លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាតារាចម្រៀងអ្នកនិពន្ធទំនុកច្រៀង និងទំនុកភ្លេងខ្មែរដ៏ល្បីល្បាញបំផុតនិងជាបុគ្គលសំខាន់ដែលបាននាំឱ្យតន្ត្រីខ្មែរឈានដល់ "យុគសម័យមាស" (Golden Age) នៃសិល្បៈចម្រៀង។ លោកត្រូវបានមហាជនប្រសិទ្ធនាមថា «អធិរាជសំឡេងមាស»។

•  លោក ស៊ីន ស៊ីសាមុត កើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣២ នៅខេត្តស្ទឹងត្រែង ឯកសារខ្លះក៏បានបញ្ជាក់ពីឆ្នាំកំណើត ១៩៣៥ ដែរ ប៉ុន្តែឆ្នាំ ១៩៣២ ត្រូវបានគេទទួលស្គាល់ច្រើនជាង។ លោកជាកូនប្រុសពៅក្នុងចំណោមបងប្អូន ៤ នាក់ (ប្រុស ២ ស្រី ២) របស់លោក ស៊ីន លៀង និងអ្នកស្រី សែប ប៊ុនឡី។ លោកឪពុករបស់លោកធ្លាប់ជាឆ្មាំយាមពន្ធនាគារនៅបាត់ដំបងនិងជាទាហានបដិវត្តន៍ប្រឆាំងអាណានិគមបារាំង។

•  កាលពីក្មេងលោកមានអត្តចរិតសុភាពរាបសារចិត្តល្អ ចូលចិត្តស្ងប់ស្ងាត់និងមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ ៦-៧ ឆ្នាំដោយចូលចិត្តលេងឧបករណ៍ភ្លេងដូចជា ទ្រ ហ្គីតា និង ចាប៉ី។ យោងតាមប្រភពខ្លះលោកក៏ចាប់អារម្មណ៍នឹងព្រះពុទ្ធសាសនានិងបានរៀនភាសាបាលីពីព្រះសង្ឃទៀតផង។

• លោកបានបញ្ចប់ការសិក្សាបឋមសិក្សានៅទីរួមខេត្តស្ទឹងត្រែងនៅឆ្នាំ១៩៥១ លោកបានបន្តការសិក្សានៅ សាលាវេជ្ជសាស្ត្រ (សាលាពេទ្យ) នៅទីក្រុងភ្នំពេញ តាមបំណងឪពុកម្តាយ។ ទោះមមាញឹកនឹងការរៀនពេទ្យក៏លោកនៅតែឆ្លៀតពេលទំនេរដើម្បីហាត់ច្រៀងនិងតែងបទភ្លេងដែលបង្ហាញពីបំណងប្រាថ្នាចង់ធ្វើជាអ្នកសិល្បៈពិតប្រាកដ។

• ក្រោយបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្ត្រលោកបានចូលបម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលា (បច្ចុប្បន្នមន្ទីរពេទ្យព្រះកេតុមាលា)។ នៅដើមទសវត្សរ៍ឆ្នាំ៥០ លោកបានចាប់ផ្តើមច្រៀងនៅវិទ្យុជាតិនិងបានបង្កើតក្រុមតន្ត្រីផ្ទាល់ខ្លួនឈ្មោះ «ព្រះច័ន្ទរស្មី»។

• នៅឆ្នាំ ១៩៥៥ ក្រសួងឃោសនាការបានអញ្ជើញលោកឱ្យចូលច្រៀងក្នុងវង់ភ្លេងព្រះបរមរាជវាំងហើយលោកក៏ទទួលបានពានរង្វាន់ក្រុមចម្រៀងដ៏ល្បីល្បាញ។ នៅឆ្នាំ ១៩៦៣ លោកបានចេញអាល់ប៊ុមដំបូងរបស់លោកជាមួយផលិតកម្មវត្តភ្នំគឺបទ

