ប្រទេសអេត្យូពីបានបញ្ជាឱ្យអ្នកការទូតស៊ូដង់ចំនួន៦នាក់ចាកចេញពីប្រទេសក្នុងរយៈពេល៤៨ម៉ោង និងសម្រេចបិទស្ថានកុងស៊ុលរបស់ស៊ូដង់នៅទីក្រុង Asosa ដែលស្ថិតនៅជាប់ព្រំដែនប្រទេសទាំងពីរ។ វិធានការនេះត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកាលពីថ្ងៃអង្គារ ចំពេលភាពតានតឹងការទូតរវាងប្រទេសទាំងពីរកំពុងកើនឡើង។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់អេត្យូពីម្នាក់ បានឱ្យដឹងថា បុគ្គលិកស្ថានកុងស៊ុលស៊ូដង់ចំនួន៦នាក់ ត្រូវបានបញ្ជាឱ្យចាកចេញពីប្រទេសក្នុងរយៈពេល៤៨ម៉ោង។ ចំណែកទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) ក៏បានរាយការណ៍ពីវិធានការនេះដែរ ដោយផ្អែកលើប្រភពពីមន្ត្រីស៊ើបការណ៍សម្ងាត់អេត្យូពី និងការបញ្ជាក់ពីមន្ត្រីស៊ូដង់ម្នាក់។

ប្រភពដដែលបានឱ្យដឹងថា អាជ្ញាធរអេត្យូពីបានកោះហៅឯកអគ្គរដ្ឋទូតស៊ូដង់កាលពីថ្ងៃអាទិត្យ ដើម្បីជូនដំណឹងអំពីការបិទស្ថានកុងស៊ុល។ បុគ្គលិកស្ថានកុងស៊ុលបានចាកចេញពីប្រទេសកាលពីល្ងាចថ្ងៃអង្គារ ប៉ុន្តែមន្ត្រីទាំងពីរភាគីមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់នៃការបណ្តេញចេញនេះឡើយ។

ភាពតានតឹងរវាងអេត្យូពី និងស៊ូដង់បានកើនឡើង បន្ទាប់ពីស៊ូដង់ចោទប្រកាន់ទីក្រុង Addis Ababa ថាបានគាំទ្រកងកម្លាំងគាំទ្ររហ័ស (RSF) ដែលកំពុងប្រយុទ្ធប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលស៊ូដង់។ ចំណែកអេត្យូពីវិញ បានចោទប្រកាន់រដ្ឋាភិបាលទីក្រុង Khartoum ថាបានគាំទ្រក្រុមឧទ្ទាមនៅតំបន់ Tigray ភាគខាងជើងប្រទេសខ្លួន។ ទោះជាយ៉ាងណា ភាគីទាំងពីរបានបដិសេធការចោទប្រកាន់ទាំងនេះ។

មុនការសម្រេចបណ្តេញអ្នកការទូតស៊ូដង់ អាជ្ញាធរស៊ូដង់បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអេត្យូពីទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខនៃសហភាពអាហ្វ្រិក កាលពីថ្ងៃអាទិត្យ ដោយចោទប្រកាន់ថា អេត្យូពីបានអនុញ្ញាតឱ្យកងកម្លាំង RSF ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងប្រទេសស៊ូដង់។

