នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យឯកឧត្តម NIU HAIFENG អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

ក្នុងជំនួបនោះឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមក៏បានជម្រាបជូនពីលទ្ធផលនៃកិច្ចប្រតិបត្តិការនាពេលកន្លងមកដោយទទួលបានលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់។

ឯកឧត្តមសន្តិបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិដោយជំនឿទុកចិត្តរវាងគ្នាដើម្បីសម្រេចបាននូវគោលដៅប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាបញ្ហាស្មុគស្មាញនិងសកលនេះ។

ជាកិច្ចឆ្លើយតប ឯកឧត្តម អគ្គនាយករង បានសម្តែងនូវការកោតសរសើដល់សមត្ថកិច្ចកម្ពុជាដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិល្អឆាប់រហ័សក្នុងការចាប់បញ្ជូនជនជាតិចិន និងវត្ថុតាងក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រលប់ទៅកាន់ប្រទេសចិនវិញដើម្បីអនុវត្តនីតិវិធីនិងការស្រាវជ្រាវ ស៊ើបអង្កេតបន្ត។ 

ឯកឧត្តម អគ្គនាយករង បានធ្វើការវាយតម្លៃខ្ពស់ចំពោះការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលក្នុងរយៈពេលដ៏ខ្លីបន្ទាប់ពីការដាក់ចេញនូវបទបញ្ជាទូទាំងប្រទេសសម្រេចបានលទ្ធផលជាច្រើន។ ភាគីទាំងពីរបានពិភាក្សាអំពីជំហានបន្ទាប់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរួមទាំងការកសាងសមត្ថភាពនិងដកពិសោធរវាងគ្នាទៅវិញទៅមកសំដៅធ្វើយ៉ាងណារួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

 

 

ប្រភព៖ ក្រសួងព័ត៌មាន