
នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាលជាមួយពុកម៉ែបងប្អូនជាសមាជិកសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងនិងពិនិត្យវឌ្ឍនភាពនៃការរៀបចំអនុវត្តផែនការធ្វើពិពិធកម្មបង្វែរចេញពីដំឡូងមីទៅរកផលិតកម្មម្ទេសបន្លែស្លឹកនិងមាន់ស្រែដែលនឹងជួយលើកស្ទួយជីវភាពនិងផ្តល់ប្រភពចំណូលចម្រុះជូនពុកម៉ែបងប្អូនជាសមាជិកជាពិសេសអតីតយុទ្ធជននៅខេត្តពោធិ៍សាត់។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថាការចងក្រងជាសហគមន៍កសិកម្មទំនើបនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពុកម៉ែបងប្អូនប្រជាកសិករយើងជាពិសេសការជួយកាត់បន្ថយថ្លៃដើមតាមការប្រមូលទិញដុំការធានាទីផ្សារនិងតម្លៃតាមរយៈការចុះកិច្ចសន្យាលក់ទុកមុននិងជួយសម្រួលដល់ការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ជាក់ស្ដែងនៅសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងបានទទួលការអភិវឌ្ឍន៍រួមតាមរយៈយន្តការត្រី-វិស័យ (កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ)។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថាក្រសួងកសិកម្មនឹងបន្តជួយជ្រោមជែងប្រជាកសិករតាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើបដើម្បីឱ្យទទួលបានផលប្រយោជន៍ជាច្រើនថែមទៀតនិងលើកកម្ពស់ជីវភាពរស់នៅរបស់ពុកម៉ែបងប្អូន។
ប្រភព៖ ក្រសួងព័ត៌មាន