
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន និងប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះវិហារ ដែលរៀបចំឡើងនៅសាលប្រជុំអគាររដ្ឋបាលសាលាខេត្ត នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បានគូសបញ្ជាក់ថាវត្តមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិតនាឱកាសនេះពិតជាបានសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាគមន៍ក្នុងការលើកស្ទួយជីវភាពអតីតយុទ្ធជននិងនិវត្តន៍ជននិងគ្រួសារទាំងស្មារតីនិងសម្ភារៈក៏ដូចជាការការពារភាពសុខដុមរមនាក្នុងសង្គមជាតិកម្ពុជាប្រកបដោយភាពជឿជាក់និងប្រាកដនិយម។
ឯកឧត្ដមបានបន្តថា ក្នុងនាមជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តព្រះវិហារ ឯកឧត្តមបានគោរពថ្លែងនូវការដឹងគុណនិងសម្តែងនូវភាពស្មោះត្រង់ឥតងាករេចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាដែលបានផ្តល់ឱកាសឱ្យយើងខ្ញុំទាំងអស់គ្នាបានចូលរួមចំណែក ភាតរភាពបំពេញបេសកកម្មរបស់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាក្នុងបុព្វហេតុលើកស្ទួយជីវភាពបង្កើតស្មារតីសាមគ្គីភាពមនសិការជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីលើកកម្ពស់តួនាទីនិងតម្លៃរបស់អតីតយុទ្ធជននិងនិវត្តជនឱ្យសក្តិសមទៅនឹងគុណ បំណាច់ដ៏ធំធេងចំពោះប្រទេសជាតិនិងប្រជាជនកម្ពុជា។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃសមាគមអតីតយុទ្ធជននិងនិវត្តជនក្នុងខេត្តព្រះវិហារទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាននិងតម្កល់នូវឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំ។ បន្តអនុវត្តតាមតួនាទីភារកិច្ចដែលមានចែងក្នុងលក្ខន្តិកៈ សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតឬមហាសន្និបាតវិសាមញ្ញតំណាង សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាទូទាំងប្រទេសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា រាជធានី ខេត្ត និងសេចក្តីសម្រេចឬគោលការណ៍ណែនាំផ្សេងៗ របស់សមាគមន៍អតីតយុទ្ធជននិងនិវត្តជនកម្ពុជាឱ្យបានខ្ជាប់ខ្ជួនជាប់ជានិច្ច។
បន្ថែមពីនេះត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងធ្វើកិច្ចសហការនិងទំនាក់ទំនងឱ្យបានជិតស្និទ្ធល្អប្រសើរ ជាមួយគ្រប់លំដាប់ថ្នាក់ដៃគូអភិវឌ្ឍន៍និងអ្នកពាក់ព័ន្ធនានាដើម្បីរួមគ្នាជាធ្លុងមួយធានារក្សាឱ្យបាននូវសុវត្ថិភាពសង្គម សុខដុម រមនា និងវិបុលភាពជូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ។
ប្រភព៖ ក្រសួងព័ត៌មាន