សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសនៃការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍” នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថាការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍គឺជាកាលានុវត្តភាពថ្មីដ៏សំខាន់មួយដើម្បីបង្ហាញពីផលប៉ះពាល់លើការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ជាមួយការប្រឈមថ្មីនានារួមទាំងការកាត់បន្ថយថវិកាពីអ្នកផ្តល់ជំនួយអន្តរជាតិក៏ដូចជាដើម្បីបង្ហាញពីចីរភាពនិងភាពធន់របស់ប្រទេសនិងសហគមន៍ដែលក្រោកឈរយ៉ាងរឹងមាំក្នុងការការពារសមិទ្ធផលសម្រេចបានព្រមទាំងជំរុញការឆ្លើយតបនឹងមេរោគអេដស៍ឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។
សម្តេចធិបតីបានបន្តថា ប្រធានបទឆ្នាំនេះ «យកឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» ដែលមានន័យសំខាន់ក្នុងការជំរុញឱ្យសង្គមខិតខំប្រឹងប្រែងបន្តការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាពនិងមានភាពរឹងមាំជាងមុន។ ការរំខានដូចជាការរើសអើង ការមាក់ងាយចំពោះអ្នកផ្ទុកមេរោគអេដស៍ កង្វះការយល់ដឹង ត្រឹមត្រូវពីប្រជាពលរដ្ឋ កង្វះធនធានឬកង្វះការយកចិត្តទុកដាក់របស់អ្នកពាក់ព័ន្ធដែលតម្រូវឱ្យយើងទាំងអស់ ពង្រឹងកិច្ចសហការគ្រប់តួអង្គដើម្បីគាស់រំលើងឧបសគ្គទាំងនោះហើយជំរុញឱ្យមានបរិវត្តកម្មឬការផ្លាស់ប្តូរដ៏វិជ្ជមានមួយ ក្នុងការដឹកនាំ គ្រប់គ្រង និងបង្ការជំងឺអេដស៍។ តាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការយកឈ្នះការរំខាន គឺជាគន្លងដ៏សំខាន់ក្នុងការអភិវឌ្ឍវិធានការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាពសមស្របតាមការប្រែប្រួលរបស់សង្គមសេដ្ឋកិច្ចនិងបច្ចេកវិទ្យា។

ប្រភព៖ ក្រសួងព័ត៌មាន