ព្រុចសែល៖ គណៈកម្មការអឺរ៉ុបបានឱ្យដឹងថា ប្រទេសម៉ុងតេណេហ្គ្រោអាចបញ្ចប់ការចរចាចូលជាសមាជិកសហភាពអឺរ៉ុបនៅចុងឆ្នាំ២០២៦ និងអាចចុះហត្ថលេខាលើសន្ធិសញ្ញាចូលជាសមាជិកបាននៅខែមិថុនា ឆ្នាំ២០២៧។ ការវិវត្តនេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយសម្រាប់ប្រទេសនៅតំបន់បាល់កង់ខាងលិច ក្នុងការឈានទៅរកការក្លាយជាសមាជិកសហភាពអឺរ៉ុប។

នៅក្នុងរបាយការណ៍គោលនយោបាយពង្រីកសមាជិកភាពប្រចាំឆ្នាំ គណៈកម្មការអឺរ៉ុបបានលើកឡើងថា ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១១ ដែលសហភាពអឺរ៉ុបបានបញ្ចប់ការចរចាចូលជាសមាជិកជាមួយប្រទេសក្រូអាត បច្ចុប្បន្នសហភាពអឺរ៉ុបកំពុងស្ថិតក្នុងស្ថានភាពអាចបញ្ចប់ការចរចាចូលជាសមាជិកជាមួយប្រទេសបេក្ខភាពមួយទៀតបានក្នុងពេលឆាប់ៗនេះ គឺប្រទេសម៉ុងតេណេហ្គ្រោ។

គណៈកម្មការបានបញ្ជាក់ថា វឌ្ឍនភាពនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ម៉ុងតេណេហ្គ្រោ ក្នុងការជំរុញដំណើរការធ្វើសមាហរណកម្មទៅកាន់អឺរ៉ុប និងការអនុវត្តកំណែទម្រង់ចាំបាច់ ដើម្បីធ្វើឱ្យគោលដៅចូលជាសមាជិកសហភាពអឺរ៉ុបក្លាយជាការពិត។ គណៈកម្មការក៏បានបង្ហាញទំនុកចិត្តថា ការចរចាអាចត្រូវបានបិទជាស្ថាពរនៅចុងឆ្នាំ២០២៦ ប្រសិនបើប្រទេសនេះបន្តរក្សាល្បឿននៃកំណែទម្រង់។

ប្រទេសម៉ុងតេណេហ្គ្រោ ដែលមានប្រជាជនប្រមាណ ៦៣ម៉ឺននាក់ មានមហិច្ឆតាក្លាយជាសមាជិកទី២៨ របស់សហភាពអឺរ៉ុបនៅឆ្នាំ២០២៨។ ទោះជាយ៉ាងណា ការចូលជាសមាជិកជាផ្លូវការតម្រូវឱ្យប្រទេសសមាជិកទាំង២៧បច្ចុប្បន្ន ផ្តល់សច្ចាប័នលើសន្ធិសញ្ញាចូលជាសមាជិករបស់ប្រទេសនេះជាមុនសិន។ គណៈកម្មការអឺរ៉ុបក៏បានអំពាវនាវឱ្យម៉ុងតេណេហ្គ្រោបន្តផ្តោតលើការរៀបចំខ្លួនសម្រាប់សមាជិកភាព ដោយត្រូវរក្សាការអនុវត្តកំណែទម្រង់ដែលបានអនុម័តរួច និងធានាឱ្យមានការគាំទ្រជាបន្តបន្ទាប់ពីស្ថាប័ននយោបាយ និងសង្គមចំពោះដំណើរការចូលជាសមាជិកសហភាពអឺរ៉ុប។

ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបបានចាត់ទុកម៉ុងតេណេហ្គ្រោថាជាប្រទេសបេក្ខភាពដែលមានវឌ្ឍនភាពជិតឈានដល់សមាជិកភាពជាងគេ ខណៈប្រទេសអាល់បានី អ៊ុយក្រែន និងម៉ុលដាវី ក៏ត្រូវបានចាត់ទុកថាជាប្រទេសដែលកំពុងមានភាពរីកចម្រើនក្នុងដំណើរការចូលជាសមាជិកផងដែរ។

ដោយឡែក ចំពោះប្រទេសអាល់បានី គណៈកម្មការអឺរ៉ុបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយ និងការសន្ទនាប្រកបដោយបរិយាបន្ននៅក្នុងសភា ព្រមទាំងជាមួយសង្គមស៊ីវិល ដើម្បីជំរុញការអនុវត្តកំណែទម្រង់សំខាន់ៗរបស់សហភាពអឺរ៉ុប។ ការអំពាវនាវនេះធ្វើឡើងក្នុងពេលដែលអាល់បានីកំពុងប្រឈមនឹងការតវ៉ាទ្រង់ទ្រាយធំបំផុត ចាប់តាំងពីប្រទេសនេះបានផ្លាស់ប្តូរទៅរកប្រព័ន្ធប្រជាធិបតេយ្យ។

គណៈកម្មការបានបញ្ជាក់បន្ថែមថា អាល់បានីចាំបាច់ត្រូវបន្តអនុម័ត និងអនុវត្តកំណែទម្រង់សំខាន់ៗ ដើម្បីបំពេញលក្ខខណ្ឌតាមជំពូកនីមួយៗនៃការចរចាចូលជាសមាជិក។ វិធានការទាំងនេះមានសារៈសំខាន់សម្រាប់ប្រទេសអាល់បានី ក្នុងការសម្រេចគោលដៅបិទការចរចាចូលជាសមាជិកនៅចុងឆ្នាំ២០២៧ ដែលត្រូវបានចាត់ទុកថាជាគោលដៅមានមហិច្ឆតា ប៉ុន្តែអាចសម្រេចបាន ប្រសិនបើមានការប្តេជ្ញាចិត្ត និងកំណែទម្រង់ជាក់ស្តែង។ ការវិវត្តនេះបង្ហាញពីការបន្តជំរុញគោលនយោបាយពង្រីកសមាជិកភាពរបស់សហភាពអឺរ៉ុប ជាពិសេសចំពោះប្រទេសនៅតំបន់បាល់កង់ និងអឺរ៉ុបខាងកើត ដែលកំពុងខិតខំបំពេញលក្ខខណ្ឌនយោបាយ សេដ្ឋកិច្ច និងច្បាប់ ដើម្បីចូលរួមជាមួយប្លុកសហភាពអឺរ៉ុប។

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters