ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថាគ្រូអប់រំកាយ និងកីឡាជាអ្នកដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះនៃកាយសម្បទានិងសុខភាព សម្រាប់សិស្សានុសិស្សរបស់យើងដោយការអប់រំកាយ និងកីឡាមិនមែនគ្រាន់តែជាមុខវិជ្ជាបន្ថែមប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏ចាំបាច់នៃកម្មវិធីសិក្សាដើម្បីធានាបាននូវការលូតលាស់ពេញលេញទាំងផ្លូវកាយផ្លូវចិត្ត និងបញ្ញាឆ្ពោះទៅការអភិវឌ្ឍធនធានមនុស្ស។ 

នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការបំប៉នសមត្ថភាពគ្រូអប់រំកាយនិងកីឡា នៅសណ្ឋាគារ អេមព្រីសអង្គរ រីសត&ស្ប៉ា ខេត្តសៀមរាប ពីថ្ងៃទី០៨-១២ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡាជាពិសេសវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាអង្គការពាក់ព័ន្ធនិងមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបដែលបានសហការគ្នារៀបចំសិក្ខាសាលាដ៏សំខាន់នេះដោយវគ្គបំប៉ននេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការបន្តពង្រឹងគុណវុឌ្ឍិគ្រូអប់រំកាយនិងកីឡា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា វគ្គបំប៉ននេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពគ្រូអប់រំកាយ និងកីឡា ដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាយ៉ាងតិច៣ឆ្នាំ និងកំពុងបង្រៀនមុខវិជ្ជាអប់រំកាយនៅវិទ្យាល័យនិងអនុវិទ្យាល័យក្នុងខេត្តសៀមរាបលើការបង្រៀនមុខវិជ្ជាអប់រំកាយស្របតាមកម្មវិធីសិក្សាលម្អិត និងសៀវភៅគ្រូមុខវិជ្ជាអប់រំកាយនៅកម្រិតមធ្យមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាឱ្យកាន់តែល្អប្រសើរជាងមុន។ នេះជាគោលដៅធ្វើឱ្យសិស្សានុសិស្សមានការលូតលាស់ល្អទាំងផ្នែករាងកាយនិងបញ្ញាដែលជាហេតុនាំឱ្យកាយសម្បទាមាំមួននិងមានសុខភាពល្អពោលគឺធ្វើឱ្យពួកគេមានគុណតម្លៃ៤យ៉ាងគឺ៖ ឥរិយាបថ ចំណេះដឹងជំនាញនិងសហការដែលជាធាតុដ៏សំខាន់ក្នុងការជួយឱ្យពួកគាត់ទទួលបានជោគជ័យក្នុងការសិក្សា និងក្លាយជាធនធានមនុស្សល្អដើម្បីអភិវឌ្ឍប្រទេសជាតិ។

រដ្ឋមន្រ្តីក្រសួងអប់រំបានបញ្ជាក់ថាសមិទ្ធផលវិស័យកីឡាក្នុងរយៈប្រមាណ១០ឆ្នាំចុងក្រោយនេះដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដោយក្រសួងបានធ្វើការកែលម្អនិងបំពាក់ឧបករណ៍នានាឱ្យមានលក្ខណៈស្តង់ដាឡើងវិញនូវទីលាននិងកន្លែងហ្វឹកហាត់កីឡាជាតិសំខាន់ៗជាពិសេសគឺការរៀបចំទីលានប្រកួតឱ្យស្របតាមស្តង់ដាអន្តរជាតិដើម្បីជំរុញការគាំទ្រពីមហាជនចំពោះវិស័យកីឡាការដាក់ចេញនូវទិសដៅអប់រំកាយដោយយើងបានជំរុញចលនា “យុវជនម្នាក់ត្រូវចេះកីឡាមួយយ៉ាងតិច” ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈការធ្វើឱ្យប្រសើរឡើងនូវមុខវិជ្ជាអប់រំកាយឭនិងកីឡានៅក្នុងកម្មវិធីសិក្សាតាមសាលារៀនដើម្បីធានាបានថាសិស្សានុសិស្សគ្រប់រូបមានទម្លាប់រស់នៅសកម្មនិងមានសុខភាពល្អ។គួរបញ្ជាក់ថាវគ្គបំប៉ននេះមានសិក្ខាកាមចូលរួម ២៩នាក់ក្នុងនោះសិក្ខាកាមមកពីខេត្តសៀមរាប ២៥នាក់មកពីវិទ្យាស្ថានអប់រំពិសេស២នាក់ និង មកពីវិទ្យាស្ថានគរុកោសល្យ បាត់ដំបង ២នាក់។

 

 

ប្រភព៖ ក្រសួងព័ត៌មាន