សត្វ ទោចគឺជាប្រភេទសត្វពានរដែលស្ថិតនៅក្នុងអំបូរហើយត្រូវបានគេចាត់ទុកជាសត្វស្វាគ្មានកន្ទុយតូចជាងគេ សត្វទោចមានលក្ខណៈពិសេសប្លែកពីគេដែលធ្វើឱ្យពួកវាជាសត្វដ៏អស្ចារ្យនៅក្នុងព្រៃត្រូពិច។ កម្ពុជាមានទោចម្កុដប្រមាណ ៣៥០០០ក្បាលធ្វើឱ្យកម្ពុជាជាប្រទេសដែលមានប្រភេទសត្វកម្រជិតផុតពូជនេះច្រើនជាងគេនៅលើពិភពលោក

ទោចម្កុដគឺជាប្រភេទសត្វកម្រនិងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទរងគ្រោះជិតផុតពូជនៅលើពិភពលោក និងត្រូវបានចាត់ថ្នាក់ក្នុងឧបសម្ព័ន្ធ១ នៃអនុសញ្ញា CITESទោចម្កុដនេះមានដើមកំណើតនៅក្នុងប្រទេសកម្ពុជា ឡាវ យោងតាមអង្គការIUCN តាមការប៉ាន់ស្មាន ទោចម្កុដទូទាំងពិភពលោកមានប្រមាណជាង ៦៥ ០០០ ក្បាលដែលក្នុងនោះកម្ពុជាត្រូវបានគេជឿថាមានវត្តមានទោចម្កុដច្រើនជាងគេមានចំនួនប្រមាណ ៣៥ ០០០ ក្បាលដែលកំពុងរស់នៅក្នុងតំបន់ព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោងក្នុងតំបន់ការពារធម្មជាតិកម្ពុជាជាពិសេសតំបន់ជួរភ្នំក្រវ៉ាញ។

ទោចម្កុដងាយស្រួលចំណាំថាជាទោចញី ឬទោចឈ្មោលដោយធ្វើការសម្គាល់ទោចញីមានពណ៌ស និងមានកាតឹបក្បាលនិងទ្រូងមានពណ៌ខ្មៅ រីឯទោចឈ្មោលមានពណ៌ខ្មៅនៅពេលវាមានអាយុ៣ទៅ ៤ ឆ្នាំលើកលែងតែដៃជើងនិងរោមជុំវិញប្រដាប់បន្តពូជមានពណ៌សផ្ទៃមុខទោចញីនិងឈ្មោលមានពណ៌ខ្មៅនិងមានរោមពណ៌សដុះព័ទ្ធជុំវិញមុខរហូតដល់ត្រចៀកដូចគ្នា។ចំណែកកូនទើបកើតមានពណ៌ប្រផេះស្រាលនៅពេលវាអាយុ៤ ឬ ៥ខែមានដុះចេញនូវដុំខ្មៅពីរដុំដែលមួយដុំលើក្បាលរាងដូចម្កុដនិងដុំមួយទៀតនៅលើទ្រូងទោចញីប្រែពណ៌នៅពេលវាមានអាយុ២ ឬ ៣ ឆ្នាំហើយក្រោយមកប្រែពណ៌ទៅជាត្នោតភ្លឺវិញនៅពេលវាពេញវ័យដោយមានដុំខ្មៅរាងត្រីកោណនៅលើទ្រូងនិងម្កុដពណ៌ខ្មៅលើក្បាលទោចម្កុដមានដៃវែងៗនិងគ្មានកន្ទុយទេ។

ទោចម្កុដត្រូវបានប្រទះឃើញនៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោងជារួមវារស់នៅជាក្រុមតូចៗពី ២ទៅ ៥ ក្បាលរួមមានមេបានិងកូន។ទោចពេញវ័យចាប់ពីអាយុ ៦ ឆ្នាំទៅពួកវាចំណាយពេលជាច្រើនម៉ោងនៅលើដើមឈើខ្ពស់ៗ ហើយជារឿយៗ វាតែងតែហក់លោកពីមែកឈើមួយទៅមែកឈើមួយនៅពេលព្រឹក អាហាររបស់វារួមមានផ្លែឈើគ្រប់ប្រភេទស្លឹកឈើផ្កានិងសត្វល្អិត។ ទោចញីបង្កើតកូនបានតែមួយគត់បន្ទាប់ពីពរពោះរយៈពេល ២១០ ថ្ងៃ។ចន្លោះកូនពីមួយទៅមួយមានរយៈពេល២ ទៅ ៣ ឆ្នាំ ទោចម្កុដញីនិងឈ្មោលនៃក្រុមនីមួយៗចូលចិត្តបន្លឺស្ទើរសំឡេងព្រមៗគ្នានៅពេលព្រឹកដើម្បីគ្រប់គ្រងដែនព្រៃរៀងៗខ្លួនហើយសំឡេងដែលបន្លឺឡើងអាចឮក្នុងរយៈចម្ងាយពី១ ទៅ ២ គីឡូម៉ែត្រ។ លក្ខណៈពិសេសរបស់ទោចម្កុដជាសត្វប្រកាន់ដៃគូស្មោះត្រង់នឹងដៃគូរស់នៅជាគ្រួសារហើយជាសត្វមិនបង្ករគ្រោះថ្នាក់ដល់មនុស្សឡើយ។ 

ទោចម្កុដបាននិងកំពុងប្រឈមនឹងការគំរាមកំហែង បាត់បង់ដោយសារតែការបរបាញ់ ដាក់អន្ទាក់ ការធ្វើអាជីវកម្មនិងការបាត់បង់ជម្រក ក្រុមអភិរក្សនិងមន្ត្រីអនុវត្តច្បាប់បានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសជូញដូរសត្វព្រៃទាំងនេះ។

មិនតែប៉ុណ្ណោះសត្វទោចក៏ជាផ្នែកមួយដ៏សំខាន់នៃជីវៈចម្រុះរបស់កម្ពុជានិងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបាចគ្រាប់ពូជនៅក្នុងព្រៃដែល ដូច្នេះការការពារពួកវាក៏ដូចជាការការពារព្រៃឈើទាំងមូលផងដែរ។

 

 

 

អត្ថបទ៖ ជួន សុធា