
ការលើកឡើងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា កម្ពុជាមិនគាំទ្រជាដាច់ខាតចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬចែករំលែកព័ត៌មានមិនពិត ឬការផលិតព័ត៌មានក្លែងក្លាយណាមួយ ព្រោះទង្វើទាំងនេះគឺមិនបានជួយដល់ការបន្ធូរបន្ថយភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលសតិអារម្មណ៍របស់សាធារណជនប៉ុណ្ណោះទេ តែថែមទាំងមិនបានបង្កើតបរិយាកាសអំណោយផលដល់កិច្ចសន្ទនាថែមទៀតផង។
លោកជំទាវអ្នកនាំពាក្យបានបន្ថែមថា លើសពីនេះទៅទៀតកម្ពុជាបានប្រកាន់ខ្ជាប់ និងអនុវត្តនូវអ្វីដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគនាពេលកន្លងមក ជាពិសេសកិច្ចប្រជុំវិសាមញ្ញថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤កម្ពុជា និងបញ្ជា ការដ្ឋានកងទ័ពភូមិភាគទី២ថៃ ដែលទើបបានបញ្ចប់ទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដោយភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនជំនឿទុកចិត្ត សំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែនដោយប្រើប្រាស់យន្តការផ្សេងៗ៕
ប្រភព៖ក្រសួងការពារជាតិ