ទោះបីជាស៊ូដង់បញ្ជាក់ពីសិទ្ធិការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនក៏ដោយ ក៏រដ្ឋាភិបាលទីក្រុង Khartoum នៅតែព្យាយាមជៀសវាងការផ្ទុះសង្គ្រាមដោយផ្ទាល់ជាមួយអេត្យូពី។ នេះបើតាមលោក Amjad Farid ទីប្រឹក្សាកិច្ចការនយោបាយ និងការបរទេសប្រចាំក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាលរបស់ស៊ូដង់។ លោកបានលើកឡើងថា ការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយអេត្យូពី នឹងធ្វើឱ្យកម្លាំងយោធាស៊ូដង់ដែលកំពុងខ្សោយស្រាប់ កាន់តែរងសម្ពាធ ខណៈដែលប្រទេសនេះនៅតែជាប់រវល់ក្នុងការប្រយុទ្ធយ៉ាងខ្លាំងជាមួយកងកម្លាំង RSF នៅភាគអាគ្នេយ៍។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលអេត្យូពីបានបដិសេធថា ខ្លួនមិនបានគាំទ្រកងកម្លាំង RSF ក្នុងសង្គ្រាមស៊ីវិលនៅស៊ូដង់នោះទេ។ ប៉ុន្តែការចោទប្រកាន់ទៅវិញទៅមករវាងប្រទេសទាំងពីរ កំពុងបង្កើនការព្រួយបារម្ភថា ជម្លោះផ្ទៃក្នុងរបស់ប្រទេសទាំងពីរអាចរីករាលដាល និងបង្កជាវិបត្តិសន្តិសុខកាន់តែធំទូលាយនៅតំបន់អាហ្វ្រិក។ 

គួរបញ្ជាក់ថា សង្គ្រាមរវាងកងទ័ពរដ្ឋាភិបាលស៊ូដង់ និងកងកម្លាំង RSF បានផ្ទុះឡើងកាលពីឆ្នាំ២០២៣ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបង្ខំឱ្យប្រជាជនជាង១៤លាននាក់ភៀសខ្លួនចេញពីលំនៅឋាន។ អង្គការសហប្រជាជាតិបានចាត់ទុកសង្គ្រាមនេះថា ជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតមួយនៅលើពិភពលោក។

ជាក់ស្តែង កាលពីថ្ងៃអាទិត្យ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើស្ថានីយអគ្គិសនីនៅទីក្រុង Al-Dabbah ភាគខាងជើងស៊ូដង់ និងទីក្រុង Abu Hamad បានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី។ រដ្ឋាភិបាលស៊ូដង់ និងអង្គការសិទ្ធិមនុស្ស Emergency Lawyers បានចោទប្រកាន់កងកម្លាំង RSF ថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ យុទ្ធនាការវាយប្រហារកាន់តែទូលំទូលាយក៏បានរំខានដល់ការផ្គត់ផ្គង់អគ្គិសនី និងទឹក ព្រមទាំងបង្កការគំរាមកំហែងដល់សេវាសុខាភិបាលសំខាន់ៗផងដែរ។

គួរឱ្យកត់សម្គាល់ថា ការបណ្តេញអ្នកការទូតស៊ូដង់លើកនេះ កើតឡើងបន្ទាប់ពីអេត្យូពីបានសម្រេចបណ្តេញអ្នកការទូតអេរីទ្រាចំនួន១០នាក់ និងបិទស្ថានទូតរបស់ខ្លួនប្រចាំប្រទេសអេរីទ្រាកាលពីថ្ងៃទី១ ខែតុលា។ ជាការឆ្លើយតប អេរីទ្រាបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអេត្យូពី។ កាលពីខែមុន អេត្យូពីក៏បានបណ្តេញអ្នកការទូតអេហ្ស៊ីបម្នាក់ផងដែរ ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរបានជាប់គាំងជាយូរមកហើយ ជុំវិញបញ្ហាទំនប់វារីអគ្គិសនីដ៏ធំរបស់អេត្យូពីលើទន្លេ Blue Nile ដែលអេហ្ស៊ីបបារម្ភថាអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹករបស់ខ្លួន។

បន្ថែមពីនេះ អេត្យូពីក៏បានចោទប្រកាន់ស៊ូដង់ អេហ្ស៊ីប និងអេរីទ្រាថា បានគាំទ្រក្រុមឧទ្ទាម Tigray ដែលបានបើកការវាយលុកប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលអេត្យូពីកាលពីខែកញ្ញា។ ទោះជាយ៉ាងណា ប្រទេសទាំងបីបានបដិសេធការចោទប្រកាន់នេះ ដែលធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែស្មុគស្មាញ និងបង្កការព្រួយបារម្ភអំពីការរីករាលដាលនៃជម្លោះទៅកាន់ប្រទេសជិតខាង។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ AI Jazeera