[ស្តុកខុល]៖ មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់ និង ១៨នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីសាឡាងដឹកអ្នកដំណើរមួយគ្រឿង ដែលមានមនុស្សជិត ២៧០នាក់ បានក្រឡាប់លិចនៅសមុទ្រមេឌីទែរ៉ាណេ ខណៈកំពុងធ្វើដំណើរពីភាគខាងជើងប្រទេសស៊ីបទៅកាន់ប្រទេសតួកគី។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានបន្តយ៉ាងសកម្ម ខណៈអាជ្ញាធរកំពុងប្រញាប់ប្រញាល់ស្វែងរកអ្នកដំណើរដែលនៅបាត់ខ្លួន។ មេដឹកនាំស៊ីបតួកគី លោក Tufan Erhürman បានឱ្យដឹងថា មនុស្ស ២៤១នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ខណៈមនុស្ស ១៨នាក់ទៀតនៅមិនទាន់រកឃើញ។

តាមក្រសួងមហាផ្ទៃតួកគី សាឡាងរបស់ក្រុមហ៊ុន Filo Jet បានដឹកអ្នកដំណើរ ២៥៩នាក់ និងនាវិក ៨នាក់ ចេញពីទីក្រុង Girne ដែលគេស្គាល់ថា Kyrenia ក្នុងភាគខាងជើងស៊ីប ឆ្ពោះទៅកាន់ប្រទេសតួកគី មុនពេលជួបគ្រោះថ្នាក់នៅសមុទ្រ។ លោក Erhürman បាននិយាយថា ក្រុមសង្គ្រោះដែលត្រូវបានបញ្ជូនមកពីប្រទេសតួកគី កំពុងបន្តប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនដោយមិនមានការរំខាន។

តាមទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu ប្រទេសតួកគីបានបញ្ជូនកម្លាំង និងឧបករណ៍ស្វែងរកនិងជួយសង្គ្រោះបន្ថែមទៅកាន់កន្លែងកើតហេតុ រួមមានយន្តហោះ ៣គ្រឿង យន្តហោះគ្មានមនុស្សបើក ៤គ្រឿង ឧទ្ធម្ភាគចក្រ ៦គ្រឿង ទូកឆ្មាំសមុទ្រ ៤គ្រឿង ព្រមទាំងនាវាយោធា និងនាវាល្បាត។ អាជ្ញាធរបានបញ្ជាក់ថា អាទិភាពចម្បងនៅពេលនេះគឺការស្វែងរក និងជួយសង្គ្រោះអ្នកដែលកំពុងបាត់ខ្លួន។ ជាមួយគ្នានេះ ប៉ូលិសក៏បានចាប់ផ្តើមការស៊ើបអង្កេតដើម្បីកំណត់មូលហេតុនៃគ្រោះថ្នាក់។ លោក Erhürman បានព្រមានថា ការអត្ថាធិប្បាយអំពីមូលហេតុនៅពេលនេះ អាចនាំឱ្យមានការសន្និដ្ឋានដោយគ្មានមូលដ្ឋានច្បាស់លាស់។ លោកបានបន្ថែមថា សាឡាងបានលិចទៅបាតសមុទ្រ ហើយបច្ចុប្បន្នស្ថិតនៅជម្រៅប្រមាណ ៥១៤ម៉ែត្រ។

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋតួកគីខាងជើងស៊ីប លោក Ünal Üstel បានចាត់ទុកហេតុការណ៍នេះថា ជាគ្រោះមហន្តរាយដែនសមុទ្រដ៏ធ្ងន់ធ្ងរមួយដែលស៊ីបមិនធ្លាប់ជួបប្រទះ។ លោកបានបញ្ជាក់ថា ប្រធានក្រុមនាវា និងសមាជិកនាវិក ៧នាក់ ត្រូវបានឃុំខ្លួន ដើម្បីស៊ើបអង្កេត។ គណៈរដ្ឋមន្ត្រីស៊ីបតួកគីក៏បានប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃ ដើម្បីគោរពដល់អ្នកដែលបានបាត់បង់ជីវិត និងបង្ហាញការគាំទ្រដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ។

