មើមក្តួចជាលតាជាតិម្យ៉ាងច្រើនមានដុះនៅបណ្តាប្រទេសក្នុងទ្វីបអាស៊ីនិងអាស៊ីអាគ្នេយ៍ដើមមានសណ្ឋានជាវល្លិ៍ស្លឹកមាន៣សន្លឹកក្នុងមួយទងតួរស្លឹកមានរាងពងក្រពើស្រួចចុងវាជាពពួករុក្ខជាតិមានមើមដែលអាចយកមកកែច្នៃជាអាហារសម្រាប់បរិភោគនិងប្រើជារុក្ខជាតិឱសថប៉ុន្តែយើងត្រូវបន្សាបជាតិពុលដែលមាននៅក្នុងមើមស្រស់របស់វាជាមុនសិនព្រោះមើមក្តួចផ្ទុកទៅដោយសារធាតុពុលម្យ៉ាងហៅថា Dioscorine ដែលជាជាតិពុលមួយដ៏ខ្លាំង ។ 

     មើមក្តួចនៅក្នុងមើមក្តួចសម្បូរទៅដោយជាតិម្សៅដូច្នេះហើយបានជានៅតាមតំបន់ខ្លះនៃប្រទេសកម្ពុជាយើងគេបានយកមើមរបស់វាមកបរិភោគពិសេសកាលពីសម័យពលពតប្រជាជនកម្ពុជាយើងបាននាំគ្នាយកមើមក្តួចមកបន្សាបរួចដាំហូបជំនួសបាយនិងខ្លះយកធ្វើនំទៀតផង។យើងពុំអាចហូបមើមក្តួចដោយពុំមានការបន្សាបជាមុនបាននោះទេព្រោះជាតិពុលដែលមាននៅក្នុងមើមរបស់វា អាចបណ្តាលអោយមនុស្សស្លាប់បាន ។ ដើម្បីបន្សាបមើមក្តួចបានយើងត្រូវយកមើមរបស់វាមកចិតជាចំនិតស្តើងរួចយកក្រណាត់ស្បៃមកច្រកវិចខ្ចប់អោយល្អបន្ទាប់មកយកវាទៅដាក់ត្រាំក្នុងទឹកស្ទឹងឬអូរដែលមានទឹកហូររយៈពេល ៣ ទៅ៤ថ្ងៃដើម្បីអោយចេញជាតិពុលអស់ពីក្នុងមើមក្តួចទើបយើងអាចយកវាមកបរិភោគបាន ។ 

នៅប្រទេសថៃក្តួចបានក្លាយជាដំណាំព្រៃសេដ្ឋកិច្ចមួយបែបដែលជួយរកចំនូលអោយសហគមន៍ប្រជាពលរដ្ឋខ្មែរដើមសញ្ជាតិថៃ នាខេត្តព្រះចន្ទបុរី ( ប្រាជីនបុរី) ដោយគេបានប្រមូលផលមើមរបស់វាពីក្នុងព្រៃរួចផលិតកែច្នៃជាម្សៅក្តូចក្រៀមសម្រាប់លក់បន្តនិងផលិតជានំផ្សេងៗសម្រាប់លក់និងចែកចាយទៅបណ្តាតំបន់ផ្សេងៗទៀតដែលជាប្រភពចំនូលដ៏សំខាន់មួយរបស់សហគមន៍មួយនេះ ។ 

-  នៅប្រទេសកម្ពុជាយើងមានពេទ្យសត្វមួយចំនួន យកមើមក្តួចមកកិនអោយម៉ត់អោយសត្វស៊ីប្រើជាថ្នាំព្យាបាលជម្ងឺ ។

- នៅក្នុងដើមស្លឹកមើមមានផ្ទុកទៅដោយសារធាតុ Alkaloid ពុល២ប្រភេទដូចជា Dioscorein , Dioscorinមានជាតិពុលខ្លាំងត្រឹមតែ

១០ក្រាមអាចសម្លាប់សេះមួយក្បាលបានចំណែក Dioscorin មានជាតិពុលតិចជាងពេលត្រូវកម្តៅហួតអស់និងមួយទៀតមានសារធាតុ Steroid sapogenin ។

-  មើមឆៅបុកលាយជាមួយទឹកក្រូចឆ្មាក៏បានឬមើមល្មៀតសម្រាប់បិតលើដំបៅជួយផ្សះរបួសបំបាត់ខ្ទុះពស់ចឹកនិងប៉េស្ត ។

-  មើមលីងជាមួយប្រេងឆាប្រើបិតលើដំបៅមានខ្ទុះ 

-  មើមយកដាំទឹកផឹកជួយបញ្ចុះកម្តៅបញ្ចុះទឹកនោម និងព្យាបាលការឈឺសន្លាក់រាំរៃ រលាកសន្លាក់ ទឹកនោមផ្អែម ។

-  មើមឆៅជួយបំបាត់ការឈឺចុកចាប់ ។ គ្រូឱសថបុរាណខ្មែរប្រើសម្រាប់ព្យាបាលរោគពិស ។

ប្រើដោយប្រុងប្រយ័ត្នបំផុតជាធម្មតា ១០០មីលីក្រាម ឬសូនជាគ្រាប់ប្រហែលប៉ុនគ្រាប់សណ្តែកបាយ ។

ចំណាំ ៖ មើមក្តួចមានជាតិពុលដែលអាចបណ្តាលអោយក្អួតចង្អោរ រលាកបំពង់ក បែកញើស ព្រិលភ្នែក ត្រជាក់ខ្លួនខ្លាំងហើយសន្លប់បើយើងប្រើលើសកម្រិត ។

កាលពីសម័យមុនគេយកមើមរបស់វាលាយជាមួយសាច់សត្វហើយយកទៅបំពុលសត្វខ្លានៅក្នុងព្រៃ នៅពេលដែលចំនួនសត្វខ្លាមានវត្តមានសត្វខ្លាកើនឡើងបង្ករហានិភ័យដល់មនុស្ស មានពេលខ្លះស្រ្តីខ្មែរជនបទសម័យមុនយកមើមក្តួចស្រស់ចិតហើយលាបលើផ្ទៃមុខដើម្បីព្យាបាលមុននិងខ្លះហាលអោយស្ងួតរូចបុកអោយម៉ត់ជាម្ស៉ៅយកលាបមុខនិងខ្លួនដើម្បីអោយស្បែកសរស្អាត ។

 

 

អត្ថបទ៖ ជួន សុធា