ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានជំរុញដល់មន្ទីរព័ត៌មានខេត្តព្រៃវែងឱ្យផលិតមាតិកាព័ត៌មានជាវីដេអូខ្លីៗជុំវិញការអភិវឌ្ឍន៍និងការងារសាធារណមតិឱ្យទាន់ពេលវេលារហ័សដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីនៅមន្ទីរព័ត៌មានខេត្តព្រៃវែងកាលពីរសៀលថ្ងៃទី៨ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់មន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់បង្កើនការផលិតព័ត៌មានឱ្យកាន់តែសម្បូរបែបជាពិសេសព័ត៌មានជាវីដេអូខ្លីៗដើម្បីផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។

ឯកឧត្តមបានបញ្ជាក់ថាបច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាមានការពេញនិយមប្រើហ្វេសបុក ទិកតុក និងទស្សនាវីដេអូព័ត៌មានខ្លីៗ។ដូច្នេះមន្ត្រីព័ត៌មានត្រូវបង្កើនការផលិតមាតិកាព័ត៌មានជាវីដេអូឱ្យបានច្រើនដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ផ្សេងៗនិងវឌ្ឍន៍ភាពរបស់ខេត្តលើគ្រប់វិស័យ។

ឯកឧត្តម អនុរដ្ឋលេខាធិការបានផ្តល់អនុសាសន៍ថាដើម្បីឱ្យការផលិតព័ត៌មានប្រកបដោយភាពទាក់ទាញទាមទារឱ្យមន្ត្រីព័ត៌មានសិក្សាស្វែងយល់និងស្រាវជ្រាវបន្ថែមអំពីបច្ចេកទេសថតវីដេអូ ការជ្រើសរើសប្លង់ថតកាត់តវីដេអូនិងមានភាពច្នៃប្រឌិតខ្ពស់។

ឯកឧត្តមបានណែនាំឱ្យមន្ទីរព័ត៌មានខេត្តព្រៃវែងក៏ដូចជាមន្ទីរព័ត៌មានផ្សេងៗទៀតត្រូវរៀបចំផែនការបណ្ដុះបណ្ដាលធនធានមនុស្សលើការងារសោតទស្សន៍និងបច្ចេកវិទ្យាថ្មីៗ ដល់មន្ត្រីរាជការបន្ថែមទៀតដើម្បីមានសមត្ថភាពគ្រប់គ្រាន់ធ្វើការងារមានប្រសិទ្ធភាពខ្ពស់ស្របតាមផែនការអភិវឌ្ឍមូលធនមនុស្សរបស់ក្រសួងព័ត៌មាននិងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ។

ជាងនេះទៀត ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍លើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានត្រូវសហការជាមួយមន្ទីរជំនាញនានាក្នុងខេត្តដើម្បីផលិតព័ត៌មានបម្រើដល់ការងារសាធារណមតិនិងសេចក្តីត្រូវការនៃការទទួលព័ត៌មានប្រចាំថ្ងៃសម្រាប់គាំទ្រដល់ការសម្រេចចិត្តនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងនោះដែរមន្ទីរព័ត៌មានក៏ត្រូវយកចិត្តទុកដាក់ពិនិត្យរាល់ព័ត៌មានមិនពិតឬការបំពុលព័ត៌មានផ្សេងៗដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីកសាយភាយនៃព័ត៌មានក្លែងក្លាយនិងឆ្លើយតបបំភ្លឺឱ្យបានទាន់ពេលវេលារាល់ព័ត៌មានដែលអាចប៉ះពាល់ដល់ស្ថិរភាពនិងសន្តិសុខក្នុងមូលដ្ឋាន។

ឯកឧត្តមបញ្ជាក់ថាមន្ទីរព័ត៌មានរាជធានី-ខេត្តជាសេនាធិការរបស់ក្រសួងព័ត៌មានជាពិសេសការគ្រប់គ្រងព័ត៌មាននិងសាធារណមតិសម្រាប់រដ្ឋបាលខេត្តរបស់ខ្លួន។

លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងបានជម្រាបជូនឯកឧត្តមអ្នកនាំពាក្យនិងក្រុមការងារក្រសួងព័ត៌មាននាពេលនោះថាបច្ចុប្បន្ននេះមន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រៃវែងបានខិតខំបង្កើតមាតិកាថ្មីៗនិងព័ត៌មានទាក់ទងនឹងសកម្មភាពថ្នាក់ដឹកនាំនិងសមិទ្ធផលការងារក្នុងខេត្តជាប្រចាំប៉ុន្តែមិនទាន់បានទូលំទូលាយខ្លាំងនៅឡើយទេ ព្រោះសមត្ថភាពនិងសម្ភារៈរបស់មន្ត្រីព័ត៌មាននៅមានកម្រិតជាពិសេសការងារផលិតវីដេអូដែលមានគុណភាពខ្ពស់និងមានការទាក់ទាញ។

ជាមួយគ្នានេះដែរលោកប្រធានមន្ទីរបានអរគុណយ៉ាងខ្លាំងដល់ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាននិងក្រុមការងារដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញជួបសំណេះសំណាលនិងនូវផ្តល់ពុទ្ធិថ្មីៗដើម្បីតម្រង់ទិសការងារព័ត៌មាននិងសាធារណមតិដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រៃវែងទាំងអស់។

 

 

ប្រភព៖ ក្រសួងព័ត៌មាន