ពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “សៀវភៅជាជំនួយអាហារបញ្ញា ជាអាហារគំនិត»នឹងបើកឱ្យសាធារណជនចូលរួមដោយសេរីនៅតាមស្តង់លក់សៀវភៅប្រមាណ២៩៥ស្តង់ ដែលព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជានេះ គឺដើម្បីលើកកម្ពស់ការអាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការនៃការរៀបចំពិព័រណ៍សៀវភៅកម្ពុជា ឆ្នាំ២០២៥ នាសមាគមនអ្នកនិពន្ធខ្មែរ ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ឆ្នាំនេះ គឺជាឆ្នាំទី១២ ហើយដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយក្រសួងអប់រំយុវជន និងកីឡា ក្រសួងព័ត៌មាន បានរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥នៅកម្ពុជា។ ការបន្តឱ្យមានពិព័រណ៍សៀវភៅថ្នាក់ជាតិនេះឡើងមានគោលបំណងសំខាន់ៗដូចជាទី១. ជួយផ្សព្វផ្សាយការបោះពុម្ពសៀវភៅគ្រប់ប្រភេទ ទាំងស្នាដៃអ្នកនិពន្ធចាស់ និងថ្មី ដើម្បីឱ្យមានទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ទី២. ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅកាន់តែប្រសើរ និងក៏ជាសារទៅកាន់យុវជនឱ្យបានស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងបង្កើតគំនិតសម្រាប់ការសិក្សា និងការងារ។ ទី៣. បង្កើនកម្មវិធីនិទានរឿង និងគូរគំនូររូបភាពផ្សេងៗ ក្នុងគោលបំណងបណ្តុះទឹកចិត្តកុមារឱ្យស្រឡាញ់ និងចូលចិត្តសៀវភៅតាំងពីតូច។ ទី៤. គាំទ្រឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជា និងក្នុងពិភពលោក និងទី៥. លើកទឹកចិត្តដល់កវី អ្នកនិពន្ធ អ្នកស្រាវជ្រាវ វិចិត្រករខ្មែរ ក្នុងការបង្កើតស្នាដៃថ្មីៗបន្ថែមទៀត។

ឯកឧត្តម សុខ ឫទ្ធី តំណាងគណៈកម្មការពិព័រណ៍សៀវភៅកម្ពុជាមានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយឆ្នាំ ការតាំងពិព័រណ៍សៀវភៅកម្ពុជាបានទទួលការគាំទ្រពីសាធារណជន ពិសេសយុវជនកាន់តែច្រើនឡើងៗ ហើយបានក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏ធំក្នុងការផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ និងស្គាល់ពីគុណតម្លៃនៃការអាន ដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងការងារ។ឯកឧត្តមបានរំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅឆ្នាំនេះ នឹងទទួលបានអ្នកចូលរួមកើនដល់២០ម៉ឺននាក់ និមានការចូលរួមទិញសៀវភៅឱ្យបានច្រើន ដើម្បីលើកស្ទួយ និងពង្រឹងការអាននៅកម្ពុជា។

សូមជម្រាបជូនថា ពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា លើកទី១២ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “សៀវភៅជាជំនួយអាហារបញ្ញា ជាអាហារគំនិត»មានរយៈពេល៤ថ្ងៃ (១១-១៤ ធ្នូ ២០២៥) នឹងមានសៀវភៅរាប់ម៉ឺនក្បាលតាំងលក់តាមស្តង់ពិព័រណ៍ប្រមាណជិត៣០០ស្តង់ ជាស្ថាដៃអ្នកនិពន្ធល្បីៗ គ្រឹះស្ថានបោះពុម្ពផ្សាយ និងបណ្ណាគារនានាក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយនិងការដាក់លក់ក្នុងតម្លៃពិសេសៗផងដែរ។ជាងនេះទៅទៀត ក៏មានសកម្មភាពកម្សាន្តជាច្រើន មានកន្លែងថតរូបស្អាតៗទាក់ទាញ ការលេងហ្គេមដើម្បីឈ្នះរង្វាន់ ការគូរគំនូរ ផាត់ពណ៌សម្រាប់កុមារតូចៗនៅសួនកុមារ ការប្រគំតន្រ្តី និងការបង្ហាញសមត្ថភាពសម្តែងប្លែកៗថែមទៀតផង៕

ប្រភព៖ ក្រសួងព័ត៌មាន