សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសរំលេចថា ការគ្រប់គ្រងគ្រោះមហន្តរាយជាការងារពហុវិស័យជាការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច-សង្គម របស់ប្រទេសជាតិដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន និងចីរភាព។

តាមរយៈសារលិខិតក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតីនាយករដ្ឋន្ត្រីបានបន្តថាក្នុងន័យខាងលើគ្រប់ភាគីពាក់ព័ន្ធទាំងអស់   គឺមានតួនាទីក្នុងការចូលរួមធ្វើសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ  ដោយធ្វើការវិនិយោគភាពវៃឆ្លាតគឺការវិភាគ ទុននិងធនធានដោយផ្ទាល់ដើម្បីធ្វើសមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅក្នុងការអភិវឌ្ឍសហគមន៍។

គួរជម្រាបជូនថាទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំនេះបានធ្វើឡើងក្រោមប្រធានបទ «ធ្វើសកម្មភាពរៀងរាល់ថ្ងៃសម្រាប់ភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ»។

ប្រធានបទដែលត្រូវបានលើកយកមកប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនាឱកាសនេះស្របជាមួយ ទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយនិងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយដែលជាការផ្សារភ្ជាប់កិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិរួមជាមួយថ្នាក់តំបន់ និងអន្តរជាតិ អំពីសារៈសំខាន់នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនិងការបង្ហាញអំពីជំហរការប្តេជ្ញាចិត្តនិងសាមគ្គីភាពរបស់

ប្រជាជាតិ.  អាស៊ានក្នុងការរួមគ្នាគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនិងការឆ្លើយតបសង្គ្រោះបន្ទាន់ក្នុងស្មារតីការលើកកម្ពស់ “អាស៊ានតែមួយនិងស្របតាមក្របខ័ណ្ឌការងារសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០១៥-២០៣០។

 

 

 

ប្រភព៖ ក្រសួងព័ត៌មាន