
ធនាគារជាតិនៃកម្ពុជាថ្មីៗនេះបានក្រើនរំឭកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ទល់ការឆបោកផ្នែកសេវាហិរញ្ញវត្ថុឌីជីថល ។ ការអំពាវនាវនេះបានធ្វើឡើងខណៈមានជនខិលខូចមួយចំនួនបានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្តាញសង្គម ដូចជា Telegram,Facebook និង TikTok ជាដើមក៏ដូចជាតាមប្រព័ន្ធទូរសព្ទកំពុងមានការកើតឡើងស្របពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាពិសេសលើប្រព័ន្ធផ្ទេរប្រាក់តាមទូរសព្ទមានការរីកចំរើនគួរអោយកត់សំគាល់ ហើយប្រជាពលរដ្ឋខ្មែរពិសេសអ្នកវ័យចំណាស់មានការយល់ដឹងអំពីបច្ចេកវិទ្យានេះនៅមានកម្រិត។
ធនាគារជាតិនៃកម្ពុជាបានសង្កេតឃើញថា ឆ្លៀតឱកាសនេះជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះដោយប្រើគណនីបណ្តាញសង្គមនៃសមាជិកណាមួយរបស់គ្រួសារឬញាតិសន្តានឬមិត្តភក្តិឬថ្នាក់ដឹកនាំស្ថាប័ននៃជនរងគ្រោះដែលពួកគេបានលួចរួចផ្ញើសារជាអក្សរឬជាសម្លេងបន្លំជាសមាជិកណាមួយរបស់គ្រួសារឬញាតិសន្តានឬមិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាប័ននៃជនរងគ្រោះឬទូរសព្ទផ្ទាល់ទៅកាន់ជនរងគ្រោះដើម្បីសុំខ្ចីប្រាក់ឬផ្ទេរប្រាក់យកទៅប្រើប្រាស់បន្ទាន់ក្នុងរយៈពេលខ្លីដោយប្រើល្បិចអោយជនថងគ្រោះផ្ទេរប្រាក់ឱ្យពួកគេតាមកម្មវិធីទូរសព្ទចល័តឬតាមគណនីឬតាមរយៈភ្នាក់ងាររបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឬគ្រឹះស្ថានផ្តល់សេវាទូរទាត់ប្រាក់។ ស្ថិតក្នុងស្ថានភាពនេះធនាគារជាតិនៃកម្ពុជាក៏បានណែនាំអោយសាធារណជនយកចិត្តទុកដាក់រក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួននិងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល អោយបានទូលំទូលាយព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរសព្ទចល័តឬតាមគណនីឬតាមរយៈភ្នាក់ងារដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបានក្នុងការបញ្ជាក់ពីលេខទូរសព្ទលេខគណនីនិងអត្តសញ្ញាណអ្នកទទួលប្រាក់ជាដើម ឱ្យបានត្រឹមត្រូវនិងច្បាស់លាស់។
ទន្ទឹមនេះធនាគារជាតិនៃកម្ពុជាបានស្នើឲ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នដោយមិនត្រូវចុចលើតំណភ្ជាប់គេហទំព័រឬផ្លែតហ្វមវិនិយោគដែលមិនមានប្រភពច្បាស់លាស់និងកុំផ្តល់ព័ត៌មានផ្ទាល់ខ្លួនឬលក់គណនីធនាគារនិងលេខទូរសព្ទឱ្យបុគ្គលដទៃ។ កន្លងមកនេះជនល្មើសមួយចំនួនបានប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ផ្សេងៗដូចជាក្លែងជាបុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុឬក្រុមហ៊ុនឯកជនដើម្បីផ្តល់ព័ត៌មានក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យជនរងគ្រោះផ្ញើប្រាក់ជាមុន ។
សូមរម្លឹកថា នេះមិនមែនជាលើកទី១នោះទេដោយកាលពីដើមខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានណែនាំប្រជាពលរដ្ឋកុំអោយចាញ់ល្បិចឆបោកទម្រង់ថ្មីដែលអូសទាញប្រជាពលរដ្ឋអោយចាយវាយរូបីយ បណ្ណអេឡិចត្រូនិកជាបណ្ដាញដែលជាលុយអេឡិចត្រូនិកពិសេសកាក់ឌីជីថលដែលមិនមានការទទួលស្គាល់ពីរដ្ឋាភិបាល ។
ហើយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានប្រកាសថាមានជនខិលខូចបានក្លែងបន្លំជាថ្នាក់ដឹកនាំនិងប្រើប្រាស់អាសយដ្ឋានអ៊ីម៉ែលក្លែងក្លាយក្រោមឈ្មោះធនាគារជាតិនៃកម្ពុជាព្រមទាំងបណ្តាញសង្គមផ្សេងៗដើម្បីទាក់ទងទៅកាន់សាធារណជនក្នុងចេតនាទុច្ចរិតដូចជារៃអង្គាសប្រាក់ ផ្ទេរប្រាក់ផ្សព្វផ្សាយពីគម្រោងវិនិយោគឬការទិញ-លក់ទំនិញនិងសេវាកម្មផ្សេងៗដោយខុសច្បាប់។ ហើយចុងក្រោយនេះកាលពីថ្ងៃទី១៤តុលា២០២៤ធនាគារជាតិនៃកម្ពុជាបានប្រកាសអំពីជនខិលខូចដែលបានក្លែងបង្កើតគណនីតេលេក្រាម (Telegram) ដែលប្រើឈ្មោះធនាគារជាតិនៃកម្ពុជាវិនិយោគក្នុងចេតនាទុច្ចរិតឆបោកប្រាក់កាសតាមរយៈការផ្សព្វផ្សាយពីគម្រោងវិនិយោគឬប្រតិបត្តិការជួញដូរផលិតផលហិរញ្ញវត្ថុក្រៅផ្លូវការដូចជាហាងឆេងមាស អត្រាប្តូរប្រាក់ឬទ្រព្យឌីជីថលជាដើម។
ប្រភព៖ ក្រសួងព័ត៌មាន