ផ្លែកោន ជារុក្ខជាតិព្រៃមួយប្រភេទឱ្យផលតាមរដូវដូចផ្លែ គុយ សាវម៉ាវព្រៃ គូលែន និងសិរមាន់ដែរហើយដុះលើខ្នងភ្នំគូលែននិងតំបន់មួយចំនួនទៀតក្នុងខេត្តសៀមរាប វាត្រូវបានប្រជាពលរដ្ឋរស់នៅលើភ្នំគូលែនស្គាល់ និងអាស្រ័យផលជាយូរមកហើយតាំងពីសម័យបុរាណ។ វត្តមានរបស់វាភ្ជាប់ទៅនឹងជីវភាពរស់នៅនិងចំណេះដឹងឱសថបុរាណរបស់ដូនតា។

ផ្លែឈើព្រៃប្រភេទនេះចាប់ផ្ដើមផ្លែនៅចន្លោះចុងខែមេសា ឱ្យផលចាប់ពីខែឧសភា ដល់ចុងខែមិថុនា ឬអាចលើសពីនេះតាមការប្រែប្រួលអាកាសធាតុ។ ពេលខ្ចីវាមានរសជាតិចត់តែពេលទុំផ្អែម ចំពោះដើមវិញចាស់ៗជំនាន់មុនអាចប្រើជាឱសថសម្រាប់ព្យាបាលរោគក្រពះបានហើយសណ្ឋានដើមរបស់វាប្រហែលដើមទ្រាលប៉ុន្ដែខុសគ្នាត្រង់ស្លឹកទ្រាលតូចៗជាងស្លឹកកោន។ 

  • អត្ថប្រយោជន៍ និងអាចជួយទៅដល់អ្វីខ្លះ:

•ផ្លែកោនអាចបរិភោគបានពេលខ្ចីវាមានរសជាតិចត់បន្តិចប៉ុន្តែពេលទុំវាមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ប្រហាក់ប្រហែលនឹងផ្លែចេកទុំ។

• តាមសម្ដីចាស់បុរាណគេធ្លាប់ប្រើដើមកោនជាឱសថសម្រាប់ព្យាបាលរោគមួយចំនួន ដូចជា ដាំទឹកផឹកបំបាត់អាការរោគក្រពះ (ទោះជាយ៉ាងណាគួរពិគ្រោះជាមួយអ្នកជំនាញសុខភាពមុនប្រើប្រាស់)។

• ប្រជាសហគមន៍បានបេះផ្លែកោនសម្រាប់លក់ដល់ភ្ញៀវទេសចរណ៍ដែលជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

  • សារៈសំខាន់គឺ៖

• វាជាផ្នែកមួយនៃជីវៈចម្រុះនិងធនធានធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន។

• វាជាចំណេះដឹងនិងចំណីអាហារប្រចាំតំបន់សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ព្រៃភ្នំគូលែន។

• ជួយទ្រទ្រង់ជីវភាពប្រជាសហគមន៍ដោយការប្រមូលផលលក់។

•វត្តមានរបស់ផ្លែកោនរួមទាំងការប្រើប្រាស់របស់វាជាឱសថគឺតំណាងឱ្យចំណេះដឹងបែបបុរាណនិងទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិនៅក្នុងតំបន់ភ្នំគូលែន។

• ផ្លែឈើព្រៃដ៏កម្រនិងមានរសជាតិឆ្ងាញ់ដូចផ្លែកោន អាចក្លាយជាកត្តាទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរណ៍ដែលចង់ស្គាល់នូវផលិតផលនិងរសជាតិប្លែកៗប្រចាំតំបន់។

 

 

 

អត្ថបទ៖ ជួន សុធា