[ទីក្រុងឡុងដ៍]៖ ផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការធានាឱ្យអាមេរិកទទួលបានចំណែកដ៏ធំពីទុនបម្រុងប្រេងដ៏សម្បើមរបស់វេណេស៊ុយអេឡា អាចបែរជាបង្កផលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្តារឧស្សាហកម្មប្រេងរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះឡើងវិញ។ អ្នកវិភាគ និងអ្នកជំនាញក្នុងវិស័យថាមពលព្រមានថា ការរៀបចំដែលផ្តល់អត្ថប្រយោជន៍ពិសេសដល់ក្រុមហ៊ុនមួយ អាចបង្កការប្រកួតប្រជែងមិនស្មើគ្នា បង្ខូចទីផ្សារ និងធ្វើឱ្យវិនិយោគិនបរទេសស្ទាក់ស្ទើរក្នុងការបញ្ចេញទុនដែលមានសារៈសំខាន់សម្រាប់ការកសាងឧស្សាហកម្មប្រេងវេណេស៊ុយអេឡាឡើងវិញ។ តាមផែនការដែលត្រូវបានបង្ហាញកាលពីថ្ងៃចន្ទ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងទិញភាគហ៊ុន ៣៥% ក្នុងក្រុមហ៊ុនប្រេងឯកជន North American Blue Energy Partners (NABEP) ដែលគ្រប់គ្រងដោយពាណិជ្ជករវេណេស៊ុយអេឡា Alejandro Betancourt។

ក្រោមកិច្ចព្រមព្រៀងនេះ NABEP នឹងទទួលបានសិទ្ធិជួលរយៈពេល ១០០ឆ្នាំ លើអណ្តូងប្រេងចំនួន ១៧ របស់វេណេស៊ុយអេឡា ដែលមានទុនបម្រុង សរុបប្រមាណ ៦៥ពាន់លានបារ៉ែល។
ជាថ្នូរនឹងការរៀបចំនេះ សហរដ្ឋអាមេរិកនឹងទទួលបានការធានាចំណែក ២០% នៃផលិតកម្មប្រេងក្នុងតម្លៃដើម ហើយនឹងរក្សាសិទ្ធិដំបូងក្នុងការទិញផលិតផលប្រេងដែលនៅសល់។
ប្រសិនបើផែនការនេះត្រូវបានអនុវត្ត NABEP នឹងក្លាយជាក្រុមហ៊ុនប្រេងឯកជនដែលមានទុនបម្រុងធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីក្រុមហ៊ុនប្រេងជាតិរបស់អារ៉ាប៊ីសាអូឌីត។ បច្ចុប្បន្ន NABEP ផលិតប្រេងប្រមាណ ១៧០,០០០ បារ៉ែលក្នុងមួយថ្ងៃ និងមានគោលដៅបង្កើនផលិតកម្មឱ្យលើស ១លានបារ៉ែលក្នុងមួយថ្ងៃក្នុងពេលខាងមុខ។
រដ្ឋបាលលោក Trump បានអះអាងថា កិច្ចព្រមព្រៀងនេះជាផ្នែកសំខាន់មួយនៃផែនការ ៣ដំណាក់កាល ស្តីពីស្ថិរភាព ការកសាងប្រទេសឡើងវិញ និងការផ្លាស់ប្តូរឆ្ពោះទៅរកប្រជាធិបតេយ្យនៅវេណេស៊ុយអេឡា បន្ទាប់ពីការដកលោក Nicolás Maduro ចេញពីតំណែងកាលពីខែមករា។ សេតវិមានបានលើកឡើងថា កិច្ចព្រមព្រៀងនេះអាចជួយសហរដ្ឋអាមេរិកបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលថ្មីមួយនៅអឌ្ឍគោលខាងលិច ព្រមទាំងជួយបំពេញស្តុកប្រេងយុទ្ធសាស្ត្ររបស់អាមេរិក កាត់បន្ថយថ្លៃប្រេងឥន្ធនៈ និងជំរុញផលិតកម្មថាមពលក្នុងស្រុក។
