ឌូបៃ៖ អ្នកកាន់ទុក្ខនៅប្រទេសអ៊ីរ៉ង់ បានចូលរួមពិធីបុណ្យសពកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចុះសពជនរងគ្រោះពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ដែលអ៊ីរ៉ង់អះអាងថា បានវាយប្រហារចំផ្ទះមួយកន្លែងកំពុងរៀបចំពិធីមង្គលការ ខណៈភាពតានតឹងរវាងភាគីទាំងពីរបានកើនឡើងខ្លាំង។ ព្រមជាមួយគ្នានេះ អ៊ីរ៉ង់បានបាញ់មីស៊ីល និងបញ្ជូនយន្តហោះគ្មានមនុស្សបើក វាយប្រហារទៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសគុយវ៉ែត កាលពីយប់ថ្ងៃពុធ បន្ទាប់ពីការកើនឡើងនៃការប្រយុទ្ធដែលធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាងមួយខែ។ អ្នកកាន់ទុក្ខបានប្រមូលផ្តុំគ្នានៅរសៀលថ្ងៃព្រហស្បតិ៍ នៅខាងក្រៅភូមិ Kuhestak ក្នុងខោនធី Sirik តាមបណ្តោយឆ្នេរសមុទ្រ Hormuz ដែលជាតំបន់រងការវាយប្រហារតាមអាកាសយ៉ាងខ្លាំងរបស់សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃអង្គារ។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ស្ត្រីវ័យ ២២ ឆ្នាំម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីរងរបួសពីការវាយប្រហារទៅលើផ្ទះដែលមានពិធីមង្គលការ។ ករណីនេះធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៥នាក់ ខណៈមន្ត្រីអ៊ីរ៉ង់បាននិយាយថា មនុស្សជិត ៧០នាក់ទៀតបានរងរបួស។ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកកំពុងពិនិត្យមើលហេតុការណ៍នេះ។ លោក Vance បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនយកចិត្តទុកដាក់ចំពោះរបាយការណ៍នេះ និងចង់ស្វែងរកការពិតថាតើមានអ្វីកើតឡើង។

លោក Vance បានបន្ថែមថា ប្រសិនបើយោធាអាមេរិកបានធ្វើកំហុស នោះវានឹងត្រូវបានស៊ើបអង្កេត និងយកមកសិក្សា ដើម្បីកែលម្អប្រតិបត្តិការនាពេលអនាគត។ ចំណែកយោធាអាមេរិកបាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍របស់អ៊ីរ៉ង់ ប៉ុន្តែបានបញ្ជាក់ថា ខ្លួនមិនដែលកំណត់គោលដៅលើជនស៊ីវិលឡើយ។ នៅក្នុងពិធីបុណ្យសពជនរងគ្រោះចំនួន ៤នាក់ដែលស្លាប់ក្នុងហេតុការណ៍ពាក់ព័ន្ធនឹងពិធីមង្គលការ វីដេអូរបស់ទីភ្នាក់ងារសារព័ត៌មាន Mehr បានបង្ហាញរថយន្តមួយគ្រឿងដឹកមឈូសដែលគ្របដោយទង់ជាតិ និងធ្វើដំណើរកាត់តាមតំបន់ជនបទ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីប្រជាពលរដ្ឋក្នុងតំបន់ម្នាក់ថា ហេតុការណ៍នេះបានប្រែក្លាយពេលវេលាដែលគួរតែពោរពេញដោយភាពរីករាយរបស់គ្រួសារមួយ ទៅជាការកាន់ទុក្ខ។ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារ ដោយវាយប្រហារលើអ្វីដែលខ្លួនអះអាងថា ជាគោលដៅយោធានៅតាមបណ្តោយឆ្នេរសមុទ្រ។ ទីក្រុងវ៉ាស៊ីនតោនបានពណ៌នាការវាយប្រហារនេះថា ជាការឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។ ការកើនឡើងភ្លាមៗនៃភាពតានតឹងបានធ្វើឱ្យទីផ្សារប្រេងពិភពលោករងការរង្គោះរង្គើ។ តម្លៃប្រេងបានកើនឡើងជាប់គ្នា ៤ថ្ងៃមកដល់ថ្ងៃព្រហស្បតិ៍ ដោយតម្លៃប្រេងឆៅ Brent សម្រាប់កិច្ចសន្យាអនាគតបានឡើងដល់ជាង ៩៦ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែកក្កដា។

អ៊ីរ៉ង់បានរាយការណ៍ថា មនុស្សចំនួន ១៨នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកនាពេលចុងក្រោយ។ ជាការឆ្លើយតប កាលពីថ្ងៃពុធ អ៊ីរ៉ង់បានវាយប្រហារទៅលើមូលដ្ឋានរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ហ្ស៊កដានី កាតា គុយវ៉ែត និងបារ៉ែន។ អ៊ីរ៉ង់ក៏បានបន្តការវាយប្រហារនៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយអះអាងថា បានកំណត់គោលដៅលើមូលដ្ឋានយោធាអាមេរិកមួយទៀតនៅក្នុងប្រទេសគុយវ៉ែត។ យោធាគុយវ៉ែតបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។ ទោះជាយ៉ាងណា បន្ទាប់ពីការវាយប្រហារទាំងនេះ ស្ថានការណ៍ហាក់ដូចជាបានធូរស្រាលបន្តិច ដោយមិនមានការវាយប្រហារធំៗបន្ថែមពីភាគីណាមួយត្រូវបានរាយការណ៍នៅពេលថ្ងៃព្រហស្បតិ៍។

នៅខែសីហាកន្លងមក ស្ថានការណ៍នៅតំបន់ឈូងសមុទ្រភាគច្រើនមានភាពស្ងប់ស្ងាត់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ឈប់ការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាអស់រយៈពេល ២សប្តាហ៍កាលពីខែកក្កដា។ លោក Trump បានចាប់ផ្តើមប្រតិបត្តិការ «Operation Epic Fury» កាលពីខែកុម្ភៈ ដោយកំណត់គោលដៅរួមមាន ការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារប្រទេសជិតខាង និងបង្កើតលក្ខខណ្ឌឱ្យប្រជាជនអ៊ីរ៉ង់អាចផ្លាស់ប្តូរការដឹកនាំរបស់ខ្លួន។

ទោះជាយ៉ាងណា គោលដៅទាំងនេះមិនទាន់ត្រូវបានសម្រេចនៅឡើយ។ សេដ្ឋកិច្ចអ៊ីរ៉ង់បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការដាក់ទណ្ឌកម្ម និងសម្ពាធរបស់សហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋាភិបាលអ៊ីរ៉ង់នៅតែរក្សាអំណាច និងបង្ហាញពីបំណងចង់បញ្ចប់សង្គ្រាមដោយមានជំហររឹងមាំជាងមុន។ អ៊ីរ៉ង់បានទាមទារឱ្យមានការលុបចោលទណ្ឌកម្ម ហើយក៏សង្ឃឹមថានឹងអាចទទួលបានចំណូលពីនាវាដែលប្រើប្រាស់ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័នពិភពលោក មុនពេលសង្គ្រាមបានកើនឡើង។ ការវិវត្តចុងក្រោយនេះបានបង្កើនការព្រួយបារម្ភថា ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់អាចបន្តគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងប៉ះពាល់ដល់ទីផ្សារថាមពលពិភពលោក ប្រសិនបើការវាយប្រហារនៅជុំវិញច្រកសមុទ្រ Hormuz បន្តកើតមាន។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters