
នារសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ចំនួន២៨រូប មកសម្ដែងការគួរសមនិងទទួលអនុសាសន៍ណែនាំនៅទីស្តីការក្រសួងកិច្ចការនារី។
លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរជូនចំពោះនិស្សិតទាំងអស់ ជាជ័យលាភីទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ដែលជាអាហារូបករណ៍ដ៏ប្រកួតប្រជែងមួយព្រមទាំងវាយតម្លៃខ្ពស់លើមុខជំនាញនិស្សិតទាំងអស់បានជ្រើសរើសដែលសុទ្ធតែជាមុខជំនាញមានសក្តានុពលនិងមានតម្រូវការខ្ពស់នៅក្នុងប្រទេស។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវកិត្តិបណ្ឌិតក៏បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹងនិងជំនាញវិជ្ជាជីវៈដើម្បីអាចរួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិពេលត្រឡប់មកមាតុភូមិវិញ។
ទន្ទឹមនឹងនេះ លោកជំទាវក៏បានក្រែនរំលឹកដល់និស្សិតទាំងអស់ក្នុងការរក្សាទំនាក់ទំនងនិងសាមគ្គីភាពក្នុងអំឡុងពេលបំពេញការសិក្សាក៏ដូចជាតួនាទីជាអ្នកកាទូតតំណាងប្រទេសលើឆាកអន្តរជាតិដែលគប្បីគួរផ្សព្វផ្សាយសិល្បៈ វប្បធម៌ អរិយ្យធម៌ ប្រពៃណី និងទំនៀមទម្លាប់កម្ពុជាទៅកាន់មិត្តបរទេស។
អត្ថបទ៖ ជួន សុធា