នៅប្រទេសកម្ពុជាយើង គេឃើញមានរបាំក្ងោកបីប្រភេទ គឺ៖ របាំក្ងោកពោធិសាត់ របាំ ក្ងោកភ្នំក្រវ៉ាញ និងរបាំក្ងោកប៉ៃលិន។ខេត្តប៉ៃលិន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃឡង់ សម្បូណ៌ទៅដោយរ៉ែត្បូង ដែលមានតម្លៃ។ ធនធាននេះត្រូវបានជនជាតិខ្មែរកូឡា ដែលមានដើមកំណើតជនជាតិ ភូមា និងបានមករស់នៅក្នុងតំបន់នេះជាច្រើនជំនាន់មកហើយនោះ ក៏បានទាញយកផល ពីធនធានធម្មជាតិនេះ។ របរចិញ្ចឹមជីវិតសំខាន់ជាងគេរបស់ជនជាតិខ្មែរកូឡា គឺការជីក យករ៉ែត្បូងដ៏មានតម្លៃ។រ

របាំក្ងោក មានដើមកំណើតមកពីជនជាតិ ខ្មែរកុឡា ដែលមានអាចារ្យធម៌សេសសល់មកពីអាចារ្យធម៌ អូស្ត្រូអាស៊ី ហើយច្រើនមាននៅតំបន់បរប៉ៃលិន ក្រុងបរប៉ៃលិន បច្ចុប្បន្ន  ។ របាំនេះគេច្រើនលេងនៅក្នុងពិធីបុណ្យចូលឆ្នាំ ដើម្បីសុំសេចក្តីបួងសួងប្រសិទ្ធិពរជូនដល់អ្នកស្រុកបានសេចក្តីសុខចំរើនសុំអោយមានភ្លៀងគ្រប់គ្រាន់ធ្វើស្រូវបានផលជីកដីរកត្បូងអោយបានជួបប្រទះជាដើម។បើក្រឡេកមកមើលរឿងព្រេងនិទាន ដែលប្រជាពលរដ្ឋខេត្តប៉ៃលិនមួយចំនួនបាន តំណាលថានោះគឺសេចក្តីថា៖ មានរាជបុត្រីក្សត្រមួយអង្គ ទ្រង់សុបិននិម្មិតឃើញ ក្ងោកឈ្មោលមួយដ៏ស្រស់ស្អាត បានមកប្រោសទេសនាយ៉ាងពីរោះថ្វាយព្រះ នាងសណ្តាប់ ជាហេតុធ្វើឲ្យព្រះនាងចាប់ព្រះទ័យនឹងព្រះធម៌ជាអនេក។ លុះ ព្រះនាងក្រោកពីផ្ទំទើបដឹងថា នោះគឺជាសុបិន។ ប៉ុន្តែព្រះទ័យរបស់ព្រះនាងនៅតែ ដក់ជាប់នឹងព្រះធម៌ ហើយថែមទាំងចង់បានក្ងោកនោះមកទេសនាថ្វាយព្រះនាង ស្តាប់រៀងរាល់ថ្ងៃសីលទៀតផង។ដោយអារម្មណ៍ដក់ជាប់នឹងធម៌ទេសនាខ្លាំងពេក ទើបធ្វើឲ្យព្រះនាងភ្លេចផ្ទំ ភ្លេច សោយ រហូតដល់ធ្លាក់ព្រះកាយប្រឈួន។ ព្រះបិតាព្រះនាង ទ្រង់ព្រួយព្រះទ័យ នឹងព្រះរោគរបស់ព្រះនាងជាខ្លាំង ហើយបានត្រាស់សួររកដើមហេតុ។ ក្រោយពេលព្រះនាងបានទូលព្រះបិតាពីដំណើរដើមទងនៃសាច់រឿងរួច ព្រះអង្គ ក៏បញ្ជាឲ្យព្រានព្រៃខ្លាំងពូកែជាច្រើននាក់តាមចាប់ក្ងោកសីលនោះ ប៉ុន្តែពុំអាច ចាប់ក្ងោកសីលនោះបានទេ ព្រោះក្ងោកនោះមានបារមី។ ព្រានបាននឹករកមធ្យោបាយបន្សាបសីលក្ងោកឈ្មោល បន្ទាប់មកទើបចាប់តាមក្រោយ។ គិតរួច ព្រានក៏យកក្ងោកញីមួយក្បាល ដោយបង្ហាត់យ៉ាងស្ទាត់ជំនាញ ហើយឲ្យទៅ ចែចង់ក្ងោកសីលនោះ ទីបំផុតក្ងោកសីលចាញ់កលព្រាន។

 

អត្ថបទដោយ÷ជួន សុធា