លោក សាយ គឹមឡម អភិបាលស្រុកស្ទោង លើកទឹកចិត្តអាជ្ញាធរភូមិ/ឃុំ ត្រូវមានទស្សនៈវែងឆ្ងាយក្នុងការតភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋក្រីក្របានប្រើប្រាស់គ្រប់ខ្នងផ្ទះដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងឱកាសអញ្ជើញដឹកនាំប្រជុំស្ដីពីការតបណ្ដាញទឹកស្អាតនិងដំណើរការគ្រប់គ្រងស្ថានីយបន្សុទ្ធទឹកនិងស្ថានីយចែកចាយទឹកនៅក្នុងឃុំគោលដៅរបស់អង្គការទស្សនៈពិភពលោក និងគម្រោងអភិវឌ្ឍន៍រដ្ឋាករទឹកស្វយ័តស្ទោងតាំងក្រសាំង កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅអគាររដ្ឋបាលស្រុកស្ទោង។

លោក សាយ គឹមឡម បានបញ្ជាក់ថា ថ្វីដ្បិតនៅក្នុងស្រុកស្ទោងមានទឹកស្អាតប្រើប្រាស់ហើយក្តី ប៉ុន្តែពុំទាន់បានតបណ្ដាញឬរត់បណ្ដាញទុយោ មេបានសព្វគ្រប់ទូទាំងស្រុកឡើយជាពិសេសនៅតាមបណ្ដាឃុំគោលដៅរបស់អង្គការទស្សន:ពិភពលោកដែលកំពុងដុតដៃដុតជើងក្នុងការតភ្ជាប់បណ្ដាញទឹកថ្មីៗថែមទៀតរបស់រដ្ឋាករទឹកស្វយ័តស្ទោង តាំងក្រសាំងដែលជាការឆ្លើយតបថែមទៀតនិងដើម្បីធានានូវការសម្រេចយុទ្ធសាស្ត្រទឹករបស់រាជរដ្ឋាភិបាលអាណត្តិទី៧ឱ្យខាងតែបាន។

លោកអភិបាលស្រុកបានសង្កត់ធ្ងន់ថាដោយសារប្រទេសជាតិយើងមានការអភិវឌ្ឍលឿនដូច្នេះអាជ្ញាធរភូមិឃុំ និងអង្គភាពពាក់ព័ន្ធជាពិសេសរដ្ឋាករទឹកស្វយ័តស្ទោង តាំងក្រសាំងត្រូវសហការគ្នាខ្ពស់ប្រជុំពិភាក្សាសិក្សាលម្អិតក្នុងការពង្រីកនិងតភ្ជាប់បណ្ដាញក៏ដូចជាធ្វើនៅផែនការយុទ្ធសាស្ត្រនិងផែនទីក្នុងការរត់ទុយោមេ និងជំរុញការតបបណ្ដាញរហូតដល់គ្រប់ភូមិនិងគ្រប់ខ្នងផ្ទះជាពិសេសពលរដ្ឋដែលមានបណ្ណសមធម៌ និងបណ្ណក្រីក្រនៅក្នុងឆ្នាំ២០២៦នេះផងដែរ។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានណែនាំបន្ថែមទៀតដល់អាជ្ញាធរភូមិ ឃុំ និងសហការី អង្គភាពពាក់ព័ន្ធត្រូវខិតខំបម្រើសេវាជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋរបស់ខ្លួនឱ្យអស់ពីលទ្ធភាពនិងដល់ជណ្ដើមផ្ទះជាពិសេសមិនត្រូវពាក់ព័ន្ធឬប្រកាន់និន្នាការនយោបាយឡើយព្រោះជាពលរដ្ឋខ្មែរតែមួយរបស់អាជ្ញាធរ។

លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោករដ្ឋាករទឹកស្វយ័តស្ទោង តាំងក្រសាំង និងរដ្ឋាករទឹកស្វយ័តផ្សេងទៀតដែលតែងតែសហការខ្ពស់ក្នុងការតភ្ជាប់បណ្ដាញនិងផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានប្រើប្រាស់កន្លងមកហើយត្រូវបន្តវប្បធម៌ដ៏ល្អផូរផង់នេះនិងខិតខំតបណ្ដាញថ្មីៗថែមទៀត។

 

 

ប្រភព៖ ក្រសួងព័ត៌មាន