សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែតុលាឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាសន្តិភាពប៉ារីសលើកទី៨(8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារំាង។ បង្កើតនៅឆ្នាំ ២០១៨ វេទិកាសន្តិភាពប៉ារីសបានខិតខំបង្កើនសមត្ថភាពការទូតតាមទម្រង់ថ្មីស្របនឹងពិភពលោកដែលកំពុងវិវត្តន៍និងជំរុញឲ្យមានអភិបាលកិច្ចសកលដើម្បីលើកកម្ពស់ផលប្រយោជន៍សាធារណៈកាន់តែប្រសើរ។

វេទិកានេះមានវាគ្មិនជាង ៣០០នាក់ និងអ្នកចូលរួមរាប់ពាន់នាក់ដែលជាថ្នាក់ដឹកនាំមកពីរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានអប់រំ ដើម្បីជជែកពិភាក្សាស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមថ្មីបន្ទាន់បំផុតក្នុងសម័យបច្ចុប្បន្ននេះ។

 

ក្នុងពិធីបើកកិច្ចប្រជុំនេះ មានការលើកពីការពង្រឹងប្រព័ន្ធពហុនិយម លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន នៅក្នុងនោះមានការលើកឡើងពីការលើកម្ពស់សមភាពយេនឌ័រ ក្នុងតួនាទីជាថ្នាក់ដឹកនាំ រួមទំាងអគ្គលេខាធិការអង្គការសហប្រជាជាតិផង។ ជាការកត់សម្គាល់កម្ពុជា ជាប្រទេសតូច ពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ។

សូមជម្រាបថា នៅក្នុងវេទិកាអន្តរជាតិដែលមានរយៈពេលពីថ្ងៃទី២៩និង៣០តុលានេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក » និងទី ៣) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី»។

ក្រៅពីនេះសម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយថ្នាក់គណៈប្រតិភូបណ្តាលប្រទេសនិងដៃគូអភិវឌ្ឍន៍នានា រួមទំាងលោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង និងជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ថូម៉ាស់ ឡាំ (Thomas Lam) សមាជិកសភា និងជាប្រធាន.ក្រុមមិត្តភាពសភាបារាំង-កម្ពុជា ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីទំាងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដែលជាបុរេសកម្មនៃវិស័យការទូតសភាកម្ពុជាក្នុងការស្វែងរកផលប្រយោជ៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ៕

ប្រពភ៖ក្រសួងព័ត៌មាន