នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៧:៥៨ នាទី ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team - AOT) អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី។ គោលបំណងនៃការចូលរួមសង្កេតនេះគឺដើម្បីពិនិត្យស្ថានភាពសុខភាព និងសម្រួលការថែទាំជូនប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលរងរបួសដោយសារការបាញ់ប្រហារពីយោធាថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍ពីកន្លែងកើតហេតុ បង្ហាញថា ការបាញ់ប្រហារនេះបានកើតឡើងចំនួនពីរលើកជាប់គ្នា។ លើកទីមួយកើតឡើងនៅវេលាម៉ោងប្រមាណ ១៥:៥០នាទី បន្ទាប់មកលើកទីពីរក៏បានកើតឡើងនៅវេលាម៉ោងប្រមាណ ១៧:៥៤នាទីល្ងាច។ ការបាញ់ប្រហារទាំងពីរនេះបានបង្កឲ្យមានការខូចខាតដល់ជីវិតមនុស្សយ៉ាងគួរឲ្យសោកស្តាយ ដោយមានប្រជាពលរដ្ឋស៊ីវិលកម្ពុជារងរបួសចំនួន ០៣នាក់ និងបាត់បង់ជីវិតចំនួន ០១នាក់។

ការចូលមកសង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅថ្ងៃនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការចាប់អារម្មណ៍របស់អាស៊ានចំពោះស្ថានភាពតានតឹងតាមបណ្ដោយព្រំដែនរវាងកម្ពុជា និងថៃ។ ការសហការនេះក៏ជាសញ្ញាបង្ហាញពីការប្តេជ្ញារបស់កម្ពុជាក្នុងការរក្សាសន្តិភាព និងដោះស្រាយបញ្ហាតាមផ្លូវសន្តិវិធី។

ភាគីកម្ពុជាបានបញ្ជាក់ថា ការបាញ់ប្រហារទាំងនេះជាហេតុការណ៍មិនអាចទទួលយកបាន ហើយជាទង្វើខុសច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិ ហើយផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។

ជាមួយគ្នានេះដែរ កម្ពុជាសូមអោយភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។យ៉ាងណាមិញកម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ៕

 

ប្រភព៖ ក្រសួងការពារជាតិ