
ក្រសួងធម្មការនិងសាសនា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះភាគីថៃដែលបានប្រើប្រាស់ អាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៣:៥០ នាទីរសៀល បណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារបួសចំនួន ៣នាក់ និងស្លាប់បាត់បង់ជីវិតចំនួន ១នាក់។
ក្រសួងធម្មការនិងសាសនា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវ ឃោរឃៅ ខុសច្បាប់អន្តរជាតិហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌ក៏ដូចជាផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមមន្ត្រី ម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពហិង្សាខុសច្បាប់របស់ភាគីថៃម្តងហើយម្តងទៀតដូច្នេះ ភាគីថៃត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។
កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់ព្រោះជាការគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុង តំបន់។ ទន្ទឹមនឹងនេះកម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយ នៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ស្មោះត្រង់និងប្រកបដោយសុច្ចរិតភាព។
តាងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនាសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះដើម្បីស្វែងរកការពិតការទទួលខុសត្រូវនិងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។
ប្រភព៖ ក្រសួងព័ត៌មាន