នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតីបានរំលឹកឡើងវិញនូវលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា របស់ឯកឧត្តមប្រធានាធិបតី Marcos កាលពីខែកញ្ញាកន្លងទៅនេះ។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណជូនហ្វីលីពីន ដែលបានគាំទ្រឱ្យមានដំណោះស្រាយដោយសន្តិវិធីលើជម្លោះព្រំដែនរវាង កម្ពុជា និងថៃ និងបានចូលរួមក្នុងយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។ ព្រមជាមួយគ្នានោះ, សម្ដេចបវរធិបតីបានជម្រាបជូនថា ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ត្រូវបានចុះហត្ថលេខារួចហើយ។ ក្នុងន័យនេះ, សម្ដេចបវរធិបតីសង្ឃឹមថា ហ្វីលីពីននឹងបន្តគាំទ្រនិងចូលរួមក្នុងយន្តការ AOT នេះ។ សម្ដេចបវរធិបតីបានជម្រាបជូនបន្ថែមថាកម្ពុជា និងថៃ នឹងចុះហត្ថលេខានៅលើសេចក្ដីថ្លែងការណ៍រួមមួយ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងឯកឧត្តមនាយករដ្ឋមន្រី្ត ម៉ាឡេស៊ី Anwar Ibrahim ចូលរួមជាសាក្សី។ ឆ្លៀតក្នុងឱកាសនោះសម្ដេចបវរធិបតីបានគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីការគាំទ្ររបស់កម្ពុជាចំពោះហ្វីលីពីន ដែលនឹងក្លាយជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ 

ជាការឆ្លើយតប, ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានថ្លែងអំណរគុណកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់រូបឯកឧត្តម នៅកម្ពុជា នាពេលថ្មីៗនេះ។ ឯកឧត្តមប្រធានាធិបតី ក៏បានសម្ដែងនូវក្ដីរីករាយដែលបានឃើញនូវការវិវត្តដ៏វិជ្ជមានក្នុងកិច្ចប្រឹងប្រែងដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ជាពិសេស ការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនាថ្ងៃនេះ។ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថាហ្វីលីពីននឹងបន្តចូលរួមគ្រប់យន្តការតាមសំណូមពររបស់កម្ពុជាសំដៅធានាឱ្យបាននូវសុខសន្តិភាពតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ។ ព្រមជាមួយគ្នានោះ, ឯកឧត្តមប្រធានាធិបតីបានជម្រាបជូនអំពីអាទិភាពរបស់ហ្វីលីពីន ក្នុងការធ្វើជាប្រធានប្ដូរវេនអាស៊ាន ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។ 

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការថែមទៀត ស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចបវរធិបតីនៅប្រទេសហ្វីលីពីន នាខែកុម្ភៈ និងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីនៅប្រទេសកម្ពុជា នាខែកញ្ញាកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នាទៅលើបញ្ហាតំបន់មួយចំនួនផងដែរ។

 

 

ប្រភព៖ ក្រសួងព័ត៌មាន