
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។
អញ្ជើញអមដំណើរ សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរួមជាមួយឧបនាយករដ្ឋមន្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលព្រមទាំងតំណាងធុរកិច្ចមកពីសភាពាណិជ្ជកម្មកម្ពុជានិងសមាគមឧកញ៉ាកម្ពុជា។
ក្រោមមូលបទ «បរិយាបន្ន និងចីរភាព» កិច្ចប្រជុំកំពូលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥៖ អនាគតរួមគ្នារបស់យើង ការពង្រឹងមជ្ឈភាពអាស៊ានការជំរុញកិច្ចប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយបណ្ដាដៃគូខាងក្រៅការដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់និងពិភពលោក ឆ្ពោះទៅរកគោលដៅរួមនៃសន្តិភាពស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងសកលលោក។
អំឡុងពេលស្នាក់នៅទីក្រុងគូឡាឡាំពួសម្ដេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំអាស៊ាននិងពិភពលោកមួយចំនួនផងដែរដើម្បីពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីលើបញ្ហានានាដែលមានផលប្រយោជន៍ទៅវិញទៅមកនិងក្តីកង្វល់រួម។
ប្រភព៖ ក្រសួងព័ត៌មាន