
ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់តភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រ ឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងជាង ១៩៧គីឡូម៉ែត្រ។ ផ្លូវជាតិមួយខ្សែនេះនឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ចខេត្តទាំងពីរផងនិងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេចរណ៍ផងដែលនឹងក្លាយជាជម្រើសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វើដំណើរកំសាន្តនៃខេត្តព្រៃភ្នំ និងខេត្តសមុទ្រ។ នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ចបង្កើនចរន្តដឹកជញ្ជូនបង្កើតឱកាសសម្រាប់អ្នកវិនិយោគនិងប្រជាជន។ ផ្លូវជាតិតភ្ជាប់ខេត្តពាយ័ព្យទៅកាន់ខេត្តភាគនិរតីនៃប្រទេសកម្ពុជាមួយខ្សែនេះបានឆ្លងកាត់តំបន់ភ្នំខ្ពស់ទៀបជ្រោះជ្រងជ្រលងដងអូរស្ទឹង ព្រៃប្រឹក្សាខ្ពស់ទៀបដ៏ខៀវស្រងាត់។ ព្រមជាមួយគ្នានេះក៏មានស្ពានដែលខ្ពស់ជាងគេភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាងបង្កើតបានផ្ទាំងទស្សនីយភាពធម្មជាតិកាន់តែទាក់ទាញ។
ប្រភព៖ ក្រសួងព័ត៌មាន