
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣៣។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
ក្នុងពិធីនេះក៏មានការយាងនិមន្ត និងអញ្ជើញចូលរួមជាកិត្តិយសពីសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈនិងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ថ្នាក់ដឹកនាំបរិស័ទនៃឥស្លាមសាសនាគ្រីស្ទសាសនានិងសាសនាដទៃទៀតព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនអង្គ/នាក់។
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣នេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបូកសរុបសកម្មភាពពិនិត្យនិងវាយតម្លៃលើលទ្ធផលការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ដែលបានដាក់ចេញកន្លងមកដោយមានកិច្ចពិភាក្សានិងផ្លាស់ប្តូរមតិយោបល់លើការអនុវត្តការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ននិងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្ត។ មហាសន្និបាតធ្វើឡើងសំដៅពង្រឹងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងរួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ផែនការយុទ្ធសាស្ត្រនិងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាននិងពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាការផ្សព្វផ្សាយព្រះធម៌វិន័យដើម្បីអភិវឌ្ឍធនធានបព្វជិតសំដៅធ្វើយ៉ាងណាឲ្យវិស័យព្រះពុទ្ធសាសនា មានភាពរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាស្រែបុណ្យគួរជាទីគោរពបូជារបស់ពុទ្ធបរិស័ទ។
ប្រភព៖ ក្រសួងព័ត៌មាន