ប៉ុន្តែសំណើនេះបានរងការរិះគន់យ៉ាងខ្លាំងរួចទៅហើយពីក្រុមប្រឆាំង និងអ្នកនយោបាយវេណេស៊ុយអេឡានៅសហរដ្ឋអាមេរិក។ អ្នកខ្លះចាត់ទុកផែនការនេះថាមានលក្ខណៈដូចជា «អាណានិគមនិយមសម័យទំនើប» ខណៈអ្នកផ្សេងទៀតមើលឃើញថា វាអាចជាផ្នែកមួយនៃនយោបាយដែលផ្តោតលើការបោះឆ្នោត នៅពេលលោក Trump កំពុងប្រឈមនឹងសម្ពាធជុំវិញបញ្ហាថ្លៃដើមនៃការរស់នៅ និងមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកនៅខែវិច្ឆិកា។ បញ្ហាដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺហានិភ័យផ្នែកនយោបាយ ច្បាប់ និងពាណិជ្ជកម្មដែលអាចកើតឡើងពីការរៀបចំនេះ។ អ្នកវិភាគព្រមានថា វាអាចបង្កផលវិបាកផ្ទុយពីគោលដៅដែលចង់ជំរុញការស្តារឧស្សាហកម្មប្រេងរបស់វេណេស៊ុយអេឡា។ សហរដ្ឋអាមេរិកមិនធ្លាប់មានការគ្រប់គ្រងដោយផ្ទាល់លើធនធានប្រេងរបស់ប្រទេសផ្សេងទៀតឡើយ។ សូម្បីតែបន្ទាប់ពីការឈ្លានពានអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣ ក៏ទីក្រុងបាកដាដនៅតែជាអ្នកសម្រេចចិត្តលើធនធានប្រេងរបស់ខ្លួន។
ក្នុងករណីវេណេស៊ុយអេឡា ការអនុវត្តផែនការថ្មីនេះក៏អាចប្រឈមនឹងបញ្ហាផ្នែកច្បាប់ផងដែរ ដោយរដ្ឋាភិបាលអាមេរិកបច្ចុប្បន្នមិនមានយន្តការច្បាស់លាស់សម្រាប់ទិញ និងលក់ប្រេងឆៅជាប្រចាំក្រោមតម្លៃទីផ្សារ។ ទោះជាយ៉ាងណា រដ្ឋបាលអាមេរិកអាចព្យាយាមបង្កើតច្បាប់ ឬរចនាសម្ព័ន្ធទិញលក់ថ្មី ដើម្បីអនុវត្តការរៀបចំនេះ។
អ្នកជំនាញព្រមានថា បញ្ហាធំជាងនេះគឺការបង្កើត «ទីផ្សារពីរកម្រិត» នៅក្នុងវិស័យប្រេងវេណេស៊ុយអេឡា។ ប្រសិនបើ NABEP ទទួលបានលក្ខខណ្ឌពាណិជ្ជកម្មពិសេសដែលគាំទ្រដោយរដ្ឋាភិបាលអាមេរិក ក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀត ដូចជា Chevron នឹងអាចស្ថិតក្នុងស្ថានភាពមិនស្មើគ្នា ដោយត្រូវទិញ និងលក់ប្រេងតាមតម្លៃទីផ្សារ ខណៈក្រុមហ៊ុនដែលទទួលបានការគាំទ្រពិសេសអាចទទួលបានសិទ្ធិចូលទីផ្សារដែលមានអត្ថប្រយោជន៍ជាង។ ស្ថានភាពនេះអាចធ្វើឱ្យវិនិយោគិនចាប់ផ្តើមសួរថា តើគម្រោងប្រេងនាពេលអនាគតនឹងប្រកួតប្រជែងដោយផ្អែកលើប្រសិទ្ធភាពសេដ្ឋកិច្ច ឬផ្អែកលើទំនាក់ទំនងនយោបាយ។ ពួកគេក៏អាចព្រួយបារម្ភថា ច្បាប់នៃទីផ្សារអាចផ្លាស់ប្តូរតាមការផ្លាស់ប្តូររដ្ឋាភិបាលនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស់។
ក្រុមហ៊ុន Chevron និងក្រុមហ៊ុនថាមពលអន្តរជាតិមួយចំនួនទៀត ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ដើម្បីអភិវឌ្ឍគម្រោងថាមពលនៅវេណេស៊ុយអេឡា។ ការវិនិយោគទាំងនេះពឹងផ្អែកលើក្របខណ្ឌច្បាប់ស្តីពីអ៊ីដ្រូកាបូនរបស់ប្រទេស ដែលត្រូវបានកែសម្រួលដើម្បីទាក់ទាញមូលធនបរទេស។ ប៉ុន្តែភាពមិនប្រាកដប្រជាថ្មីដែលបង្កឡើងដោយផែនការរបស់លោក Trump អាចធ្វើឱ្យវិនិយោគិនថយចិត្តយ៉ាងខ្លាំង នៅពេលដែលវេណេស៊ុយអេឡាកំពុងព្យាយាមស្តារខ្លួនឡើងវិញជាប្រទេសផលិតប្រេងដ៏សំខាន់មួយ។ ការកសាងឧស្សាហកម្មប្រេងវេណេស៊ុយអេឡាឡើងវិញមិនមែនជាកិច្ចការងាយស្រួលឡើយ។ ផលិតកម្មប្រេងរបស់ប្រទេសនេះបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការវិនិយោគមិនត្រឹមត្រូវ ការគ្រប់គ្រងប្រតិបត្តិការមិនល្អ និងអំពើពុករលួយ បន្ទាប់ពីវិស័យនេះត្រូវបានធ្វើជាតូបនីយកម្មក្នុងឆ្នាំ២០០៧ ហើយបញ្ហាកាន់តែធ្ងន់ធ្ងរឡើងដោយសារទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ផលិតកម្មប្រេងរបស់វេណេស៊ុយអេឡាបានធ្លាក់ពីប្រមាណ ៣,៥លានបារ៉ែលក្នុងមួយថ្ងៃនៅទសវត្សរ៍ឆ្នាំ១៩៩០ មកនៅប្រហែល ១លានបារ៉ែលក្នុងមួយថ្ងៃនាពេលបច្ចុប្បន្ន។
ការប៉ាន់ប្រមាណបង្ហាញថា ផលិតកម្មអាចកើនឡើងដល់ប្រហែល ១,៥លានបារ៉ែលក្នុងមួយថ្ងៃក្នុងរយៈពេលពីរឆ្នាំខាងមុខ ប្រសិនបើការវិនិយោគបន្តកើនឡើង និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ត្រូវបានស្តារឡើងវិញ។ ទោះជាយ៉ាងណា កម្រិតនេះនៅតែមានត្រឹមតែជាង ១% នៃការផ្គត់ផ្គង់ប្រេងសកល។
ក្រុមហ៊ុនប្រឹក្សាយោបល់ Rystad Energy ព្យាករថា ផលិតកម្មប្រេងរបស់វេណេស៊ុយអេឡាអាចកើនដល់ប្រមាណ ២,៣លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០៣៥ និងលើស ៣លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០៥០។ កំណើនភាគច្រើនត្រូវបានរំពឹងថានឹងមកពីតំបន់ខ្សែក្រវាត់ Orinoco ដែលសម្បូរទៅដោយទុនបម្រុងប្រេង។
ប៉ុន្តែការបង្កើនផលិតកម្មគ្រាន់តែជាផ្នែកមួយនៃបញ្ហាប្រឈមប៉ុណ្ណោះ។ ការធ្វេសប្រហែសអស់រយៈពេលជាច្រើនទសវត្សរ៍បានធ្វើឱ្យប្រទេសនេះខ្វះខាតរោងចក្រចម្រាញ់ប្រេង បំពង់បង្ហូរ ស្ថានីយស្តុក សមត្ថភាពនាំចេញ និងហេដ្ឋារចនាសម្ព័ន្ធថាមពលដែលចាំបាច់សម្រាប់គាំទ្រដល់ការពង្រីកផលិតកម្មទ្រង់ទ្រាយធំ។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវការការជួសជុលធំ ឬសាងសង់ឡើងវិញទាំងស្រុង ដែលតម្រូវឱ្យមានការចំណាយទុនរាប់សិបពាន់លានដុល្លារ។ លើសពីនេះ វេណេស៊ុយអេឡាត្រូវការការចូលរួមពីក្រុមហ៊ុនថាមពលអន្តរជាតិជាច្រើន ដែលមានសមត្ថភាព និងឆន្ទៈវិនិយោគក្នុងរយៈពេលវែងជាច្រើនទសវត្សរ៍។ ដូច្នេះ ការបញ្ចូលភាពមិនប្រាកដប្រជាផ្នែកនយោបាយថ្មីទៅក្នុងវិស័យប្រេងរបស់វេណេស៊ុយអេឡា អាចធ្វើឱ្យការទាក់ទាញហិរញ្ញប្បទានកាន់តែលំបាក និងមានតម្លៃថ្លៃ។
ជារួម ផែនការរបស់លោក Trump ដែលមានគោលដៅពន្លឿនការស្តារឡើងវិញនៃឧស្សាហកម្មប្រេងដ៏ធំមួយរបស់ពិភពលោក អាចប្រឈមនឹងហានិភ័យនៃការធ្វើឱ្យដំណើរការស្តារវិស័យនេះ យឺតជាងមុន ប្រសិនបើវាបង្កការប្រកួតប្រជែងមិនស្មើគ្នា និងធ្វើឱ្យវិនិយោគិនបរទេសបាត់បង់ទំនុកចិត្ត។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters