ក្នុងពិធីបិទមហាសន្និបាតលើកទី២៤ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូ ទទួលជាប្រធានប្តូរវេនពីប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី២៥ នៅឆ្នាំ២០២៦ខាងមុខនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីបិទមហាសន្និបាត និងប្រគល់ញញួរជូនប្រធានប្តូរវេនទៅកាន់សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថាក្នុងនាមសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលជាប្រធានប្តូរវេនដែលនឹងរៀបចំនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា មកទល់ពេលនេះ សមាជិករបស់ VECONAC បានអនុវត្តគំនិតផ្តួចផ្តើមកាន់តែច្រើនឡើងៗ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ, ការចែករំលែកព័ត៌មាន ចំណេះដឹងនិងការចូលរួមក្នុងកម្មវិធីគាំទ្រដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់អតីតយុទ្ធជនជាពិសេសក្រុមមនុស្សចាស់ដែលរងរបួសក្នុងសម័យសង្រ្គាម។ តាងនាមសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាឯកឧត្តម ទេសរដ្ឋមន្រ្តី សូមសម្តែងសេចក្តីសោមនស្សរីករាយចំពោះការទទួលជាប្រធានប្តូរវេនដែលនេះជាមោទនភាពនិងកិត្តិយសសម្រាប់សមាគមក្នុងការបំពេញតួនាទីរបស់ខ្លួនពិសេសសមាគម សូមប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការបង្កើនចំណងសាមគ្គីភាពមិត្តភាពនិងការយោគយល់គ្នាទៅវិញទៅមកដើម្បីរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៃប្រទេសនីមួយៗនិងតំបន់ទាំងមូល។

ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសជាសមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ានទាំងអស់នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយគ្នាប្រកបដោយការទទួលខុសត្រូវរួមគ្នាសាមគ្គីជាធ្លុងមួយដើម្បីសម្រេចបានសមិទ្ធផលថ្មីទៀតលើវិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្គ្រាម នឹងបន្តសកម្មភាពកាន់តែផុសផុលថែមទៀតក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដើម្បីជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហានហ៊ានពុះពារជម្នះ គ្រប់ឧបសគ្គរបស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ និងប្រជាជនឲ្យមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

សូមជម្រាបថា សហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC ត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំនិងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជននៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីធ្វើការងារជាប្រយោជន៍ដល់អតីតយុទ្ធជនរួមទាំងអ្នករងរបួសនិងក្រុមគ្រួសារដោយរួមចំណែកដល់សន្តិភាពស្ថិរភាព ភាពសុខដុមរមនានិងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។

 

 

ប្រភព៖ ក្រសួងព័ត៌មាន