រុស្ស៊ី៖ រោងចក្រចម្រាញ់ប្រេងដ៏ធំមួយរបស់រុស្ស៊ីនៅទីក្រុង Yaroslavl បានរងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនពេញមួយយប់ បណ្តាលឱ្យមានអគ្គិភ័យ និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធរោងចក្រ ព្រមទាំងធ្វើឱ្យបុគ្គលិក២នាក់រងរបួស។ ការវាយប្រហារនេះកើតឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា បន្ទាប់ពីយោធារុស្ស៊ីបានអះអាងថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញយន្តហោះដ្រូនរបស់អ៊ុយក្រែនសរុបចំនួន៨៥៦គ្រឿងនៅទូទាំងប្រទេស។ រោងចក្រដែលរងការវាយប្រហារនេះមានឈ្មោះថា Slavneft Yaroslavnefteorgsintez (YANOS) ស្ថិតនៅចម្ងាយប្រមាណ២៥០គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងមូស្គូ។ រោងចក្រនេះធ្លាប់រងការវាយប្រហារពីអ៊ុយក្រែនយ៉ាងហោចណាស់២លើកមកហើយ ដែលធ្វើឱ្យមានការរំខានដល់ដំណើរការផលិតកម្ម។

លោក Mikhail Yevrayev អភិបាលតំបន់ Yaroslavl បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសបានចូលរួមទប់ស្កាត់ការវាយប្រហារដោយយន្តហោះដ្រូនចំនួន១២៤គ្រឿង ដែលសំដៅទៅលើរោងចក្រចម្រាញ់ប្រេងនេះ។ ទោះជាយ៉ាងណា ការវាយប្រហារបានបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនរងការខូចខាត និងមានបុគ្គលិក២នាក់រងរបួស។ ក្រុមសេវាសង្គ្រោះបន្ទាន់កំពុងប្រតិបត្តិការពន្លត់អគ្គិភ័យដែលកំពុងឆាបឆេះនៅក្នុងរោងចក្រ។

ជាមួយគ្នានេះ រូបភាពដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ប៉ុន្តែមិនទាន់មានការផ្ទៀងផ្ទាត់ឯករាជ្យ បានបង្ហាញពីអណ្តាតភ្លើងយ៉ាងធំនៅលើផ្ទៃមេឃពេលយប់។ ចំណែកភាគីអ៊ុយក្រែនមិនទាន់មានប្រតិកម្ម ឬការអត្ថាធិប្បាយជាផ្លូវការភ្លាមៗចំពោះហេតុការណ៍នេះនៅឡើយទេ។

កន្លងមក អ៊ុយក្រែនបានបើកការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីជាបន្តបន្ទាប់ ក្នុងគោលបំណងកាត់បន្ថយប្រភពចំណូល និងសមត្ថភាពផ្គត់ផ្គង់ធនធានសម្រាប់គាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ការវាយប្រហារទាំងនេះធ្លាប់បានរួមចំណែកធ្វើឱ្យមានការខ្វះខាតប្រេងឥន្ធនៈនៅតាមតំបន់មួយចំនួនរបស់រុស្ស៊ីកាលពីដើមឆ្នាំនេះ។ ជាការឆ្លើយតប រុស្ស៊ីបានបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនដោយប្រើប្រាស់មីស៊ីល និងយន្តហោះដ្រូន។

គួរឱ្យដឹងថា កាសែត The Wall Street Journal បានរាយការណ៍កាលពីសប្តាហ៍មុនថា អ៊ុយក្រែនបានផ្អាកការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី បន្ទាប់ពីមានសម្ពាធពីប្រធានាធិបតីអាមេរិក លោក Donald Trump។ លោក Trump ធ្លាប់បានលើកឡើងមុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិកថា ការវាយប្រហារទាំងនេះបានរួមចំណែកធ្វើឱ្យតម្លៃប្រេងម៉ាស៊ូតកើនឡើង។ ទោះជាយ៉ាងណា អ្នកវិភាគវិស័យថាមពលបានលើកឡើងថា សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ គឺជាកត្តាសំខាន់មួយដែលជំរុញឱ្យតម្លៃប្រេងកើនឡើង។

លើសពីនេះ មន្ត្រីរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃសុក្រថា អ៊ុយក្រែនបានបន្តវាយប្រហារលើរោងចក្រចម្រាញ់ប្រេងចំនួន៣ និងរោងចក្រគីមីឧស្ម័នមួយកន្លែងនៅតំបន់ Samara។ ចំណែកលោក Gleb Nikitin អភិបាលតំបន់ Nizhny Novgorod បាននិយាយកាលពីថ្ងៃអាទិត្យថា រោងចក្រឧស្សាហកម្មមួយក្នុងតំបន់របស់លោក ដែលជាទីតាំងរបស់រោងចក្រចម្រាញ់ប្រេង NORSI ក៏បានរងការខូចខាតដោយសារការវាយប្រហាររបស់យន្តហោះដ្រូនផងដែរ។ សូមបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេង YANOS មានសមត្ថភាពកែច្នៃប្រេងឆៅប្រមាណ១៥លានតោនក្នុងមួយឆ្នាំ និងផលិតប្រេងសាំង ប្រេងម៉ាស៊ូត ព្រមទាំងប្រេងឥន្ធនៈផ្សេងៗទៀត ដែលធ្វើឱ្យរោងចក្រនេះមានសារៈសំខាន់ចំពោះវិស័យថាមពលរបស់រុស្ស៊ី។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Yahoo News