បាងកក៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ (DDPM) បានព្រមានខេត្តចំនួន ៥៤ រួមទាំងរាជធានីបាងកក ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យទឹកជំនន់ភ្លាមៗ ការរអិលបាក់ដី និងទឹកជំនន់ក្នុងទីក្រុង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

លោក Teerapat Katchamat អគ្គនាយក DDPM បានថ្លែងនៅថ្ងៃទី៣ ខែកញ្ញា ថា បញ្ជាការដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថ្នាក់កណ្តាល កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពអាកាសធាតុ និងវាយតម្លៃហានិភ័យដែលអាចកើតមាន បន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃបានព្រមានពីការកើនឡើងនៃភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងលើនៃប្រទេស។ តាមការព្យាករណ៍ តំបន់មួយចំនួន ជាពិសេសនៅភាគខាងជើង ភាគឦសាន និងតំបន់ភាគខាងលើ អាចប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងទៅខ្លាំងខ្លះៗ ខណៈជ្រលងមូសុងនឹងផ្លាស់ទីឆ្លងកាត់ភាគខាងជើង និងភាគឦសានខាងលើ។ ជាមួយគ្នានេះ ខ្យល់មូសុងនិរតីកម្រិតមធ្យម កំពុងបក់គ្របដណ្តប់លើសមុទ្រ Andaman ប្រទេសថៃ និងឈូងសមុទ្រថៃ ដែលអាចបង្កើនបរិមាណភ្លៀងនៅតំបន់មួយចំនួន។

តំបន់ដែលត្រូវបានដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់ រួមមានខេត្តភាគខាងជើងចំនួន ១៧ គឺ ម៉ែហុងសឺន ឈៀងម៉ៃ ឈៀងរ៉ៃ ឡាំភុន ផាយ៉ាវ ប្រាយ ណាន ឧត្តរ៉ាឌីត តាក់ សុខោទ័យ កំផែងភេត ភីតសាណុលុក ភីឈីត ភីតឆាប៊ុន ណាខនសាវ៉ាន និងអ៊ុតថៃថានី។

នៅភាគឦសាន មានខេត្តចំនួន ២០ ដែលត្រូវបង្កើនការប្រុងប្រយ័ត្ន រួមមាន ឡូអ៊ី ណងខៃ បឹងកាន ណងប៊ូឡាំភូ ឧដុនថានី សាខុនណាខន ណាខនផាណោម ឆៃយ៉ាភូម ខុនកែន មហាសារខាម កាឡាស៊ីន មុខដាហាន រ៉យអេត យ៉ាសុធន អំណត់ចារើន នគររាជសីមា បុរីរាម សុរិន្ទ ស៊ីសាខេត និងអ៊ូប៊ុនរតនា។ ចំណែកតំបន់កណ្ដាល និងភាគខាងកើត រួមមានខេត្តកញ្ចនបុរី រ៉ាក់ចាបុរី ព្រះនគរស៊ីអយុធ្យា លុបបុរី សារ៉ាបុរី នគរណាយក ប្រាជីនបុរី ស្រះកែវ ចចែងសៅ ចន្ទបុរី ត្រាត ផាទុមថានី នន្ទបុរី នគរផាធំ សាមុតសាខន សាមុតសង្ខារ និងសាមុតប្រាកាន ព្រមទាំងរាជធានីបាងកក។

DDPM បានសម្របសម្រួលជាមួយអាជ្ញាធរខេត្តទាំង ៥៤ មជ្ឈមណ្ឌលបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថ្នាក់តំបន់ និងអាជ្ញាធរនៅតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីត្រៀមកម្លាំង និងសម្ភារៈសម្រាប់ឆ្លើយតបនឹងស្ថានភាពភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលអាចកើតឡើង។ អាជ្ញាធរត្រូវបានណែនាំឱ្យតាមដានស្ថានភាពអាកាសធាតុ បរិមាណទឹកភ្លៀង និងកម្រិតទឹកយ៉ាងជាប់លាប់ ព្រមទាំងដាក់ពង្រាយក្រុមឆ្លើយតប និងគ្រឿងចក្រសង្គ្រោះគ្រោះមហន្តរាយទៅកាន់តំបន់ងាយរងគ្រោះ ដើម្បីអាចចុះអន្តរាគមន៍បានទាន់ពេលវេលា។

ការយកចិត្តទុកដាក់ជាពិសេស នឹងផ្តោតលើតំបន់ដែលមានហានិភ័យខ្ពស់ និងទីតាំងដែលអាចទទួលបរិមាណទឹកភ្លៀងលើស ៩០ មីលីម៉ែត្រ ក្នុងរយៈពេល ២៤ ម៉ោង ដើម្បីកាត់បន្ថយផលប៉ះពាល់ពីទឹកជំនន់ និងគ្រោះមហន្តរាយពាក់ព័ន្ធ។ អាជ្ញាធរក៏ត្រូវរៀបចំជម្រកបណ្តោះអាសន្នដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ទទួលប្រជាពលរដ្ឋដែលអាចត្រូវបានជម្លៀសចេញពីតំបន់ប្រឈមគ្រោះថ្នាក់។ សម្រាប់តំបន់ទេសចរណ៍ធម្មជាតិ ដូចជា រូងភ្នំ ទឹកជ្រោះ និងតំបន់ដែលមានហានិភ័យរអិលបាក់ដី ក៏ត្រូវបានណែនាំឱ្យត្រួតពិនិត្យយ៉ាងដិតដល់។ ប្រសិនបើរកឃើញស្ថានភាពគ្រោះថ្នាក់ អាជ្ញាធរត្រូវចេញការព្រមាន និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចូលទៅកាន់តំបន់ដែលរងផលប៉ះពាល់។

DDPM បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តតាមដានព័ត៌មានអាកាសធាតុផ្លូវការ ការព្រមានអំពីគ្រោះមហន្តរាយ ស្ថានភាពទឹកក្នុងតំបន់ និងសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាល ជាពិសេសសម្រាប់អ្នកដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ។ 

ការព្រមានអំពីគ្រោះមហន្តរាយ អាចតាមដានបានតាមរយៈកម្មវិធី THAI DISASTER ALERT។ ប្រជាពលរដ្ឋដែលត្រូវការជំនួយ អាចរាយការណ៍អំពីហេតុការណ៍តាមគណនី Line របស់ DDPM ឬទាក់ទងទៅកាន់លេខទូរស័ព្ទ 1784 ដែលជាខ្សែទូរស័ព្ទសង្គ្រោះបន្ទាន់ និងដំណើរការ ២៤ ម៉ោងក្នុងមួយថ្ងៃ។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Khaosod English