ដើមប្រក្រុងដែលត្រូវបានគេស្គាល់ជាទូទៅថាដើមព្រះក្រុង គឺជាវល្លិ៍ដ៏មានតម្លៃមួយប្រភេទក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍។ ដើមប្រក្រុងជាវល្លិ៍ដែលដុះដោយខ្លួនឯងតាមធម្មជាតិភាគច្រើនត្រូវបានគេប្រទះឃើញដុះតាមដីវាលទំនេរដីទួលព្រៃល្បស់និងតំបន់ព្រៃភ្នំវាជាផ្នែកមួយនៃរុក្ខជាតិឱសថបៃតងនៅក្នុងតំបន់ត្រូពិចរុក្ខជាតិប្រភេទនេះត្រូវបានចាស់បុរាណស្គាល់និងប្រើប្រាស់ជាយូរយារណាស់មកហើយជាពិសេសក្នុងទម្រង់ជាឱសថបុរាណសម្រាប់ព្យាបាលជំងឺផ្សេងៗ វាមិនត្រឹមតែជាចំណីអាហារប៉ុណ្ណោះទេតែជាឱសថដ៏មានប្រសិទ្ធភាពតាំងពីដូនតា។
ពីមុនដើមប្រក្រុងមានប្រភពពីក្នុងព្រៃសុទ្ធសាធប៉ុន្តែដោយសារតម្រូវការទីផ្សារនិងដើម្បីរក្សាវាមិនឲ្យផុតពូជបច្ចុប្បន្នមានកសិករយើងមួយចំនួនបានយកមកដាំដុះនិងថែរក្សាក្នុងស្រុកវិញដើម្បីផ្គត់ផ្គង់ជីវភាព និងទីផ្សារ។

* ដើមប្រក្រុងមានអត្ថប្រយោជន៍និងសារៈសំខាន់ជាច្រើនទាំងផ្នែកអាហារូបត្ថម្ភនិងឱសថ៖
សារៈសំខាន់ផ្នែកឱសថបុរាណនិងសុខភាពវាជាឱសថដ៏ពូកែសម្រាប់បញ្ចុះកម្ដៅក្នុងខ្លួននិងព្យាបាលអាការៈក្ដៅក្នុងឬក្ដៅខ្លួនផ្សេងៗនៅក្នុងឱសថបុរាណគេជឿថាវាជាឱសថដ៏ល្អសម្រាប់ជំនួយឈាមស្រ្តីត្រូវបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាហើមពោះ។
• ដើមនិងស្លឹកប្រក្រុងមានផ្ទុកនូវសមាសធាតុគីមីសំខាន់ៗដូចជាអាល់កាឡូអ៊ីនជាដើមដែលសារធាតុទាំងនេះផ្តល់នូវគុណសម្បត្តិឱសថ។
•ស្លឹកប្រក្រុងមានផ្ទុកនូវ អាស៊ីតហ្កាឡាក់តួរូនិចដែលជាសមាសធាតុផ្សំរបស់ប៉ិចទីន។ សារធាតុ Pectin នេះហើយដែលធ្វើឲ្យទឹកច្របាច់ស្លឹកប្រក្រុងកកទៅជាចាហួយដោយឯកឯង។
• ការដាំដុះនិងលក់ស្លឹកប្រក្រុងឬចាហួយប្រក្រុងបានក្លាយជាអាជីវកម្មបែបធម្មជាតិមួយដែលអាចជួយលើកកម្ពស់ជីវភាពសហគមន៍និងមានទីផ្សារល្អ។
•គេយកស្លឹកប្រក្រុងមកលាងសម្អាតរួចច្របាច់ឬកិនជាមួយទឹកស្អាតទឹកច្របាច់នោះត្រូវបានត្រងយកកាកចេញហើយទុកចោលមួយសន្ទុះឬដាក់ក្នុងទូទឹកកកវានឹងកកក្លាយជាចាហួយដែលមានសភាពទន់ៗថ្លានិងមានពណ៌បៃតងខ្ចីឬបៃតងស្រាល។
•ចាហួយប្រក្រុងត្រូវបានយកទៅទទួលទានជាបង្អែមដ៏ឆ្ងាញ់ពិសាដោយអាចលាយជាមួយទឹកស្ករខ្ទិះដូងផ្លែឈើឬគ្រឿងផ្សំផ្សេងៗទៀតវាមានរសជាតិត្រជាក់និងជួយបំបាត់ស្រេកបានយ៉ាងល្អ។

•ដើម ស្លឹក ឬស និងមើមរបស់ដើមប្រក្រុងត្រូវបានប្រើប្រាស់ដើម្បី៖
• ជំនួយក្នុងការព្យាបាលពិស។
• ជួយក្នុងការបញ្ចុះកម្ដៅក្នុងខ្លួន។
• ជួយជំនួយដល់សុខភាពស្រ្តី(ជំនួយឈាម)និងដោះស្រាយបញ្ហាហើមពោះតាមរូបមន្តឱសថបុរាណ។
សរុបមក ដើមប្រក្រុងមិនត្រឹមតែជាសម្បត្តិបៃតងដែលផ្តល់នូវបង្អែមដ៏មានរសជាតិប៉ុណ្ណោះទេប៉ុន្តែក៏ជាឱសថធម្មជាតិដ៏សំខាន់ដែលបានចូលរួមចំណែកថែរក្សាសុខភាពប្រជាជនតាំងពីយូរលង់មកហើយ។
អត្ថបទ៖ ជួន សុធា