ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានស្វាគមន៍លោកស្រី Yasmin Siddiqi នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំប្រទេសកម្ពុជាដែលទើបត្រូវបានតែងតាំងថ្មីនិងបានពិភាក្សាកិច្ចសហប្រតិបត្តិការដោយស្នើឱ្យធនាគារផ្តល់អាទិភាពកាន់តែខ្ពស់ដល់ការអភិវឌ្ឍវិស័យឯកជន។ ឯកឧត្តមបានអបអរចំពោះតួនាទីថ្មីរបស់លោកស្រី Yasmin និងបានបញ្ជាក់ថាក្រសួងត្រៀមបន្តសហការជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។ ឯកឧត្តមបានលើកឡើងពីភាពជាដៃគូដ៏រឹងមាំរវាង ADB ជាមួយក្រសួងព្រមទាំងការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ធនាគារ ក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជារួមទាំងក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនិងភាពចាំបាច់នៃការត្រៀមលក្ខណៈរបស់សហគ្រាសធុនតូចនិងមធ្យម ឧស្សាហកម្មនិងស្ថាប័នរាជរដ្ឋាភិបាលដើម្បីប្រឈមកំណើននៃការប្រកួតប្រជែងនិងបរិវត្តកម្មបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ ឯកឧត្តមក៏បានលើកឡើងពីតួនាទីសំខាន់របស់ ADB ក្នុងការគាំទ្រគំនិតផ្តួចផ្តើមកែទម្រង់វិស័យទឹកស្អាតនិងបរិវត្តកម្មឧស្សាហកម្មផងដែរ។

លោកស្រី Siddiqi បានវាយតម្លៃខ្ពស់ចំពោះសន្ទុះនៃការអភិវឌ្ឍរបស់កម្ពុជានិងកិច្ចសហប្រតិបត្តិការជាមួយក្រសួងនិងរាជរដ្ឋាភិបាលព្រមទាំងបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ធនាគារចំពោះការផ្តល់ហិរញ្ញប្បទានផ្អែកលើគោលនយោបាយ។ លោកស្រីក៏បានជម្រាបជូនថា ក្រុមប្រឹក្សាភិបាលរបស់ ADB គ្រោងនឹងអនុម័តកញ្ចប់ហិរញ្ញប្បទានវិស័យទឹកស្អាតក្នុងសប្តាហ៍នេះដែលសបញ្ជាក់ពីការបន្តកិច្ចសហការរឹងមាំក្រោមកម្មវិធីភាពជាដៃគូប្រចាំប្រទេសថ្មីរបស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួលនិងបានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បន្តកៀរគរហិរញ្ញប្បទានជំនួយបច្ចេកទេសនិងផ្តល់ឱកាសហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុននវានុវត្តន៍ថ្មីៗកាន់តែច្រើនដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

 

 

ប្រភព៖ ក្រសួងព័ត៌មាន