២៣ ខែវិច្ឆិកា ដោយមានគោលដៅជំរុញឱ្យមានការដាក់ទណ្ឌកម្មប្រឆាំងនឹងហុងកុង និងចិន។ បច្ចុប្បន្ន លោក Wong កំពុងជាប់ពន្ធនាគាររួចហើយ ពាក់ព័ន្ធនឹងសំណុំរឿងសន្តិសុខជាតិមួយផ្សេងទៀត ដែលលោកត្រូវបានផ្តន្ទាទោសពីបទសមគំនិតប្រព្រឹត្តអំពើវិទ្ធង្សនា។ ករណីនេះពាក់ព័ន្ធនឹងការចូលរួមរបស់លោកក្នុងការបោះឆ្នោតបឋមក្រៅផ្លូវការរបស់ក្រុមប្រជាធិបតេយ្យនៅឆ្នាំ២០២០។ ការកាត់ទោសបច្ចុប្បន្នរបស់លោកគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។

សំណុំរឿងរបស់លោក Wong កើតឡើងក្នុងបរិបទដែលការអនុវត្តច្បាប់សន្តិសុខជាតិរបស់ហុងកុងកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ក្រុមសិទ្ធិមនុស្សអន្តរជាតិ និងបណ្តាប្រទេសលោកខាងលិច។ កាលពីខែមុន សកម្មជនពីររូបផ្សេងទៀត គឺលោក Lee Cheuk-yan អាយុ៦៩ឆ្នាំ និងលោក Chow Hang-tung អាយុ៤១ឆ្នាំ ត្រូវបានរកឃើញថាមានទោសពីបទញុះញង់ឱ្យមានភាពវឹកវរ បន្ទាប់ពីពួកគេបានប្រើឃ្លា end one-party dictatorship ក្នុងសកម្មភាពនយោបាយរបស់ពួកគេ។
អ្នកទាំងពីរគឺជាសមាជិកនៃក្រុមដែលធ្លាប់រៀបចំព្រឹត្តិការណ៍រំលឹកប្រចាំឆ្នាំ ដើម្បីបង្ហាញការចងចាំចំពោះការបង្ក្រាបលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលាន Tiananmen ក្នុងទីក្រុងប៉េកាំងកាលពីឆ្នាំ១៩៨៩។ ច្បាប់សន្តិសុខជាតិរបស់ហុងកុងត្រូវបានអនុម័ត និងចូលជាធរមាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ ច្បាប់នេះត្រូវបានទីក្រុងប៉េកាំងដាក់ចេញ បន្ទាប់ពីហុងកុងបានជួបប្រទះការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យអស់រយៈពេលជាច្រើនខែក្នុងឆ្នាំ២០១៩។
ក្រុមសិទ្ធិមនុស្សអន្តរជាតិ និងប្រទេសលោកខាងលិចមួយចំនួនបានរិះគន់ច្បាប់នេះថា មានវិសាលភាពធ្ងន់ធ្ងរពេក និងបង្កផលប៉ះពាល់ដល់សេរីភាពនយោបាយ និងស្វ័យភាពរបស់ហុងកុង ដែលត្រូវបានធានាក្រោមការប្រគល់ហុងកុងពីចក្រភពអង់គ្លេសទៅឱ្យចិនក្នុងឆ្នាំ១៩៩៧។ ផ្ទុយទៅវិញ អាជ្ញាធរហុងកុង និងមន្ត្រីចិនបានអះអាងថា ច្បាប់សន្តិសុខជាតិមានសារៈសំខាន់សម្រាប់ការស្តារស្ថិរភាព និងការពារសន្តិសុខជាតិ បន្ទាប់ពីភាពចលាចលនយោបាយដែលបានកើតឡើងក្នុងទីក្រុង។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters