[ប៉េកាំង]៖ ប្រទេសចិនបានបើកដំណើរការឡើងវិញពេញលេញនូវផ្លូវតែមួយដែលតភ្ជាប់ទៅកាន់ច្រកព្រំដែន Gyirong ឆ្ពោះទៅប្រទេសនេប៉ាល់ កាលពីប្រហែលមួយសប្តាហ៍មុន បន្ទាប់ពីកំណាត់ផ្លូវដែលរងការខូចខាតដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរត្រូវបានសម្អាត។ ការបើកផ្លូវឡើងវិញនេះ បានអនុញ្ញាតឱ្យគ្រឿងចក្រធុនធ្ងន់ចូលទៅដល់តំបន់រងគ្រោះសំខាន់ៗជាលើកដំបូង ដើម្បីពង្រឹងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។
ការខូចខាតយ៉ាងធ្ងន់ធ្ងរលើផ្លូវជាតិ G216 បានធ្វើឱ្យការធ្វើដំណើរតាមផ្លូវគោកត្រូវបានរាំងស្ទះ។ ជាហេតុធ្វើឱ្យអាជ្ញាធរចិនត្រូវប្រើប្រាស់យន្តហោះ ដើម្បីដឹកជញ្ជូនសម្ភារៈ និងការផ្គត់ផ្គង់ទៅកាន់ក្រុមអ្នកជួយសង្គ្រោះនៅជួរមុខ ខណៈអ្នកជួយសង្គ្រោះមួយចំនួនត្រូវធ្វើដំណើរឆ្លងកាត់តំបន់ភ្នំ ដើម្បីទៅដល់ទីតាំងរងគ្រោះ។ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា បច្ចុប្បន្ន គ្រឿងចក្រធុនធ្ងន់ជាច្រើនគ្រឿងបានចូលទៅដល់តំបន់ជុំវិញបរិវេណត្រួតពិនិត្យព្រំដែនរបស់ចិន ព្រមទាំងមានការដឹកជញ្ជូនឧបករណ៍បន្ថែម ដើម្បីជួយពង្រឹងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

វីដេអូដែលផ្សព្វផ្សាយដោយ CCTV បានបង្ហាញក្រុមជួយសង្គ្រោះ និងគ្រឿងចក្រជីកកកាយកំពុងធ្វើការនៅតំបន់រងគ្រោះ។ ក្រុមសង្គ្រោះដែលមានឧបករណ៍ស្វែងរកសញ្ញាជីវិត និងសត្វឆ្កែសម្រាប់ស្វែងរកអ្នកបាត់ខ្លួន ក៏ត្រូវបានដាក់ពង្រាយទៅកាន់តំបន់នេះផងដែរ។
ទោះជាយ៉ាងណា ប្រតិបត្តិការសង្គ្រោះនៅតែប្រឈមនឹងឧបសគ្គជាច្រើន ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងស្ថានភាពភូមិសាស្ត្រដ៏លំបាក។ ក្រុមការងារត្រូវធ្វើប្រតិបត្តិការនៅក្នុងជ្រលងភ្នំតូចចង្អៀត ដែលស្ថិតនៅចន្លោះជម្រាលថ្មមិនស្ថិតស្ថេរ និងទន្លេដែលមានចរន្តទឹកហូរលឿន។ ជាមួយគ្នានេះ អាជ្ញាធរចិនកំពុងបន្តតាមដានបឹងនៅតំបន់ខ្ពង់រាប ដែលអាចបង្កឱ្យមានទឹកជំនន់បន្ថែម ប្រសិនបើទំនប់ធម្មជាតិរបស់វាបាក់បែក។ អាជ្ញាធរបាននិយាយថា ហានិភ័យនៃបាតុភូតនេះបានថយចុះ ប៉ុន្តែការបាក់ដីនៅតែជាក្តីបារម្ភដ៏សំខាន់សម្រាប់ក្រុមសង្គ្រោះ។
នៅប្រទេសនេប៉ាល់ ដែលស្ថិតនៅម្ខាងទៀតនៃព្រំដែន អាជ្ញាធរបានព្រមានថា ក្តីសង្ឃឹមក្នុងការរកឃើញអ្នកនៅរស់កំពុងថយចុះ។ តាមទិន្នន័យដែលបានរាយការណ៍ យ៉ាងហោចណាស់មនុស្ស ១,១១៤នាក់បានស្លាប់ ខណៈមនុស្សជិត ៤,០០០នាក់ទៀតនៅតែបាត់ខ្លួន។ នៅតំបន់ទីបេវិញ ចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍ដោយប្រភពក្រៅផ្លូវការរបស់ចិន បានកើនឡើងដល់ ២១នាក់គិតត្រឹមថ្ងៃពុធ ខណៈមនុស្ស ៥៤១នាក់នៅតែបាត់ខ្លួន។ អាជ្ញាធរបាននិយាយកាលពីមុនថា ក្នុងចំណោមអ្នកបាត់ខ្លួនមានជនជាតិនេប៉ាល់ ១០៤នាក់ ឥណ្ឌា ៤៩នាក់ ឡាតវី ៣៣នាក់ និងកាណាដា ៦នាក់។

ឯកអគ្គរដ្ឋទូតឡាតវីប្រចាំប្រទេសចិន លោក Karlis Eihenbaums បាននិយាយថា ស្ថានទូតរបស់លោកកំពុងទាក់ទងជាប្រចាំជាមួយក្រសួងការបរទេសចិន និងអាជ្ញាធរនៅទីបេ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីជនជាតិឡាតវីដែលបាត់ខ្លួន។ លោកបានបន្ថែមថា បុគ្គលិកស្ថានទូតមិនបានស្នើសុំចូលទៅកាន់ទីតាំងគ្រោះមហន្តរាយនៅទីបេដោយផ្ទាល់នោះទេ ខណៈព័ត៌មានដែលទទួលបានពីភាគីនេប៉ាល់បានបង្ហាញថា ជនជាតិឡាតវីមួយចំនួនដែលបាត់ខ្លួន អាចត្រូវបានបញ្ជូនទៅកាន់ភាគីនេប៉ាល់។
ចំណែកប្រទេសកាណាដា បាននិយាយកាលពីថ្ងៃអង្គារថា មន្ត្រីរបស់ខ្លួនកំពុងទាក់ទងជាប្រចាំជាមួយតំណាងក្រសួងការបរទេសចិន។ ភាគីចិនបានបញ្ជាក់ថា ប្រតិបត្តិការឆ្លើយតបនឹងគ្រោះមហន្តរាយនៅតែបន្ត ដើម្បីស្វែងរក និងជួយជម្លៀសជនជាតិកាណាដាដែលស្ថិតនៅក្នុងស្រុក Gyirong។ ការទទួលបានព័ត៌មានអំពីគ្រោះមហន្តរាយនៅតំបន់ទីបេនៅតែមានកម្រិត ដោយព័ត៌មានភាគច្រើនត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។ នៅពេលត្រូវបានសួរកាលពីថ្ងៃអង្គារថា ហេតុអ្វីបានជារដ្ឋាភិបាលចិនមិនអនុញ្ញាតឱ្យអ្នកកាសែតបរទេសចូលទៅកាន់តំបន់រងគ្រោះ ក្រសួងការបរទេសចិនបានលើកឡើងពីការខូចខាតផ្លូវថ្នល់ និងប្រព័ន្ធទំនាក់ទំនងក្នុងតំបន់ ព្រមទាំងហានិភ័យសុវត្ថិភាពខ្ពស់ដែលអាចកើតចេញពីគ្រោះមហន្តរាយបន្ទាប់បន្សំ។
ការបើកផ្លូវឡើងវិញបានក្លាយជាជំហានសំខាន់សម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយ ខណៈក្រុមសង្គ្រោះអាចបញ្ជូនមនុស្ស គ្រឿងចក្រ និងសម្ភារៈចាំបាច់ចូលទៅកាន់តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងមុន។ ទោះយ៉ាងណា ស្ថានភាពអាកាសធាតុ និងហានិភ័យនៃការបាក់ដីនៅតែជាបញ្ហាប្រឈមធំសម្រាប់ប្រតិបត្តិការសង្គ្រោះ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters