ព្រឹកថ្ងៃចន្ទ័ ទី០៦ ខែតុលា ឆ្នាំ២០២៥ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅសាលប្រជុំជាន់ផ្ទាល់ដីអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខរក្សាសណ្ដាប់ធ្នាប់និងសង្គ្រោះបន្ទាន់ជូនឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូក្រុមការងារកងស្វ័យការពារជើងគោកជប៉ុនគណៈប្រតិភូកងទ័ពលម្ហអាកាសរុស្សីនិងការចូលសំចតរបស់នាវាកងទ័ពជើងទឹកអូស្ត្រាលី HMAS Ballarat នាវាកងទ័ពជើងទឹកចិន PLAN 83 និងPLAN 988។គណៈប្រតិភូក្រុមការងារកងស្វ័យការពារជើងគោកជប៉ុនដឹកនាំដោយ ឧត្តមសេនីយ៍ទោ សួសុីណាហ្គា ម៉ាសាណូរី អគ្គនាយកអគ្គនាយកដ្ឋាន កម្មវិធីគោលនយោបាយកងស្វ័យការពារជើងគោកជប៉ុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារលើកទី២(2nd RCA-JGSDF SWG MEETING) និងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៦-៩ ខែតុលា ឆ្នាំ២០២៥។

ចាប់ពីថ្ងៃទី៧-១១ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូកងទ័ពលម្ហអាកាសរុស្សីដឹកនាំដោយឧត្តមសេនីយ៍ឯក Gleb EREMINប្រធានសាលាបណ្ឌិត្យសភាយោធាកលយុទ្ធការពារអាកាសនៃក្រសួងការពារប្រទេសរុស្សីនឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានិងពិភាក្សាការងារអំពីទស្សនៈវិស័យការពារអាកាស។ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសកុំមិនវែលដូមីនីកនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីកុំមិនវែលដូមីនីកនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨-១០ ខែតុលា ឆ្នាំ២០២៥។នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនេះគណៈប្រតិភូជាន់ខ្ពស់នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជានិងកិច្ចប្រជុំទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាពផងដែរ។

នៅថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៥នាវាHMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលីនឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងទស្សនកិច្ចនៅខេត្តព្រះសីហនុនិងរាជធានីភ្នំពេញ។ចំណែកឯនាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿង(PLAN 83 និងPLAN 988) ក៏នឹងត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី១០-១៤ ខែតុលាឆ្នាំ២០២៥ខាងមុខនេះហើយគណៈប្រតិភូនឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុហើយនាយទាហាននិងនាវិកកងទ័ពជើងទឹកចិននឹងចូលរួមសកម្មភាពវប្បធម៌កីឡាទស្សនាទីក្រុងព្រះសីហនុក្រុងភ្នំពេញព្រះបរមរាជវាំងសារមន្ទីរជាតិផ្សារអុីអន1 គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របញ្ជាការដ្ឋានកោះឆ្នេរនិងអង្គភាពយោធានានា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរងស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២និងបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ផងដែរ។
ប្រភព៖ ទទក