នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានអនុញ្ញាតជូនលោក Michaël Darmon និងលោក Yves Derai អ្នកកាសែត ផលិតករ និងអ្នកនិពន្ធដ៏ល្បីរបស់ស្ថានីយទូរទស្សន៍អន្តរជាតិ TV5 Monde ដ៏ធំមួយក្នុងពិភពលោកដែលមានទស្សនិកជនជាង ៤២១លាននាក់ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារផ្លាស់ប្តូរយោបល់ព្រមស្នើសុំអនុសាសន៍ណែនាំលើគម្រោងថតភាពយន្តឯកសារស្តីពី "ការរីកចម្រើនរុងរឿងរបស់កម្ពុជា" ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតនិងចុក្ខវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីអាណត្តិរបស់សម្តេចតេជោរហូតមកដល់សម្តេចធិបតី។

ក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់អ្នកកាសែតដ៏ល្បីរបស់បារាំងទាំងពីររូប មកថតខ្សែភាពយន្តឯកសារដែលមានលក្ខណៈប្រវត្តិសាស្រ្តបញ្ជាក់ពីតថាភាពជាក់ស្តែងនិងកម្រិតអន្តរជាតិនេះដោយបានផ្សារភ្ជាប់ជាមួយសក្តានុពលទេសចរណ៍ដែលកំពុងរះដ៏ចិញ្ចាចជាមួយកាលានុវត្តវិនិយោគដ៏ល្អជាពិសេសក្នុងវិស័យទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាក្រសួងទេសចរណ៍ត្រៀមជាស្រេចក្នុងការផ្តល់កិច្ចសហការជាមួយផលិតករលើគម្រោងដ៏មានសារៈសំខាន់និងជាប្រយោជន៍ដល់ប្រជាជនកម្ពុជាផងនិងប្រជាជនពិភពលោកផង ឱ្យបានយល់ដឹងពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប សម្បតិ្តបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន អច្ឆរិយនៃរាជធានីភ្នំពេញជាមួយទន្លេ៤ប្រសព្វគ្នាបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងល្បីល្បាញ "ស្នាមញញឹមកម្ពុជា" ជាពិសេសគឺកត្តាសុខសន្តិភាពសុវត្ថិភាពការរីកចម្រើនគ្រប់វិស័យដែលប្រទេសកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។ តាមការជម្រាបជូនរបស់ផលិតករខ្សែភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងក្នុងអំឡុងកិច្ចប្រជុំកំពូលអង្គការបណ្តាប្រទេសនិយាយភាសាបារាំងលើកទី២០ (ហ្រ្វង់កូហ្វូនី) នាខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជាខាងមុខនេះ។

 

 

ប្រភព៖ ក្រសួងព័ត៌មាន