
នាថ្ងៃពុធ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួង សាធារណការនិងដឹកជញ្ជូន និង ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសហប្រធានគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ លើកទី៧ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណៈកម្មការ តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុនិងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យតាមដានលទ្ធផលសម្រេចបាន និងមិនទាន់សម្រេចបាននូវការងារដែលកិច្ចប្រជុំលើកទី៦ បានសម្រេចដាក់ចេញឱ្យភាគីពាក់ព័ន្ធអនុវត្ត និងពិភាក្សាលើសំណើថ្មីៗ ពាក់ព័ន្ធនឹងគម្រោងប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដូចជាការងារគ្រប់គ្រងថែទាំផ្លូវ ការងារសុវត្ថិភាពចរាចរណ៍ការកកស្ទះពេលរដូវបុណ្យជាតិធំៗ និងការជំរុញឱ្យមានការកើនអ្នកប្រើប្រាស់ផ្លូវ និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតដែលធ្វើយ៉ាងណាឱ្យការងារបំរើសេវាជូនអ្នកប្រើប្រាស់ផ្លូវបានល្អប្រសើរ។
អង្គប្រជុំបានកត់សម្គាល់ថាក្រោមកិច្ចប្រឹងប្រែងពីអង្គភាព ស្ថាប័នពាក់ព័ន្ធនិងក្រុមហ៊ុនវិនិយោគ បច្ចុប្បន្នអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនមានការកើនឡើងគួរឱ្យកត់សម្គាល់។ អ្នកប្រើប្រាស់ផ្លូវមានការយល់ដឹងកាន់តែខ្ពស់ ស្របពេលដែលក្រុមហ៊ុនបានរៀបចំវីដេអូអប់រំខ្លីៗ ផ្សព្វផ្សាយជាញឹកញាប់។ យ៉ាងណាការកកស្ទះចរាចរណ៍នៅច្រកកំពង់សីលានៅតែមានការកកស្ទះពេលរដូវបុណ្យជាតិដែលអង្គប្រជុំបានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាជាក់លាក់ដោះស្រាយដាក់ចេញវិធានការឱ្យបានឆាប់។
លើសពីនេះករណីគ្រោះថ្នាក់ចរាចរណ៍ក៏នៅតែជាបញ្ហាចម្បងដោយសារកត្តាបើកបរហួសល្បឿនកំណត់ទាមទារឱ្យក្រុមហ៊ុនធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំ។ អង្គប្រជុំក៏បានកត់សម្គាល់ដែរថាអំពើចោរកម្មលួចកាត់ខ្សែភ្លើង ប៊ូឡុង បង្គោលសុវត្ថិភាពនៅតែមាននៅតាមបណ្តោលផ្លូវល្បឿនលឿនស្នើឱ្យអង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុន សហការជិតស្និទ្ធិជាមួយអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់។
ប្រភព៖ ក្រសួងព័ត៌មាន