នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥  រដ្ឋបាលក្រុងកែប បានចេញសេចក្តីបំភ្លឺមួយជូនសាធារណៈជន អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក និងអង្គភាពសារព័ត៌មានឲ្យបានជ្រាបថា បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់អំពីការមិនពេញចិត្តរបស់ភ្ញៀវទេសចរណ៍ ដែលបានមកលេងកម្សាន្តនៅក្រុងកែប ខេត្តកែប ដែលបានថតវីដេអូរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដោយបានលើកឡើងថា ចំណតសាធារណៈមុខតូបនៅខេត្តកែបមិនអនុញ្ញាតឲ្យចតទេ លុះត្រាតែជួលតូបទើបឲ្យចតបាន ខណៈដែលតូបមួយមានតំលៃ៥០ដុល្លារ ដោយបានបញ្ជាក់ថា អ្នកចង់មកលេងកែបមិនបាច់មកទេ កោរមិនដាក់ទឹកឡើយ ។

អាជ្ញាធរក្រុង បានសហការជាមួយនឹងមន្ទីរទេសចរណ៍ខេត្តកែប កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញលោកស្រី ឆោម គឹមធើយ មុខរបរជាអាជីវករលក់ដូរនៅឆ្នេរកែប មកសាកសួរដោយលោកស្រីបាន បញ្ជាក់ថា គាត់បាននិយាយប្រាប់ភ្ញៀវឲ្យទៅចតនៅចំណតផ្សេង ចំពោះតម្លៃតូបជួល មួយ៥០ដុល្លារ គាត់ក៏បាន ទទួលស្គាល់ថាបានជម្រាបដល់ភ្ញៀវក្នុងតម្លៃនេះពិតប្រាកដមែន ក្នុងតម្លៃចចារ ប៉ុន្តែបើគាត់ទិញម្ហូបចាប់ពី៤មុខ ឡើងទៅ គឺមិនគិតថ្លៃតូបឡើយ។

May be an image of one or more people and people studying

ចំពោះករណីនេះលោកស្រី ឆោម គឹមធើយ ក៏បានឯកភាពតាមការណែនាំរបស់អាជ្ញាធរក្រុង និងមន្ទីរ ទេសចរណ៍ខេត្តកែប និងយល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវ ទេសចរណ៍ និងសូមសន្យាដូចខាងក្រោម៖

១.មិនឆ្លៀតឱកាសតំឡើងថ្លៃឡើយ ពិសេសថ្ងៃបុណ្យជាតិ និងអន្តរជាតិផ្សេងៗ

២.រក្សាចំណតរថយន្តជាចំណតសាធារណៈ

៣.មានបញ្ជីរាយមុខម្ហូប វិក្កយបត្រ ឈ្មោះទីតាំង និងលេខទូរសព្ទទំទាក់ទំនងឲ្យបានត្រឹមត្រូវ

៤. ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន ឲ្យបានស្អាតជាប្រចាំ។ល។

ជាមួយគ្នានេះរដ្ឋបាលក្រុងកែប សូមជម្រាបជូនថា ក្នុងករណីដែលបងប្អូនជួបប្រទះនូវភាពមិនប្រក្រតី ណាមួយលើការផ្តល់សេវាកម្មនានា ពិសេសពាក់ព័ន្ធនឹងតម្លៃសេវាកម្មទេសចរណ៍ សូមធ្វើការទំនាក់ទំនងទៅកាន់រដ្ឋបាលក្រុងកែបតាមលេខទូស័ព្ទដែលមានដាក់ក្នុងសេចក្តីបំភ្លឺព័ត៌មាន។

ប្រភព៖ រដ្ឋបាលក្រុងកែប