
ដោយបានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គណ:ប្រតិភូគណ:កម្មការសុខាភិបាលសង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណ: កម្មការទី៨)នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យ និង ស្វែងយល់អំពី វឌ្ឍនភាពការងារ ក៏ដូចជាបញ្ហាប្រឈមនានានិងសំណូមពររបស់មន្ទីរពេទ្យព្រះអង្គឌួង ។ គណ:ប្រតិភូទទួលបានការស្វាគមន៍ពីសំណាក់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល ។
ឯកឧត្តមសាស្ដ្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារក៏ដូចជាបញ្ហាប្រឈមនានាដែលមន្ទីរពេទ្យបានជួបប្រទះកន្លងមក ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានផ្តោតលើវិស័យសុខាភិបាលជាវិស័យអាទិភាពសម្រាប់ផ្តល់សេវាព្យាបាលជូនដល់ប្រជាពលរដ្ឋដោយឥតបង់ប្រាក់តាមរយ:ការបង្កើតនូវប្រព័ន្ធគាំពារសង្គមមានដូចជាការប្រើប្រាស់ប័ណ្ណសមធម៌ ប័ណ្ណក្រីក្រនិងប័ណ្ណ ប.ស.ស ។
ឯកឧត្តមបន្តថាមន្ទីរពេទ្យព្រះអង្គឌួងចាប់តាំងពីឆ្នាំ២០០៩ ដល់ ២០២៥ ទាំងផ្នែកសេវាព្យាបាល បច្ចេកវិទ្យា មានការរីកចំរើនគួរឱ្យកត់សំគាល់ ។ អ្នកជំងឺមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យព្រះអង្គឌួង បានកើនឡើងជារៀងរាល់ឆ្នាំ ដោយក្រុមគ្រូពេទ្យបាន យកចិត្តទុកដាក់លើក្រមសីលធម៌វិជ្ជាជីវៈការចែករំលែកចំណេះបច្ចេកទេសនិងបទពិសោធន៍ការផ្តល់សេវាការលើកទឹកចិត្ត។ បុគ្គលិកត្រូវអនុវត្តយ៉ាងត្រឹមត្រូវ និងការគ្រប់គ្រងហើយការពង្រឹងប្រសិទ្ធភាពការងារត្រូវបានអនុវត្តតាមបទបញ្ជាផ្ទៃក្នុងដោយផ្តោតលើការស្មោះត្រង់ ក្រមសីលធម៌ វិជ្ជាជីវៈនិងសាមគ្គីភាពផ្ទៃក្នុង ការប្រើប្រាស់បច្ចេកវិទ្យានិងបរិក្ខារទំនើបថ្មីៗហើយក៏បានជំរុញឱ្យផ្តល់សេវាកាន់តែប្រសើរឡើង ជាពិសេសនាពេលអនាគតគឺបន្តពង្រឹង គុណភាពសេវាថែទាំបន្តការលើកទឹកចិត្តបុគ្គលិកសុខភាពផ្លូវកាយនិងផ្លូវចិត្តនិងបណ្តុះបណ្តាលថ្នាក់ដឹកនាំបន្ត។ លោកជំទាវ ឡោក ខេង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យព្រះអង្គឌួង ដោយបានវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សក្លាយជាស្ថាប័នដែលមានការសាទរ ទទួលស្គាល់ និងមានទំនុកចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់លើការធានារ៉ាប់រងចំពោះការគាំពារសុខភាពនៅពេលមានជំងឺឬក៏គ្រោះថ្នាក់ផ្សេងៗ ។ លោកជំទាវ ឡោក ខេង បានបន្ថែមថាសម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងវិស័យសុខាភិបាលនិងគោលនយោបាយអាទិភាពសំដៅឈានដល់ការគ្របដណ្ដប់សុខភាពជាសាកល ។ ក្នុងន័យនេះ ប.ស.ស. ក៏ដើរតួយ៉ាងសំខាន់ក្នុងការជំរុញគោលនយោបាយមួយនេះផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន