
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថាសម្រាប់ការវាយប្រយុទ្ធគ្នារយៈពេល៥ថ្ងៃកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រវាងកងទ័ពកម្ពុជា-ថៃ ហើយក្រោយមកមានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ គឺខាងភាគីកម្ពុជាបានរក្សានូវភាពស្ងប់ស្ងាត់គឺក្នុងគោលបំណងកាត់បន្ថយបញ្ហាកាត់បន្ថយការបាត់បង់ជីវិតមនុស្សទាំងទាហានទាំងប្រជាជននិងទាំងទ្រព្យសម្បត្តិខណៈដែលយើងចង់ស្តារសភាពការណ៍ឡើងវិញ ដែលនេះវាបានចូលទៅក្នុងអភិក្រមនៃការបញ្ចប់ជម្លោះ និងដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ។ ការថ្លែងបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានបងប្អូនខ្លះបាននិយាយថាចាំបាច់ត្រូវភ្ជាប់ទំនាក់ទំនងឡើងវិញធ្វើអ្វីដែលទាំងនៅកម្ពុជាក៏មាននិយាយយ៉ាងនេះទាំងនៅប្រទេសថៃក៏មាននិយាយយ៉ាងនេះ។ សម្តេចធិបតីបានបញ្ជាក់ជូនថាការនិយាយរបស់បងប្អូនយ៉ាងនេះគឺនិយាយតាមអារម្មណ៍របស់បងប្អូនប៉ុន្តែបើមេដឹកនាំនៅប្រើកំហឹងទល់កំហល់ដាក់គ្នានោះគឺមិនមែនស្លាប់មេដឹកនាំនៅភ្នំពេញនោះទេផ្ទុយទៅវិញអ្នកដែលស្លាប់គឺជាទាហាននិងប្រជាជន។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «ដូច្នេះការបញ្ចប់ជម្លោះគឺជាគោលដៅសំខាន់ ដែលសង្ឃឹមថាក្នុងពេលឆាប់ៗនេះនឹងមានការចុះកិច្ចព្រមព្រៀងសន្តិភាពដែលយើងបាននិងកំពុងធ្វើយ៉ាងណាដើម្បីបញ្ចប់ជម្លោះនេះដែលនេះគឺជាអភិក្រមរបស់យើង»។

សម្តេចធិបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាបញ្ហាព្រំដែនគឺជាបញ្ហាស្មុគស្មាញដែលនៅក្នុងសហគមន៍អាស៊ានមានប្រទេសតិចណាស់ដែលគ្មានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយបញ្ហាវាបានបន្សល់ទុកតាំងពីជំនាន់អាណានិគមរាប់រយឆ្នាំប៉ុន្តែការជ្រើសរើសសម្រាប់ការដោះស្រាយគឺដោយវិធីសាស្ត្រដោយសន្តិវិធីតាមយន្តការនេះតាមយន្តការនោះដោយមិនប្រើប្រាស់ការប្រយុទ្ធគ្នាដោយកំហឹងនោះទេយើងត្រូវមានការនិយាយគ្នាដើម្បីដោះស្រាយបញ្ហា។
សម្តេចធិបតីបានអះអាងថាកម្ពុជាគ្មានសោះឡើយនូវគោលបំណងដើម្បីរំលោភលើអធិបតេយ្យភាពបូរណភាពរបស់អ្នកណាឡើយតែយើងក៏មិនឱ្យអ្នកណាមករំលោភលើអធិបតេយ្យភាពបូរណភាពរបស់យើងដូចគ្នានេះគឺជាគោលការណ៍។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ឱ្យដឹងទៀតថាការដោះស្រាយបញ្ហាព្រំដែនគឺត្រូវធ្វើឡើងតាមគោលការណ៍ដែលប្រទេសអាស៊ានផ្សេងៗបានធ្វើរួចមកហើយក្នុងនោះគឺមានគណៈកម្មាធិការកិច្ចការព្រំដែនមានច្បាប់អន្តរជាតិមានសន្ធិសញ្ញា អនុសញ្ញាជាដើមដែលកម្ពុជាបានធ្វើ២០ឆ្នាំមកហើយ។ សម្ដេចធិបតីបានបន្ថែមថា៖ «នេះហើយគឺជាការត្រៀមដើម្បីពន្លត់ជម្លោះព្រំដែនដោយសន្តិវិធី ដែលការឯកភាពគ្នាទ្វេភាគីគឺគ្មានអ្នកណាបាត់អ្វីនោះទេ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋយល់ពីអត្ថប្រយោជន៍នៃភាពស្ងាត់របស់រាជរដ្ឋាភិបាលខណៈដែលយើងស្ងាត់តែមិនស្ងៀមទេគឺយើងបានធ្វើរាល់សកម្មភាពទាំងអស់ដើម្បីបទឈប់បាញ់និងសន្តិភាព»៕
ប្រភព៖ ក្រសួងព័ត៌មាន