សាឡាងនេះជាផ្នែកមួយនៃសេវាដឹកជញ្ជូនតាមសមុទ្រដែលភ្ជាប់ភាគខាងជើងប្រទេសស៊ីប ជាមួយប្រទេសតួកគីជាប្រចាំ។ ភាគខាងជើងស៊ីបគ្រប់គ្រងដោយរដ្ឋសាធារណរដ្ឋតួកគីខាងជើងស៊ីប ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិតែដោយប្រទេសតួកគីប៉ុណ្ណោះ។ វីដេអូពីកន្លែងកើតហេតុបានបង្ហាញមនុស្សជាច្រើននៅជាប់ផ្នែកម្ខាងនៃសាឡាង ខណៈអ្នកផ្សេងទៀតកំពុងស្ថិតនៅក្នុងទឹក និងរង់ចាំការជួយសង្គ្រោះ។ យ៉ាងហោចណាស់ឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានគេឃើញហោះសំកាំងពីលើសាឡាងដែលក្រឡាប់។ អ្នករស់រានមានជីវិតម្នាក់ លោក Efe Multici បានរៀបរាប់ថា ស្ថានការណ៍បានក្លាយជាចលាចលយ៉ាងឆាប់រហ័ស បន្ទាប់ពីទឹកចាប់ផ្តើមហូរចូលក្នុងនាវា។ លោកបានប្រាប់ CNN ថា អ្នកដំណើរបានជូនដំណឹងដល់សមាជិកនាវិក បន្ទាប់ពីកត់សម្គាល់ឃើញទឹកចូលក្នុងសាឡាង ប៉ុន្តែការព្រមានរបស់ពួកគេមិនត្រូវបានយកចិត្តទុកដាក់ភ្លាមៗ។

លោក Multici បាននិយាយថា ខណៈទឹកចាប់ផ្តើមហូរចូល សាឡាងនៅតែបន្តធ្វើដំណើរ ហើយបន្ទាប់មកបានក្រឡាប់ទៅម្ខាង។ លោកក៏បានរៀបរាប់ពីការលំបាករបស់អ្នកដំណើរក្នុងការស្វែងរកអាវជីវិត និងការចេញតាមច្រកសង្គ្រោះបន្ទាន់ ខណៈនាវាបានផ្អៀងខ្លាំង។ លោកបានបញ្ជាក់ថា អ្នកដំណើរមួយចំនួនមិនអាចរកឃើញអាវជីវិតបាន ហើយត្រូវចេញពីនាវាដោយគ្មានឧបករណ៍សុវត្ថិភាព។ អ្នកខ្លះត្រូវបំបែកបង្អួច ខណៈទ្វារមួយចំនួនមិនអាចបើកបាន។ ទីបំផុត លោក Multici បានរកឃើញអាវជីវិត និងអាចទៅដល់ក្បូនសង្គ្រោះដែលអាចបំប៉ោងបាន។ មន្ត្រីជាន់ខ្ពស់តួកគី និងមន្ត្រីមកពីប្រទេសផ្សេងៗបានសម្តែងការរំលែកទុក្ខចំពោះជនរងគ្រោះ។ ប្រធានសភាតួកគី លោក Numan Kurtulmuş បានបង្ហោះសារលើបណ្តាញសង្គម X ដោយចូលរួមរំលែកទុក្ខចំពោះអ្នកដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដ៏សោកសៅនេះ។

ពីភាគខាងត្បូងកោះ រដ្ឋាភិបាលសាធារណរដ្ឋស៊ីបក៏បានបង្ហាញការសោកស្តាយ និងប្រកាសត្រៀមផ្តល់ជំនួយដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ អ្នកនាំពាក្យរដ្ឋាភិបាលស៊ីប លោក Konstantinos Letymbiotis បាននិយាយថា អាជ្ញាធរកំពុងតាមដានស្ថានការណ៍ដោយការព្រួយបារម្ភយ៉ាងខ្លាំង ហើយត្រៀមចូលរួមផ្តល់ធនធានចាំបាច់។ លោកបានសង្កត់ធ្ងន់ថា នៅពេលនេះ ការរក្សាជីវិតមនុស្សគឺជាអាទិភាពខ្ពស់បំផុត។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសតួកគី និងតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីប ក៏បានសម្តែងការសោកស្តាយចំពោះគ្រោះមហន្តរាយនេះ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់អ្នកស្លាប់ ព្រមទាំងបង្ហាញការគាំទ្រដល់ក្រុមជួយសង្គ្រោះដែលកំពុងបន្តប្រតិបត្តិការ។

តាមទិន្នន័យតាមដានរបស់ MarineTraffic សាឡាងនេះត្រូវបានគេឃើញនៅភាគខាងជើងទីក្រុង Girne កាលពីព្រឹកថ្ងៃអាទិត្យ មុនពេលសញ្ញាបញ្ជូនទីតាំងរបស់នាវាត្រូវបានបាត់។ ការផ្សាយផ្ទាល់ពីកំពង់ផែ Girne បានបង្ហាញអ្នកដែលត្រូវបានជួយសង្គ្រោះត្រូវបាននាំមកដល់តាមឧទ្ធម្ភាគចក្រ និងទូកសង្គ្រោះ ខណៈរថយន្តសង្គ្រោះជាច្រើនគ្រឿងបានត្រៀមរង់ចាំនៅកំពង់ផែ ដើម្បីបញ្ជូនអ្នកដែលត្រូវការជំនួយបន្ថែម។ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត អាជ្ញាធរកំពុងផ្តោតលើការស្វែងរកអ្នកបាត់ខ្លួន និងការកំណត់មូលហេតុពិតប្រាកដដែលនាំឱ្យសាឡាងដឹកអ្នកដំណើរនេះក្រឡាប់លិច។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ CNN