ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងនៅថ្ងៃទី១៣តុលា នេះថា ព្យុះទី២៣ឈ្មោះ ណាគ្រី បានវិវត្តទៅជាព្យុះសង្ឃរាដែលមានទីតាំងនៅ មហាសមុទ្រប៉ាស៊ីហ្វិកខាងលិចប៉ុន្តែមានឥទ្ធិពលខ្សោយមកលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែនសមុទ្រកម្ពុជា អាងទន្លេមេគង្គសមុទ្រចិនខាងត្បូង ប៉ុន្តែគន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

 

យ៉ាងណាក៏ដោយចំហាយនៃព្យុះនេះបានធ្វើអោយមានភ្លៀងនិងខ្យល់កន្ត្រាក់នៅតំបន់ខ្ពង់រាប តំបន់វាលទំនាបនិងតំបន់មាត់សមុទ្របង្កអោយមានរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។

តែទោះជាយ៉ាងនេះក្តីស្ថានភាពអាកាសធាតុបែបនេះនឹងធ្វើឱ្យគ្រប់កំពស់ទឹកនៅគ្រប់ស្ថានីយ៍ជលសាស្ត្រ ចាប់ពីផ្នែកខាងលើរហូតមកដល់ផ្នែកខាងក្រោមប្រទេសកម្ពុជាដោយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥បានចាប់ផ្តើមស្រកវិញហើយ។ ដូចជាស្ថានីយ៍ជលសាស្ត្រស្ទឹងត្រែងបានស្រកពី៧ម៉ែត្រ៩៨ មកនៅត្រឹម៧ម៉ែត្រ៨៣ ស្ថានីយ៍ជលសាស្ត្រក្រចេះបានស្រកពី១៨ម៉ែត្រ៧៥ មកនៅត្រឹម១៨ម៉ែត្រ៣៦ ស្ថានីយ៍ជលសាស្ត្រកំពង់ចាមបានស្រកពី១២ម៉ែត្រ៩៧ មកនៅត្រឹម១២ម៉ែត្រ៦៦ ស្ថានីយ៍ជលសាស្ត្រព្រែកក្តាមបានស្រកពី៨ម៉ែត្រ៥៦ មកនៅត្រឹម៨ម៉ែត្រ៤៨ ស្ថានីយ៍ជលសាស្ត្រចតុមុខ បានស្រកពី៩ម៉ែត្រ៣៩ មកនៅត្រឹម៩ម៉ែត្រ២៥ ស្ថានីយ៍ជលសាស្ត្រកោះខែលបានស្រកពី៧ម៉ែត្រ៧៥ មកនៅត្រឹម៧ម៉ែត្រ៦៧ និង ស្ថានីយ៍ជលសាស្ត្រអ្នកលឿងបានស្រកពី៦ម៉ែត្រ៨០ មកនៅត្រឹម៦ម៉ែត្រ៧១។

ដំណឹងនេះគឺជាការឆ្លើយតបចំពោះក្តីបារម្ភរបស់ប្រជាពលរដ្ឋខណៈមួយរយះចុងក្រោយនេះកំពស់ទឹកទន្លេមេគង្គបានហក់ឡើងជាបន្តបន្ទាប់៕

ប្រភព៖ ក្រសួងព័ត៌មាន