[ស្តុកខុល]៖ ប្រទេសស៊ុយអែតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ជាទិញនាវាចម្បាំងចំនួន ៤គ្រឿង ពីក្រុមហ៊ុនផលិតនាវាចម្បាំងបារាំង Naval Group ក្នុងពិធីមួយដែលធ្វើឡើងនៅទីក្រុងស្តុកខុល កាលពីថ្ងៃចន្ទ ដោយមានការចូលរួមពីប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson។ ការបញ្ជាទិញនេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយរបស់ស៊ុយអែត ក្នុងការពង្រឹងសមត្ថភាពយោធា និងការការពារដែនអាកាសរបស់ខ្លួន ខណៈប្រទេសនេះកំពុងពន្លឿនការកសាងកម្លាំងការពារជាតិ បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។ ស៊ុយអែត ដែលជាសមាជិកថ្មីបំផុតរបស់អង្គការណាតូ បានសម្រេចបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាពដែលបានអនុវត្តអស់រយៈពេលជាយូរ ដោយចូលរួមជាមួយសម្ព័ន្ធយោធាណាតូក្នុងបរិបទសន្តិសុខអឺរ៉ុបកាន់តែមានភាពតានតឹង។

ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលប្រទេសអឺរ៉ុបជាច្រើនកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន និងឆ្លើយតបទៅនឹងសម្ពាធពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ព្រមទាំងការកើនឡើងនៃការព្រួយបារម្ភអំពីការពឹងផ្អែកលើការគាំទ្រពីសហរដ្ឋអាមេរិក។
លោក Macron បាននិយាយថា កិច្ចព្រមព្រៀងរវាងបារាំង និងស៊ុយអែត បង្ហាញពីការកសាងអធិបតេយ្យភាព និងសមត្ថភាពការពាររបស់អឺរ៉ុបតាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា។ ប្រធានាធិបតីបារាំងបានបន្ថែមថា ការបញ្ជាទិញរបស់ស៊ុយអែតនឹងជួយពង្រឹងមូលដ្ឋានឧស្សាហកម្ម និងបច្ចេកវិទ្យាការពាររបស់អឺរ៉ុប នៅពេលដែលប្រទេសអឺរ៉ុបត្រូវទទួលខុសត្រូវកាន់តែខ្លាំងចំពោះសន្តិសុខរបស់ខ្លួន និងពង្រឹងសសរស្តម្ភអឺរ៉ុបនៅក្នុងអង្គការណាតូ។ កាលពីខែឧសភា ស៊ុយអែតបានប្រកាសពីផែនការបញ្ជាទិញនាវាចម្បាំងពីក្រុមហ៊ុនបារាំង ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ៤ពាន់លានដុល្លារ។ ការទិញនេះត្រូវបានរំពឹងថានឹងជួយបង្កើនសមត្ថភាពការពារដែនអាកាសរបស់ស៊ុយអែតប្រមាណបីដង។

ក្នុងចំណោមនាវាចម្បាំងថ្មីទាំង ៤គ្រឿង នាវាប្រភេទ frigate មួយនឹងក្លាយជានាវាដែលមានទំហំធំបំផុតមួយនៅក្នុងកងទ័ពជើងទឹកស៊ុយអែត។ នាវាទាំងនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រគល់ជូនស៊ុយអែតនៅឆ្នាំ ២០៣០ ខណៈការបញ្ជាទិញនេះកំពុងបង្ហាញពីការប្តេជ្ញារបស់ទីក្រុងស្តុកខុល ក្នុងការពង្រឹងសមត្ថភាពការពារជាតិ និងតួនាទីរបស់ខ្លួនក្នុងក្របខណ្ឌសន្តិសុខអឺរ៉ុប និងណាតូ។
ប្រែសម្រួលដោយ៖ សុធា
ប្រភព៖ Reuters