កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាថា នឹងបង្កើតនាវាចម្បាំងដែលមានសមត្ថភាពទំនើប និងអនុភាពខ្លាំងបំផុត ខណៈដែលប្រទេសនេះកំពុងពន្លឿនផែនការពង្រីក និងធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង កាលពីថ្ងៃពុធ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យកន្លែងផលិតនាវា Nampho Shipyard កាលពីថ្ងៃចន្ទ ដែលជាទីតាំងកំពុងសាងសង់នាវាចម្បាំងថ្មីមួយ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការកសាងកងនាវាចម្បាំងដែលមានសមត្ថភាពប្រយុទ្ធខ្ពស់ និងបច្ចេកវិទ្យាទំនើប។

កូរ៉េខាងជើង ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរ កំពុងពន្លឿនការធ្វើទំនើបកម្មកងទ័ពជើងទឹកយ៉ាងឆាប់រហ័ស ដោយបានដាក់ឱ្យដំណើរការនាវាពិឃាតទម្ងន់ ៥.០០០ តោន និងធ្វើតេស្តមីស៊ីលបាញ់ចេញពីនាវា។ ជាមួយគ្នានេះ លោក គីម ក៏បានប្តេជ្ញាបំពាក់អាវុធនុយក្លេអ៊ែរដល់កងនាវា និងសាងសង់នាវាចម្បាំងធុនធំដែលមានទម្ងន់រហូតដល់ ១០.០០០ តោនផងដែរ។

ទីក្រុងព្យុងយ៉ាងបានអះអាងថា ការពង្រីកសមត្ថភាពកងទ័ពជើងទឹកនេះ គឺជាការចាំបាច់ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ កូរ៉េខាងជើងក៏កំពុងអភិវឌ្ឍអាវុធថ្មីៗ ដើម្បីពង្រីកសមត្ថភាពយោធារបស់ខ្លួនឱ្យលើសពីកម្រិតនៃកងទ័ពជើងទឹកដែលផ្តោតលើការការពារដែនសមុទ្រតាមបណ្តោយឆ្នេរសមុទ្រដូចពីមុន។ តាមការចុះផ្សាយរបស់ KCNA លោក គីម បានលើកឡើងថា ស្ថានភាពភូមិសាស្ត្រនយោបាយដែលកំពុងប្រែប្រួល និងសកម្មភាពដែលលោកចាត់ទុកថាជាអរិភាពពីសំណាក់ប្រទេសសត្រូវ បានបង្ហាញពីភាពចាំបាច់ដែលកូរ៉េខាងជើងត្រូវមាននាវាចម្បាំងទំនើប និងមានអនុភាពខ្ពស់បំផុត។

លោកក៏បានអះអាងថា នាវាចម្បាំងដែលកំពុងសាងសង់នេះ មានប្រព័ន្ធប្រយុទ្ធដែលមានសមត្ថភាពប្រតិបត្តិការពិសេស ដែលតាមការអះអាងរបស់លោក គឺមិនមានប្រទេសណាផ្សេងទៀតនៅលើពិភពលោកមានឡើយ។ លោកបានសង្កត់ធ្ងន់ថា ការប្រមូលផ្តុំអំណាចប្រយុទ្ធដ៏ខ្លាំងក្លាបែបនេះ មានសារៈសំខាន់ចំពោះការការពារមាតុភូមិ ការធានាអធិបតេយ្យភាពជាតិ និងការទប់ស្កាត់រាល់ការគំរាមកំហែង។

ក្រោយពីបានពិនិត្យនាវាចម្បាំងនេះ លោក គីម បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ដោយអះអាងថា នាវាថ្មីនេះមានសមត្ថភាពខ្ពស់ជាងនាវាពិឃាតដែលកូរ៉េខាងជើងបានសាងសង់កាលពីឆ្នាំមុនយ៉ាងខ្លាំង។ ជុំវិញសមត្ថភាពរបស់នាវាចម្បាំងថ្មីនេះ លោក Lim Eul-chul សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាចុងបូព៌ានៃសាកលវិទ្យាល័យ Kyungnam បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការអះអាងអំពីសមត្ថភាពប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមក អាចជាសញ្ញាបង្ហាញពីផែនការបំពាក់មីស៊ីលគ្រូសយុទ្ធសាស្ត្រប្រភេទ Hwasal អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ព្រមទាំងមីស៊ីលប្រឆាំងនាវា និងមីស៊ីលពីនាវាបាញ់ទៅលើអាកាស។ គួរបញ្ជាក់ថា កាលពីឆ្នាំមុន កូរ៉េខាងជើងបានបង្ហាញនាវាចម្បាំងប្រភេទនាវាពិឃាតមួយគ្រឿង ដែលមានទម្ងន់ ៥.០០០ តោន។ អ្នកជំនាញយោធាជឿថា នាវានេះអាចផ្ទុកមីស៊ីលប្រឆាំងនាវា និងមីស៊ីលការពារដែនអាកាសបាន។

ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់កន្លែងផលិតនាវា បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ខណៈកាលពីចុងសប្តាហ៍កន្លងទៅ ប្រទេសនេះក៏បានធ្វើតេស្តដាច់ដោយឡែកមួយលើក្បាលគ្រាប់ប្រភេទគ្រាប់បែកចង្កោមផងដែរ។ ដោយឡែក ប្អូនស្រីរបស់លោក គីម ជុងអ៊ុន ក៏បានព្រមានសហរដ្ឋអាមេរិកកាលពីថ្ងៃពុធថា កូរ៉េខាងជើងនឹងចាត់វិធានការឆ្លើយតបកាន់តែខ្លាំងក្លា ចំពោះអ្វីដែលលោកស្រីចាត់ទុកថាជាគោលនយោបាយអរិភាពដែលមិនផ្លាស់ប្តូររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងព្យុងយ៉ាង

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖https://www.thestandard.com.hk/world/article/347460/North-Koreas-Kim-vows-to-build-most-advanced-warships