លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ថ្លែងថា គិតត្រឹមរយៈពេល១០ខែ(មករា ដល់ខែតុលា) ឆ្នាំ២០២៥ខេត្តកំពង់ចាមបានផ្ដល់សេវាជូនប្រជាពលរដ្ឋបានចំនួន ៣៦១.៥៨៧សេវា ក្នុងនោះ ៖ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តបានផ្ដល់សេវាសរុបចំនួន ៥៧.៨៤៥សេវា ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋក្រុង ស្រុក បានផ្ដល់សេវាសរុបចំនួន ១៨៣,៥៣៥ សេវា យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្តបានផ្ដល់សេវាបានចំនួន១២០,២០៧សេវា។

ថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ និងពិភាក្សាស្តីពីការរៀបចំប្រព័ន្ធផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នាថ្ងៃទី១០ ខែវិឆ្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ អុិលប៊ីអិន ក្រុងកំពង់ចាម ។ ពិធីនេះក៏មានអញ្ជើញចូលរួមពី­ លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋាន មុខងារនិងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងលោក លោកស្រីតំណាងអង្គការ GIZ និងគម្រោង ISD , ប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ជាច្រើនរូប ។ 

លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត បានថ្លែងថា ដោយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិនិងស្របទៅតាមសក្តានុពលរបស់ខេត្តកំពង់ចាមជាពិសេសដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលមានឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខេត្តកំពង់ចាមបច្ចុប្បន្នបាននឹងកំពុងអនុវត្តការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម។

លោកអភិបាលរងខេត្តបានបន្តថាជាមួយនឹងការវិវឌ្ឍឥតឈប់ឈរ និងការរីកចម្រើននៃយុគសម័យឌីជីថល ឬឧស្សាហកម្ម៤.០ រដ្ឋបាលខេត្តកំពង់ចាមបានផ្ដួចផ្ដើមបង្កើតនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងកិច្ចការងាររដ្ឋបាលជាពិសេសការផ្ដល់សេវានៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ។ មកទល់ពេលនេះឃុំ-សង្កាត់ទាំង១០៩ទូទាំងខេត្តកំពង់ចាមបាននឹងកំពុងទទួលផលលើការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយសម្រួលដល់ការបំពេញការងារផ្ដល់សេវាជូនប្រជាពលរដ្ឋប្រចាំថ្ងៃការផ្ដល់តម្លាភាពរវាងអ្នកផ្ដល់សេវានិងអ្នកទទួលសេវាដែលជាប្រជាពលរដ្ឋការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដនិងជាពិសេសការធ្វើទំនើបកម្មការងាររបស់មន្ត្រីរាជការនាពេលបច្ចុប្បន្នមិនចាញ់វិស័យឯកជននានាឡើយ។

 

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម