
សាធារណរដ្ឋកូរ៉េ កម្ពុជានិងប្រទេសជាសមាជិកអាស៊ានដទៃទៀតបានដាក់ឱ្យដំណើរការផ្លូវរបៀងតាមឆ្នេរអាស៊ាន-កូរ៉េ ប្រវែង ១៩,៦ គីឡូម៉ែត្រ នៅកោះជេជូ សាធារណរដ្ឋកូរ៉េ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គីម ជេស៊ីន អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) ដោយមានការចូលរួមពីឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសអាស៊ានដទៃទៀតព្រមទាំងលោកស្រី អាន់ អ៊ឺនជូ នាយកប្រតិបត្តិនៃមូលនិធិ។
ឯកឧត្តម គីម ជេស៊ីន បានមានប្រសាសន៍ថានេះជាព្រឹត្តិការណ៍កិត្តិយសរំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កូរ៉េ និងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន-កូរ៉េ។ លោកបានបន្តថាបន្ទាប់ពីពិធីបើកសម្ពោធនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បានដំឡើងទីកន្លែងសម្រាប់អង្គុយសម្រាកតំណាងឱ្យរដ្ឋសមាជិកអាស៊ាននីមួយៗតាមបណ្តោយផ្លូវនេះ។ លោកស្រី អាន អ៊ឺនជូ បានឱ្យដឹងថា “នេះមិនត្រឹមតែដើម្បីលើកកម្ពស់និងផ្សព្វផ្សាយទេសភាពធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអាស៊ានក្នុងចំណោមប្រជាជនកូរ៉េនិងបង្កើនកិច្ចសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍រវាងអាស៊ាននិងកោះជេជូ ផងដែរ”។ គិតតាំងពីពេលចាប់ផ្តើមកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លែងអង្គុយសម្រាកអាស៊ាន នៅផ្លូវរបៀងតាមឆ្នេរអាស៊ាន-កូរ៉េ គឺជាទីតាំងដ៏អស្ចារ្យសម្រាប់រដ្ឋសមាជិកអាស៊ានទាំងអស់និងសាធារណរដ្ឋកូរ៉េ។ លោកស្រីបានបន្ថែមទៀតថាផ្លូវរបៀងតាមឆ្នេរអាស៊ាន-កូរ៉េ ដែលមានប្រវែង ១៩,៦ គីឡូម៉ែត្រ គឺជាផ្លូវដើរដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសកូរ៉េ។ កាលពីថ្ងៃម្សិលមិញ ឯកអគ្គរដ្ឋទូតនិងអ្នកសារព័ត៌មានមកពីប្រទេសជាសមាជិកអាស៊ានបានមកទស្សនានិងដើរលើផ្លូវនេះដែលតំណាងឱ្យមិត្តភាពនិងការតភ្ជាប់រវាងអាស៊ាននិងកូរ៉េ។
ប្រភព៖ ក្រសួងព័ត៌មាន