«លាហើយហុងកុង»។

• លោក ស៊ីន ស៊ីសាមុត មានទេពកោសល្យលើសពីការច្រៀង គឺលោកអាច និពន្ធទំនុកច្រៀង និពន្ធទំនុកភ្លេង សម្រួលតន្ត្រី ជាតន្ត្រីករចេះលេងឧបករណ៍ ម៉ង់ដូលីន, ស្រឡៃ, ប៉ីពក ជាដើម។

• លោកគឺជាអ្នកត្រួសត្រាយផ្លូវក្នុងការលាយបញ្ចូលគ្នានូវតន្ត្រីប្រពៃណីខ្មែរ (ដូចជា មហោរី អាយ៉ៃ យីកេ ចាប៉ី) ជាមួយនឹងចង្វាក់លោកខាងលិចដែលកំពុងពេញនិយមនាពេលនោះ ដូចជា Rock and Roll, Rhythm and Blues, Bossa Nova, Soul និង Jazz ដែលធ្វើឱ្យតន្ត្រីខ្មែរមានភាពទាន់សម័យ និងមានឥទ្ធិពលខ្លាំង។

• ក្នុងមួយជីវិតសិល្បៈរបស់លោក លោកបាននិពន្ធ និងថតបទចម្រៀងសរុបប្រមាណជាង ១,០០០ បទ (ខ្លះថាជាង ២,០០០ បទ) សម្រាប់ផលិតកម្មនានា។ លោកបានថតបទចម្រៀងឆ្លងឆ្លើយ (Duet) ដ៏ល្បីល្បាញជាច្រើនជាមួយកំពូលតារាចម្រៀងស្រីដូចជា អ្នកស្រី រស់ សេរីសុទ្ធា និង ប៉ែន រ៉ន ដែលបទចម្រៀងទាំងនោះនៅតែស្ថិតក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់ជំនាន់។

• លោក ស៊ីន ស៊ីសាមុត ក៏បានចូលបម្រើក្នុងជួរយោធាផងដែរ ដោយលោកបានឡើងឋានៈជា អនុសេនីយ៍ឯក ក្នុងអំឡុងសម័យសាធារណរដ្ឋខ្មែរ (ឆ្នាំ ១៩៧០-១៩៧៥) ហើយលោកបានច្រៀងបទស្នេហាជាតិជាច្រើនដើម្បីលើកទឹកចិត្តទាហាននិងប្រជាពលរដ្ឋ។

• ភាពរុងរឿងរបស់លោកត្រូវបានបញ្ចប់យ៉ាងសោកសៅបំផុត ក្រោយពីរបបខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។

• លោកត្រូវបានគេជឿថាបានស្លាប់ (ត្រូវខ្មែរក្រហមសម្លាប់) នៅកំឡុងឆ្នាំ ១៩៧៥ ឬ ១៩៧៦ ដោយសារតែរបបនេះចាត់ទុកសិល្បករនិងអ្នកប្រាជ្ញថាជាសត្រូវរបស់បដិវត្តន៍។

• ប្រភពស្រាវជ្រាវមួយចំនួនបានអះអាងថា លោកត្រូវបានចាប់ខ្លួនយកទៅឃុំនៅមន្ទីរ ១៥ ស្រុកកោះធំ ខេត្តកណ្តាលរួចត្រូវសម្លាប់នៅតំបន់ពោធិទន្លេស្រុកកោះធំ។

• មានរឿងដំណាលល្បីមួយថាមុននឹងត្រូវសម្លាប់ លោកបានសុំអនុញ្ញាតច្រៀងបទចម្រៀងមួយចុងក្រោយ។

ទោះបីជាលោកបានលាចាកលោកទៅយ៉ាងសោកនាដកម្មក៏ដោយក៏ស្នាដៃតន្ត្រីរបស់លោកនៅតែស្ថិតស្ថេរជានិរន្តរ៍ជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសកម្ពុជា។

 

អត្ថបទ៖ ជួន សុធា